អន្តរជាតិ
របបសឹកថៃដែលស្និទ្ធជាមួយចិន ស្ទាក់ស្ទើរក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់អាមេរិក
× កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលដឹកនាំដោយសហរដ្ឋអារិក បានក្លាយជាប្រធានមួយដែលត្រូវបានគេជជែកច្រើនក្រោយពីភាគីទាំង១២ បានចុះហត្ថលេខាទទួលកិច្ចព្រមព្រៀងលើកដំបូងកាលពីថ្មីនេះ។ ខណៈមានរដ្ឋអាស៊ានដូចជាព្រុយណេ សិង្ហបុរី វៀតណាម និង ម៉ាឡេស៊ី បានក្លាយជាសមាជិកហើយនោះ ថៃដែលបច្ចុប្បន្ន កំពុងគ្រប់គ្រងដោយរបបសឹកនោះ កំពុងមានការស្ទើរស្ទាក់ខ្លាំង ដ្បិតកិច្ចព្រមព្រៀងនេះ អាចប៉ះពាល់កិច្ចព្រមព្រៀងមួយចំនួនដែលកំពុងមានជាមួយនឹងចិនស្រាប់។
សូមស្ដាប់ព័ត៌មានលម្អិត៖
កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា ថៃ នឹងពិចារណាឲ្យបានហ្មត់ចត់ចំពោះការចុះកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលដឹកនាំដោយរដ្ឋាភិបាលអាមេរិក។ លោក អះអាងបែបនេះ ដោយសារតែបច្ចុប្បន្ន ថៃ កំពុងតែចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនដែលជាដៃគូដ៏ធំរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។
១. តើកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិកមានន័យចំពោះភាគី
កាលពីថ្ងៃទី០៥ ខែតុលា សហរដ្ឋអាមេរិក និង រដ្ឋប៉ាស៊ីហ្វិក១១ផ្សេងទៀត បានសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកជាប្រវត្តិសាស្ត្រមួយដែលបានចរចាដោយសម្ងាត់អស់រយៈជាងប្រាំឆ្នាំមកហើយនោះ។ កិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប៉ាស៊ីហ្វិកកាន់តែធំនិងធ្វើឲ្យមានបទដ្ឋានពាណិជ្ជម្មរួមនៅក្នុងតំបន់ប៉ាស៊ីហ្វិក។កិច្ចព្រមព្រៀងនេះ នឹងផ្តោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ការលុបបំបាត់របាំងពន្ធគយលើទំនិញរាប់ម៉ឺនមុខ ការកំណត់បទដ្ឋានពលកម្មនិងបរិស្ថាន និង ការការពារកម្មសិទ្ធិបញ្ញាផងដែរ។ កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក បានបង្កើតឡើងដើម្បីជំរុញ និង បង្កើននូវពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក អូស្ត្រាលី ព្រុយណេ កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលហ្សេឡង់ ប៉េរូ សិង្ហបុរី និង វៀតណាម។
តែសម្រាប់រដ្ឋាភិបាលរបបសឹក ហាក់ដូចជាមិនសូវចាប់អារម្មណ៍ជាមួយនឹងកិច្ចព្រមព្រៀងនេះ ប៉ុន្មាន នោះទេ។
២. អ្វីដែលជំរុញឲ្យរបបសឹកមានការស្ទាក់ស្ទើរខ្លាំង?
តាមពិតទៅ សម្រាប់ការចូលរួមសមាជិកនៃកិច្ចព្រមព្រៀងនេះ លោកប្រាយុទ្ធ មិនបានប្រកែកដាច់ ខាតនោះទេ គ្រាន់តែពេលនេះ រដ្ឋាភិបាលរបបសឹកទាមទារឲ្យមានការសិក្សាឲ្យច្បាស់ ព្រោះ វាអាច ប៉ះពាល់ដល់វិស័យឯកជនច្រើន។ ហើយលោកថា ថៃនៅមានពេលសម្រេចចិត្តដល់ឆ្នាំ២០១៧ ជាពេលមួយនៃការជ្រើសរើសរដ្ឋាភិបាលថ្មី។ នេះ អាចមានន័យថា ក្រោមការគ្រប់គ្រងដោយរបបសឹក ថៃ មិនចូលរួមក្នុងកិច្ចព្រមព្រៀងនេះទេ។
យ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យថៃ មានការស្ទាក់ស្ទើរខ្លាំង ក៏ព្រោះតែបច្ចុប្បន្នក្នុងចំណោមរដ្ឋទាំង១២នៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក គឺថៃមានកិច្ចសហការជាមួយនឹងរដ្ឋចំនួន៩ហើយ លើកលែងតែអាមេរិក កាណាដា និង ម៉ិកស៊ិក។ មួយវិញទៀត នោះ ក៏ព្រោះតែថៃ ជាមួយនឹងរដ្ឋអាស៊ាន៩ផ្សេងទៀត កំពុងតែចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RECP) ជាមួយនឹងចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង ណូវែលហ្សេឡង់ ដែលមានទំហំស្មើ៣ពាន់លានដុល្លាសហរដ្ឋអាមេរិក។ ហើយ បើថៃ បន្តចូលកិច្ចព្រមព្រៀង ដែលដឹកនាំដោយអាមេរិកទៀត នោះ នឹងធ្វើឲ្យមានការប៉ះពាល់គ្នារវាងកិច្ចព្រមព្រៀងជាមួយនឹងចិន និង អាមេរិក។
៣. គោលនយោបាយការបរទេសរបបសឹក មិនសូវចូលចិត្តអាមេរិក?
តាមពិតទៅកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក មិនមែនគ្រាន់តែជំរុញឲ្យមានកិច្ចសហប្រតិបត្តិ ការពាណិជ្ជកម្មល្អរវាងសមាជិកទាំងអស់នោះទេ តែវា នឹងជួយឲ្យអាមេរិក អាចរឹតចំណងជាមួយនឹង សម្ពន្ធ័មិត្តរបស់ខ្លួនតាមកិច្ចព្រមព្រៀងនេះដែរ។ ដោយឡែក បើគេក្រឡេកមើលគោលនយោបាយ ការបរទេសថៃ ក្រោយរដ្ឋប្រហារថ្ងៃទី២២ ឧសភា នោះគេឃើញថា ថៃបានងាកខ្លាំងទៅរកចិនទាំង ផ្នែកពាណិជ្ជកម្ម និង គោលនយោបាយការបរទេស។ ហើយគេក៏មិនអាចប្រកែកបានថា ដោយសារតែ អាមេរិក បានរិះគន់របបសឹកខ្លាំងៗ ដ្បិតបំពានទៅនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលជាអ្វីដែលអាមេរិកចង់បាន៕
© រក្សាសិទ្ធិដោយ thmeythmey.com