អន្តរជាតិ
យ៉ាងហោច៦០នាក់ស្លាប់ព្រោះរញ្ជួយដីកម្រិត៧.៥រ៉ិចទ័នៅអាស៊ីខាង​ត្បូង
26, Oct 2015 , 6:41 pm        
រូបភាព
ដោយ: ថ្មីៗ
រញ្ជួយដី​កម្រិត​៧.៥ រ៉ិចទ័របាន​សម្លាប់​មនុស្សយ៉ាងហោចណាស់​៤០នាក់នៅ​ក្នុងប្រទេស​ប៉ាគីស្ថាន ២០នាក់​ផ្សេងទៀតនៅ​អាហ្វហ្កានីស្ថាន និង​បណ្តាល​ឲ្យ​មនុស្ស​រាប់​រយនាក់​ទៀត​រងរបួស​។​ រលក​រញ្ជួយដ៏ខ្លាំង​ក្លានេះក៏​មាន​ឥទ្ធិពលដល់​ឥណ្ឌា​ផងដែរ។ នេះបើ​យោង​តាម​សារព័ត៌មាន​ BBC។


មនុស្ស​យ៉ាង​ហោចណាស់​៦០នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​កម្រិត ៧.៥ រ៉ិចទ័រ នៅក្នុង​តំបន់​អាស៊ីខាងត្បូួងនៅ​ថ្ងៃ​ចន្ទនេះ។ មនុស្ស​យ៉ាងហោច​ណាស់​៤០ នោះ​ជាជន​ជាតិ​ប៉ាគីស្ថាន ហើយជន​រងគ្រោះ២០​នាក់ផ្សេង​ទៀត​នោះ​ស្ថិតនៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្កានីស្ថាន។ បើតាម​ព័ត៌មាន​ដែលផ្តល់​ដោយ​អាជ្ញាធរ​តំបន់ រលក​រញ្ជួយ​មហិមារ​នេះ​ក៏​មាន​ឥទ្ធិល​ដល់តំបន់​មួយចំនួន​នៃ​ប្រទេសឥណ្ឌាផងដែរ។ មនុស្ស​រាប់​រយ​នាក់ផ្សេងទៀត​ត្រូវ​បានគេ​រាយការណ៍​បានរង​របួស​ដោយសារ​គ្រោះរញ្ជួ​យដី​នេះ​ដែរ។

គ្រោះ​មហន្តរាយ​រញ្ជួ​យដីដ៏ខ្លាំងក្លានេះ វាយប្រហារ​តំបន់​ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន និងខេត្ត Punjab ហើយ​គេ​ឃើញ​អាគារ​និងសំណង់​ផ្សេងទៀតជាច្រើន​បាក់​ខ្ទេចខ្ទី​ក្រោយ​ការរញ្ជួយដី។ ចំណែក​​នៅអាហ្វហ្កានីស្ថាន​ឯណោះវិញ​រលក​រញ្ជួ​យនេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​តំបន់​ភ្នំ Hindu Kush និង Feyzabad ផងដែរ។  បើតាមសម្តីមន្ត្រី សិស្សសាលាជាច្រើន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅអាហ្វហ្កានីស្ថាន ស្របពេលដែល​ពួកគេ​កំពុង​រត់​គេចខ្លួន​ពីគ្រោះ​ថ្នាក់​ដែលបង្ក​ឡើងដោយ​គ្រោះ​មហន្តរាយរញ្ជួយ​ដី​នេះ​។ ប៉ុន្តែគេ​មិនទាន់​បាន​ទទួល​របាយការណ៍​ជាក់​ច្បាស់​ជុំវិញ​តួរលេខ​អ្នក​ស្លាប់​និង​អ្នក​របួស​នៅឡើយ​ទេ។

សូមរម្លឹក​ថា ករណី​រញ្ជួ​យដី​កម្រិត​ ៧.៥ ​ពេលនេះ ក្លាយជា​​គ្រោះ​មហន្តរាយ​ធម្ម​ជាតិ​ធ្ងន់​ធ្ងរ​ទី​២នៅ អាស៊ីខាងត្បូងបន្ទាប់​ពី មានគ្រោះ​មហន្តរាយ​រញ្ជួ​យដី​នៅណេប៉ាល់ កាលពី​ដើម​ឆ្នាំ​២០១៥​នេះ ដែល​សម្លាប់​មនុស្ស​ជិត​១ម៉ឺននាក់​៕​​ 




Tag:
 រញ្ជួយដី
 ប៉ាគីស្ថាន
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com