អន្តរជាតិ
លោក ហូឡង់ អំពាវនាវឲ្យកម្ពុជាប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនាក្នុង«ក្របខណ្ឌដែលស្ងប់»
× ក្រុងប៉ារីស៖ នៅថ្ងៃចន្ទ ម្សិលមិញ ប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ បានលើកទឹកចិត្តនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ឲ្យបន្តវប្បធម៌សន្ទនាជាមួយគ្រប់គណបក្សនយោបាយ ដោយផ្អែកលើកិច្ចព្រមព្រៀងខែកក្កដា ឆ្នាំ២០១៤ ។ លោកហូឡង់ក៏បានថ្លែងអំណរគុណលោកហ៊ុន សែន ផងដែរ ដែលបានបញ្ជូនកងទ័ពឲ្យទៅចូលរួមបេសកកម្មអង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព នៅតាមបណ្តាប្រទេសដូចជា អាហ្វ្រិកកណ្តាល ម៉ាលី រឺក៏លីបង់ជាដើម។
ក្នុងជំនួប ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ប្រធានាធិបតីបារាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃវប្បធម៌សន្ទនានយោបាយ រវាងគ្រប់គណបក្សនយោបាយនៅកម្ពុជា ក្នុងក្របខណ្ឌដែលស្ងប់ ពោលគឺចៀសផុតពីភាពតានតឹង ពីអារម្មណ៍តានតឹង។ រដ្ឋាភិបាលបារាំង ក៏បានលើកឡើងពីបំណងបារាំងក្នុងការជ្រោមជ្រែង កម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ ក្នុងក្របខណ្ឌនៃការគោរពសិទ្ធិមនុស្សផងដែរ។
ការអំពាវនាវ នេះធ្វើឡើងស្របពេលកម្ពុជាកំពុងជួបភាពតានតឹងនយោបាយ។ ទន្ទឹមនេះដែរ រដ្ឋាភិបាលបារាំងតែងមានប្រពៃណីទំនៀមទម្លាប់លើកឡើងពីជំហរនៃការគោរពសិទ្ធិមនុស្ស ពីស្ថានភាពតានតឹងនយោបាយ ពេលដែលមានជំនួបជាមួយតំណាងរដ្ឋាភិបាល រឺបក្សនយោបាយណាមួយ មកពីបណ្តាប្រទេសដែលកំពុងមានភាពតានតឹងនយោបាយ។ មុនជំនួបរវាងលោកហូឡង់ ជាមួយលោកហ៊ុន សែន បណ្តាអង្គការសិទ្ធិមនុស្សដូចជា ADHOC, LICADHO និងសម្ព័ន្ធសិទ្ធិមនុស្សនៅបារាំង បានសរសេរលិខិតផ្ញើទៅលោកហូឡង់ បរិហារពីបញ្ហានៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លើសពីនេះ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅ មុនលោកហ៊ុន សែន មកដល់ក្រុងប៉ារីស ប្រជាជនខ្មែរមួយចំនួនដែលរស់នៅស្រុកបារាំងបាននាំគ្នាធ្វើបាតុកម្ម ទាមទារឲ្យលោកហ៊ុន សែន ចុះពីអំណាច។
បារាំងនិងកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ក្នុងនោះមានកិច្ចព្រមព្រៀងរវាងកម្ពុជា ជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD។ គួរបញ្ជាក់ថា បារាំងជាប្រទេសផ្តល់ជំនួយទ្វេភាគីលំដាប់ទី២ដល់កម្ពុជា។ ដោយឡែក នៅចុងខែវិច្ឆិកាខាងមុខ បារាំងនឹងរៀបចំសន្និសីទអន្តរជាតិស្តីពីបញ្ហាអាកាសធាតុ។ លោកហូឡង់ បានលើកឡើងថា កម្ពុជាក៏ជាប្រទេសដែលរងការប៉ះពាល់ពីការកើនសីតុណ្ហភាពភពផែនដីផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com