អន្តរជាតិ
នយោបាយអន្តរជាតិ
អតីតតារាកំប្លែងជាប់ឆ្នោតជាប្រធានាធិបតីក្វាតេម៉ាឡា
× អតីតតារាកំប្លែងទូរទស្សន៍មួយរូប ទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងបោះឆ្នោតប្រធានាធិបតីនៅក្វាតេម៉ាឡា កាលពីថ្ងៃអាទិត្យ។ លោក Jimmy Morales មានអាយុ៤៦ឆ្នាំ នឹងក្លាយជាប្រធានាធិបតីថ្មី បន្ទាប់ពីទទួលបានសំឡេងគាំទ្រប្រហែល៧០ភាគរយ ស្របពេលដៃគួប្រជែងរបស់លោក អតីតស្ត្រីទី១ លោកស្រី Sandra Torresទទួលបានត្រឹម២៧.៦ភាគរយ។
អតីតតារាកំប្លែងលោក Jimmy Morales បានទទួលការគាំទ្រយ៉ាងលើសលប់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្នុងប្រទេសក្វាតេម៉ាឡា ដោយទទួលសន្លឹកឆ្នោតប្រហែល ៧០ភាគរយ។ នេះបញ្ជាក់ថា លោកបានផ្ដួលគូប្រជែងជាអតីតស្ត្រីទី១លោកស្រី Sandra Torres ក្នុងការបោះឆ្នោតជុំទី២។
លោក Moralesនិងលោកស្រីTorresជាបេក្ខជននាំមុខគេ២រូបក្នុងការបោះឆ្នោតជុំទី១កាលពីថ្ងៃទី៦ ខែកញ្ញាកន្លងទៅ។
ការបោះឆ្នោតនេះបានធ្វើឡើង ក្រោយការលាចេញពីតំណែងរបស់អតីតប្រធានាធិបតីលោក Otto Perez ព្រោះ រឿងអាស្រូវពុករលួយ។ រឿងក្តីនេះកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ដើម្បីឈានទៅកាត់ទោសអ្នកទទួលសំណូកជាច្រើនលានដុល្លារនេះ។
លោក Jimmy Moralesគឺជាអតីតតារាកំប្លែងដ៏មានប្រជាប្រិយភាព តែលោកគ្មានបទពិសោធន៍ទាល់តែសោះទាក់ទងរឿងនយោបាយ។ លោកតែងអះអាងថា លោកជាអ្នកនិយមកណ្ដាល ហើយជាមនុស្សស្អាតស្អំប្រឆាំងនឹងអំពើពុករលួយ។ ដោយសារគោលជំហរប្រឆាំងអំពើពុករលួយនេះហើយ ទើបនាំឱ្យលោកMoralesទទួលបានប្រជាប្រិយខ្ពស់លើសបេក្ខជនដទៃ។
យ៉ាងណាក៏ដោយ លោកMoralesក៏រងការរិះគន់ផងដែរ ដោយសារគោលនយោបាយប្លែករបស់គាត់។ ក្នុងយុទ្ធនាការរកសំឡេងឆ្នោត លោកបានសន្យាថា លោកនឹងផ្ដល់ទូរស័ព្ទអាយហ្វូនដល់សិស្ស និងភ្ជាប់ឧបករណ៏GPSដល់គ្រូបង្រៀនទាំងអស់ដើម្បីធានាថា ពួកគេមកបង្រៀនជានិច្ច៕
© រក្សាសិទ្ធិដោយ thmeythmey.com