អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជម្លោះ​សមុទ្រ​ចិន​៖ ចិន​ព្រមាន​អាមេរិក​កុំ​បង្កបញ្ហា​ខណៈពេលដែល​គ្មាន​បញ្ហា​
27, Oct 2015 , 4:42 pm        
រូបភាព
ដោយ:
​មកទល់ពេលនេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង កំពុងតែ​ក្តៅក្រហាយ​ខ្លាំង​ជុំវិញ​ព័ត៌មាន​នៃ​ការបញ្ជូន​នាវាចម្បាំង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន​មក​ក្បែរ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ក្រោម​ក្របខណ្ឌ​នៃ​ច្បាប់​អន្តរជាតិ​។ ទោះជា​មិនទាន់មាន​វត្តមាន​នាវាចម្បាំង​អាមេរិក​មកដល់​តំបន់​ជម្លោះ​ក៏ដោយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ព្រមាន​ទុកជាមុន​ទៅកាន់​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន​ត្រូវ​ពិចារណា​យ៉ាងហោចណាស់​ឲ្យ​បាន​ពីរដង​មុន​នឹងធ្វើ​សកម្មភាព​ណាមួយ​របស់ខ្លួន​។



​នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី (Wang Yi) បានចេញ​ការព្រមាន​មួយ​ទៅកាន់​រដ្ឋាភិបាល​អា​មេ​រិ​កុំ​ឲ្យ​បង្កបញ្ហា​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ខណៈពេលដែល​គ្មាន​បញ្ហា​អ្វី​សោះ​បានកើត​ឡើង​។ នេះ​បើ​យោង​សារព័ត៌មាន​ជាតិចិន Xinhua​។

​រយៈពេល​ចុងក្រោយ​នេះ មាន​សារព័ត៌​អន្តរជាតិ​ជាច្រើន បាន​ចុះផ្សាយ​ពី​ការបញ្ជូន​នាវាចម្បាំង​របស់​អាមេរិក​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ស្ថិត​មិន​ឆ្ងាយ​ពី​តំបន់​កោះ​សិប្បនិម្មិត​របស់​ចិន ប៉ុន្មាន​នោះទេ​។ ក្នុងនោះ បើ​យោងតាម​សារព័ត៌មាន AFP ដែល​បាន​ទំនាក់ទំនង​ទៅកាន់​មន្ត្រី​អាមេរិក អាមេរិក​នឹង​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មែន ក៏ប៉ុន្តែ​មិនទាន់​ដឹង ពី​ពេល​មួយ​ពិតប្រាកដ​នោះទេ​។

​បើតាម​ការអះអាង​បន្ថែមទៀត​នោះ ព័ត៌មាន​នេះ គឺ​មិន​ខុស​នោះទេ​។ នោះ ក៏​ព្រោះតែ​រដ្ឋមន្ត្រី​ការពារ ជាតិ​អាមេរិក ក៏បាន​អះអាង​ជាមួយ​សម​ភាគី​របស់ខ្លួន​កាលពីពេល​ថ្មី​នេះ​ផងដែរ​ថា​អាមេរិក និង អូ​ស្ត្រា លី នឹង​សហការគ្នា​ក្នុង​ប្រតិបត្តិការ​នៃ​ការបញ្ជូន​នាវាចម្បាំង​មកកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ក្នុងស្ថានភាព​និង គ្រប់ពេលវេលា​ណាមួយ​ដែល​ចាំបាច់​។ ហើយ ប្រតិបត្តិការ​នេះ គឺ​ស្ថិតក្រោម​អំណាច​នៃ​ច្បាប់​អន្តរជាតិ ពោលគឺ​អន្តរាគមន៍​របស់​អាមេរិក​ធ្វើឡើង​ដើម្បី​ការពារ​សិទ្ធិ​ហោះហើរ និង​ការ​ចរាចរ​តាម​ដែនសមុទ្រ​អន្តរជាតិ​ដោយ​សេរី​។ កន្លងមក អាមេរិក បានចាត់ទុក​សកម្មភាព​សាង សង់​កោះ​សិប្បនិម្មិត​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ គឺ​បំពាន​ទៅនឹង​ច្បាប់​អន្តរជាតិ ហើយ​វា​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​អន្តរជាតិ​តាម​ដែនសមុទ្រ​ផងដែរ​។

​ឆ្លើយតប​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រីការបរទេស​ចិន បាន​ប្រតិកម្ម​តប​ថា រដ្ឋាភិបាល​ចិន កំពុងតែ​ត្រួតពិនិត្យ ស្ថានភាព​នេះ ថា​តើ​វា​ពិតប្រាកដ​ឬ​យ៉ាងណា​? តែ​សម្រាប់​លោក វ៉ាង បាន​អះអាងថា ប្រសិនបើ ព៌​ត័​មាន ពិតប្រាកដ​មែន​នោះ ចិន សូម​ផ្តល់នូវ​ការណែនាំ​មួយចំនួន​ទៅកាន់​អាមេរិក​សូម​ពិចារណា​ឲ្យ បាន​ពីរដង​មុន​ចេញ​សកម្មភាព​។ ហើយ លោក ក៏បាន​ព្រមាន​ទៅកាន់​អាមេរិក​សូមកុំ​ចេញ​សកម្មភាព​ទាំង​ងងឹតងងល់ និង កុំ​បង្កបញ្ហា​ដែល​មិនមែន​បញ្ហា​អ្វី​បាន​កើតឡើង​ទាល់តែ​នៅក្នុង​សមុទ្រ​ចិន​ខាង ត្បូង​។ បន្ថែម​ពីនេះ អគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​វ៉ា​ស៊ិន​តោន លោក  Zhu Haiquan ក៏​ច្រានចោល​ចំពោះ​ការ អះអាង​ពី​អន្តរាគមន៍​របស់​អាមេរិក​ដោយ​ស្របតាម​ច្បាប់​អន្តរជាតិ​គឺជា​គ្រាន់តែ​ជា​លេស​ដើម្បី​បម្រើ​ផល ប្រយោជន៍​ខ្លួន​តែប៉ុណ្ណោះ ។​

​បើ​ក្រឡេក​ទៅ​មើល​ស្ថានភាព​ឋ​ជម្លោះ​នេះ គេ​ឃើញថា បញ្ហា​នេះ កំពុងតែ​ស្ថិតក្នុង​ដំណាក់​ការ​នៃ ការចរចា​ក្រោម​ក្របខណ្ឌ​រវាង​អាស៊ាន និង​ចិន​ដែល​ភាគី​នៃ​ជម្លោះ​នេះ​ទេ​។ ភាគី​អាស៊ាន មានដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម​។ ដោយឡែក ប្រសិនបើ​អាមេរិក អាច​នឹង​ប​ញ្ជួ​ន​នាវា ចម្បាំង​មក​តំបន់​ជម្លោះ​នាពេលខាងមុខ​មែន​នោះ វា​មិនមែនជា​ដំណោះស្រាយ​មួយ​ដែលមាន​ប្រសិទ្ធ ភាព​ដើម្បី​បញ្ឈប់​សកម្មភាព​របស់​ចិន​នោះទេ​។ តែ​វា នឹង​បន្ថែម​ឲ្យ​បញ្ហា​កាន់តែ​តានតឹង​ដែល​ធ្វើ​ឲ្យ ចិន​យក​លេស​ដើម្បី​ដើរចេញ​ពី​ការចរចា​ក៏​ថា​បាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ពិបាក​សន្ម​ត់​ថា​តើ នឹងមាន​ការ ប្រឈមមុខ​បែបណា​ប្រសិន​អាមេរិក បញ្ជូន​នាវាចម្បាំង​មកកាន់​តំបន់​ដែល​ចិន​កំពុង​បញ្ឈរជើង​កងទ័ព ច្រើន ទោះបីជា​ចិន​បញ្ជាក់ថា​មិន​ប្រើ​កងកម្លាំង​ជា​ដំណោះស្រាយ​ចុងក្រោយ​ក៏ដោយ​៕


Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com