ប្លែកៗ
អន្តរជាតិ
ឥណ្ឌា ៖ ស្ត្រីគ-ថ្លង់ម្នាក់រកឃើញក្រុមគ្រួសារវិញ ក្រោយពីវង្វេងនៅប៉ាគីស្ថានអស់ ១០ ឆ្នាំ
× ស្ត្រីគ-ថ្លង់ជនជាតិឥណ្ឌាម្នាក់បានត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញហើយ កាលពីថ្ងៃចន្ទនេះ ដើម្បីជួបជុំសមាជិកដែលនាងអះអាងថា ជាក្រុមគ្រួសាររបស់នាង បន្ទាប់ពីបានវង្វេងនៅប្រទេសប៉ាគីស្ថាន កាលពីជាង ១០ ឆ្នាំមុន។
ស្ត្រីវ័យក្មេងនេះដែលបច្ចុប្បន្នមានអាយុជាង ២០ ឆ្នាំត្រូវបានមណ្ឌលដែលទទួលនាងនៅប្រទេសប៉ាគីស្ថានដាក់ឈ្មោះថា Geeta ។ នៅពេលដែលនាងវង្វេងក្នុងប្រទេសនេះ នាងមិនអាចបញ្ជាក់ប្រាប់ពីអត្តសញ្ញាណ និងទីកន្លែងដែលនាងមកបានទេ។ Geeta បានជិះរថភ្លើងតែម្នាក់ឯងពីឥណ្ឌាឆ្លងដែនចូលមកប៉ាគីស្ថាន ដោយគ្មានលិខិតឆ្លងដែនអ្វីទាំងអស់។ ក្រោយមក នាងត្រូវបានប្រគល់ទៅឲ្យមូលនិធិ Edhi នៅប៉ាគីស្ថាន ដោយស្នាក់នៅជាមួយគ្រួសារមួយនៃសមាជិកមូលនិធិនេះក្នុងទីក្រុង Karachi ។
១០ ឆ្នាំបន្ទាប់ពីការវង្វេងតែម្នាក់ឯងនៅក្នុងទឹកដីថ្មី ដំណើរនៃការស្វែងរកគ្រួសាររបស់នាងមានការវិវត្តទៅមុខ នៅពេលមានការចាក់បញ្ចាំងភាពយន្ត Bollywood មួយកាលពីខែសីហាកន្លងទៅនេះ។ ភាពយន្តនោះយកលំនាំតាមជីវប្រវត្តិរបស់ Geeta ។ ភ្លាមៗនោះ រដ្ឋាភិបាលឥណ្ឌាបានសន្យាថា នឹងនាំនាងត្រឡប់ទៅទឹកដីកំណើតវិញ។ ក្រោយមក មានគ្រួសារជាច្រើនបានប្រកាសថា ជាសាច់ញាតិរបស់នាង ហើយនៅទីបំផុត នៅដើមខែតុលានេះ Geeta បានអះអាងថា រកឃើញគ្រួសារពិតប្រាកដរបស់នាងហើយ។
ទោះជាយ៉ាងណា គេត្រូវតែធ្វើតេស្ត DNA ជាមុនសិន មុននឹងប្រគល់ Geeta ទៅឲ្យគ្រួសារដែលនាងអះអាងថា ជាក្រុមគ្រួសារពិតប្រាកដរបស់នាង។ បើសិនជាលទ្ធផលបង្ហាញថា ក្រុមគ្រួសារនោះគ្មានទំនាក់ទំនងសាច់ឈាមទេ នាងនឹងត្រូវប្រគល់ទៅឲ្យស្ថាប័នមួយនៅប្រទេសឥណ្ឌា៕
© រក្សាសិទ្ធិដោយ thmeythmey.com