អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន ចិន និង​កូរ៉េខាងត្បូង នឹង​ជួបគ្នា​លើកដំបូង​ក្រោយ​ភាព​តានតឹង​ឆ្នាំ​២០១២
27, Oct 2015 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​មេដឹកនាំ ចិន ជប៉ុន និង​កូរ៉េខាងត្បូង នឹង​ជួបគ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​ត្រីភាគី​នៅឯ​ទីក្រុង​សេ​អ៊ូ​ល ស្រប​ពេលដែល​នាយករដ្ឋមន្ត្រី​ចិន​លោក លី ខឺ​ឈាង (Li Keqiang) នឹងធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង នា​ខែ​វិ​ច្ឆ​កា​ខាងមុខ​។ នេះ​គឺជា​ជំនួប​លើកដំបូង​ហើយ​រវាង​ប្រទេស​ទាំងបី បន្ទាប់ពី​ខកខាន​តាំងពី​ឆ្នាំ​២០១២​មក ដោយសារតែ​ការខ្វែងគំនិត​គ្នា​លើ​បញ្ហា​ប្រវត្តិសាស្ត្រ​កាលពី​សង្គ្រាមលោកលើកទី​២ ។



​លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​



​បន្ទាប់ពី​ខកខាន​អស់​រយៈពេល​បី​ឆ្នាំ ជំនួប​ត្រីភាគី ចិន ជប៉ុន​និង កូរ៉េខាងត្បូង​នឹង​ចាប់ផ្ដើម​ឡើងវិញ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​នៅ​ដើមខែ​វិច្ឆិកា​ខាងមុខនេះ​។ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃ​ណា​ពិតប្រាកដ​នៅឡើយ​នោះទេ ខណៈ​សារព័ត៌មាន​របស់​ជប៉ុន​ចុះផ្សាយ​ថា កិច្ចប្រជុំ​អាច​នឹងធ្វើ​នៅ​ថ្ងៃទី​១ ខែ​វិ​ច្ឆ​កា​។

​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នាយករដ្ឋមន្ត្រី​ចិន​លោក លី ខឺ​ឈាង នឹងធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​ចាប់ពី​ថ្ងៃទី​៣០​ខែតុលា​ដល់​ថ្ងៃទី​២ ខែ​វិ​ច្ឆ​កា ហើយ​លោក​នឹង​ជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ផាក ហ្គ​ន​ហេ (Park Geun-hye) នៅ​ថ្ងៃទី​៣១ តុលា​ផងដែរ​។ ចំណែកឯ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស្ហ៊ិ​ន​ហ្សូ អា​បេ (Shinzo Abe)  នៅ​មិនទាន់​កំណត់​ពេលវេលា​នៅឡើយ​ទេ​។  

​ជុំវិញ​បញ្ហា​នេះដែរ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ផាក ហ្គ​ន​ហេ បាន​អះអាងថា ជំនួប​នេះ​នឹង​ជួយ​ជម្រះ​រាល់​មន្ទិលសង្ស័យ​ជាមួយនឹង​ជប៉ុន ក៏ដូចជា​ការជំរុញ​ស្ថិរភាព​ក្នុង​តំបន់​។ រីឯ​មន្ត្រី​ក្រសួងការបរទេស​ចិន​វិញ ក៏បាន​លើកឡើង​ដែរ​ថា បញ្ហា​ប្រវត្តិសាស្ត្រ​និង សេដ្ឋកិច្ច​នឹងត្រូវ​លើក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​នេះដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា បញ្ហា​ប្រវត្តិសាស្ត្រ នៅតែ​ជា​ស្រមោល​បង្កឱ្យមាន​ភាពល្អ​ក់​កករ​ក្នុង​ទំនាក់ទំនង​រវាង​ជប៉ុន ចិន និង កូរ៉េខាងត្បូង​។ នោះ ក៏​ព្រោះតែ​ជប៉ុន​ហាក់​នៅមាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​ទទួលខុសត្រូវ​ចំពោះ​អំពើ​របស់ខ្លួន ដែល​បានធ្វើ​ទៅលើ​ប្រជាជន​ចិន​និង​កូរ៉េខាងត្បូង​កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ ។
​ជាពិសេស​នោះ គឺ​លើ​បញ្ហា​នៃ​ទាសភាព​ផ្លូវភេទ​ដែល​កង​ទាហាន​ជប៉ុន​បានធ្វើ​មកលើ​ស្ត្រី​ជនជាតិ​កូរ៉េ​និង​ចិន​កាលពី​សម័យ​សង្គ្រាមលោក​។

​អ្វីដែល​កត់សម្គាល់​នោះ  លោកនាយក​រដ្ឋមន្ត្រី​អា​បេ ធា្ល​ប់​បាន​ជួប​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង​២​ដង​រួចមកហើយ តែ​លោក មិន​ធា្ល​ប់​បាន​ជួបពិភាក្សា​ជាមួយ​លោកស្រី​ប្រ​ធានា ធិបតី​កូរ៉េខាងត្បូង ផាក ហ្គ​ន​ហេ នោះទេ ចាប់​តាំង​លោក​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០១២ ។

​សូម​រម្លឹក​បន្តិច​ថា ចាប់តាំងពី​ឆ្នាំ​២០០៨​មក ជំនួប​ត្រីភាគី តែងតែ​ធ្វើឡើង​ជាប្រចាំ​ឆ្នាំ​។ ក៏ប៉ុន្តែ ក្រោយពី​មាន​ភាពចម្រូងចម្រាស​លើ​បញ្ហា​ប្រវត្តិសាស្ត្រ និង ជម្លោះ​ដែន​អធិបតេយ្យ​កាលពី ឆ្នាំ​២០១២ កិច្ចប្រជុំ​នេះ​ត្រូវបាន​ពន្យារពេល​ជា​បន្តបន្ទាប់​៕


Tag:
 ជប៉ុន
  ចិន
  ​កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com