ជាតិ
សង្គមជាតិ
អ្នកនយោបាយ អ្នកចម្រៀង តួកុន និង​កីឡាករល្បីៗ បាន​មកលេង​អង្គរវត្ត
27, Oct 2015 , 4:23 pm        
រូបភាព
សៀមរាប៖ អាជ្ញាធរ​អះអាងថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​ប្រាសាទអង្គរវត្ត មាន​កំណើន​ជា​លំដាប់។ ក្នុងនោះ​រាប់ទាំង​ភ្ញៀវទេសចរ​ទូទៅ អង្គរវត្ត ក៏​ទទួល​បានការ​ទស្សនា​ពី​ឥស្សរជនល្បីៗផងដែរ ក្នុងនោះ​មាន​ទាំង​អ្នកនយោបាយ តារាចម្រៀង តារាភាពយន្ត និង​កីឡាករ​បាល់ទាត់​ជាដើម។



វត្តមាន​របស់​ឥស្សរជនល្បីៗមកលើ​ទឹកដី​ប្រាសាទអង្គរវត្ត ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​ពិភពលោក កាន់តែ​ស្គាល់​ច្បាស់ ពី​តំបន់​រមណីយដ្ឋាន​មួយ​នេះ។ ចង់​មិន​ចង់ វា​ពិតជា​បាន​ផ្សព្វផ្សាយ ដល់​ភ្ញៀវទេសចរ ដែល​ពុំទាន់​បាន​ស្គាល់ និង​ឃើញ​ប្រាសាទអង្គរវត្ត ឲ្យ​មានការ​ចាប់អារម្មណ៍​ដ​ល់​ប្រាសាទ​ដែលមាន​វ័យ​ចំណាស់​មួយ​នេះ។ 

មន្ត្រី​នៃ​អាជ្ញាធរ​អប្សរា និយាយ​ក្នុងន័យ​មិន​សង្ស័យថា វត្តមាន​របស់​ឥស្សរជនសំខាន់ៗមកលើ​ទឹកដី​អង្គរវត្ត បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន​លើសលប់។ ត្រង់ចំណុច​នេះ លោក ឡុង កុសល ចង់​បញ្ជាក់ថា ភ្ញៀវទេសចរ​ច្រើន​បាន​ស្គាល់​ប្រាសាទអង្គរវត្ត តាមរយៈ​ការមកដល់​របស់​ឥស្សរជនសំខាន់ៗទាំងនោះ។

ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល បានលើកឡើង​ពី​វត្តមាន​ជនល្បីៗ ដែល​បានមក​ទស្សនា​ប្រាសាទអង្គរវត្ត​មាន​នាពេល​កន្លងមក ដែល​ក្នុងនោះ​រួមមាន ភរិយា​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក John F. Kennedy នៅ​ឆ្នាំ១៩៦៧ ហើយ​ជា​បន្តបន្ទាប់​មាន​ថ្នាក់ដឹកនាំ​ប្រទេស និង​ឥស្សរជន​នយោបាយ​ជាច្រើន​ថែមទៀត។ លោក ឡុង កុសល បាន​រម្លឹក​ពី​វត្តមានថ្មីៗរបស់​ស្ត្រី​ទីមួយ​របស់​សហរដ្ឋអាមេរិក លោកស្រី Michelle Obama តារាចម្រៀង Beyonce និង​ស្វាមី  កីឡាករ​បាល់ទាត់ David Beckham និង​តារាភាពយន្ត​ហូលីវូដ លោកស្រី Angelina Jolie ជាដើម ហើយ​បច្ចុប្បន្ន​លោកស្រី​កំពុងមាន​វត្ត​មាននៅ​ខេត្តសៀមរាប ដើម្បី​ផលិត​ខ្សែភាពយន្ត។

លោក កុសល បន្ត​លើក​បន្ថែមថា៖« តាមពិតទៅ ប្រាសាទអង្គរវត្ត​មាន​ភាពល្បីល្បាញ​យូរ​មកហើយ ជាពិសេស​គឺ​ក្រោយ​កម្ពុជា​ទទួលបាន​ឯករាជ្យ ប៉ុន្តែ​នៅពេលនោះ​ចរន្ត​នៃ​ការផ្សព្វផ្សាយ​ផ្នែក​ទេសចរណ៍​មិនទាន់បាន​ល្អប្រសើរ»។ ដោយសារ​បច្ចុប្បន្ន​ការផ្សព្វផ្សាយ​ខាង​ទេសចរណ៍​មាន​ភាពទូលំទូលាយ ទើប​ធ្វើ​ឲ្យ​អ្នកទេសចរ​ជុំវិញ​សកលលោក ស្គាល់​អង្គរវត្ត។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក កុសល។

ពិតប្រាកដ​ណាស់ វត្តមាន​របស់​ជនល្បីៗមក​ទស្សនា​ប្រាសាទអង្គរវត្ត បាន​ឆ្លុះបញ្ចាំង​ចំណុច​វិជ្ជមាន​មួយចំនួន​របស់​កម្ពុជា។ ចំណុច​ទាំងនោះ​រួមមាន វា​បាន​ឆ្លុះបញ្ចាំង​ថា​កម្ពុជា ជាពិសេស​ខេត្តសៀមរាប មាន​ស្ថេរភាព សុវត្ថិភាព​គ្រប់គ្រាន់ សម្រាប់​ភ្ញៀវទេសចរ​គ្រប់រូប។ មួយទៀត គឺ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ​នៅលើ​ពិភពលោក មិន​ត្រឹម​សម្រាប់តែ​ប្រទេស​នៅក្នុង​តំបន់​មួយចំនួន​នោះទេ។

គួរ​បញ្ជាក់ថា លោកស្រី Michelle Obama បានមក​បំពេញ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី នៅ​ខេត្តសៀមរាប​រយៈពេល៣ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២០ ដល់​ថ្ងៃទី២៣ មិនា ឆ្នាំ២០១៥ ។ ចំណែក​តារាចម្រៀង​ស្រី Beyonce និង​ស្វាមី  មក​ទស្សនា​អង្គរវត្ត​នៅ​ដើមខែ​មករា ឆ្នាំ២០១៥ ៕


© រក្សាសិទ្ធិដោយ thmeythmey.com