ជាតិ
សង្គមជាតិ
High season ចូលមកដល់តែចំនួនភ្ញៀវមិនទាន់ងើបនៅឡើយ
× សៀមរាប៖ High season ឫខែភ្ញៀវ បានចូលមកដល់ហើយសម្រាប់ខេត្តសៀមរាប។ យ៉ាងណា ចំនួនភ្ញៀវទេសចរ ហាក់នៅមានតិចតួចនៅឡើយ ជារួមចំនួននេះនៅមិនទាន់ងើបខ្លាំងនោះទេ បើប្រៀបនឹងឆ្នាំមុនៗ ។
នៅខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍លេខមួយរបស់កម្ពុជា ត្រូវគេចែកជាពីរខែ។ ទីមួយគឺខែសម្បូរភ្ញៀវ ឫហៅ High season។ ខែនេះជារដូវប្រាំង និងសម្បូរភ្ញៀវទេសចរច្រើន។ ទីពីរ ខែខ្សត់ភ្ញៀវ ឫហៅ Low season។ ខែនេះចូលដល់ខែវស្សា ហើយមានអ្នកទេសចរតិចតួចប៉ុណ្ណោះ ដែលនិយមដើរ។
មកដល់ចុងខែតុលានេះ ខែភ្ញៀវរបស់ខេត្តសៀមរាប បានចូលមកវិញហើយ។ ចូលតែរដូវកាល តែចំនួនភ្ញៀវត្រូវគេមើលឃើញថា មិនទាន់ចូលនោះទេ។ នៅតាមប្រាសាទ ឫតំបន់ទេសចរណ៍ខ្លះ ក្នុងខេត្តសៀមរាប ហាក់នៅស្ងប់ស្ងាត់នៅឡើយ។ ទាំងមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នករត់រ៉ឺម៉ក ខ្លះក៏បានដឹង និងខ្លះពុំបានដឹងពិតប្រាកដ ចំពោះមូលហេតុទាំងនេះទេ។
សម្រាប់លោក ប៉ឹក ថុល យល់ថា ខែភ្ញៀវគឺរាប់ចាប់ពីខែ សីហា ឫខែកញ្ញាមក។ យ៉ាងណាលោកមើលឃើញថា ភ្ញៀវទេសចរគិតត្រឹមខែតុលានេះ ខុសគ្នាស្រលះនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនៗ គឺនៅមានតិចតួចនៅឡើយ។ ទេសចរដែលលោក ថុល កត់សម្គាល់ថាមានចំនួនច្រើនជាងគេនៅខែនេះ គឺជនជាតិចិន ហើយទេសចរកូរ៉េ រៀងថមថយបន្តិច។ លោក ថុល ពន្យល់ពីមូលហេតុ យ៉ាងដូច្នេះថា៖« ទាក់ទងនឹងជំងឺនៅកូរ៉េខ្លះទៅ គួបផ្សំរឿងនៅព្រលានខ្មែរខ្លះ។ ទាក់ទងនឹងព្រលាននៅខ្មែរ ប៉ូលិសគាត់គាបយកលុយពីភ្ញៀវកូរ៉េពេក»។ ឆ្នាំទៅធ្លាក់បន្តិច តែឆ្នាំនេះ កាន់តែធ្លាក់ជាងឆ្នាំទៅទៀត។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ថុល មគ្គុទ្ទេសក៍ទេសចរណ៍ភាសាកូរ៉េ និងជាប្រធានសមាគមទ្រទ្រង់ក្តីសង្ឃឹម មគ្គុទ្ទេសក៍ភាសាកូរ៉េ។
«សម្រាប់ភ្ញៀវជប៉ុន ចាប់ពីខែ១១ទៅ នឹងឡើងមកវិញតិច»។ ក្នុងន័យនេះ មគ្គុទេសក៍ភាសាជប៉ុន លោក វ៉ាន់ដា ចង់បញ្ជាក់ថា នៅខែនេះលោកមិនទាន់មានភ្ញៀវច្រើនដូចគ្នា។ មិនត្រឹមតែភ្ញៀវជប៉ុនទេ ដែលលោក វ៉ាន់ដា កត់សម្គាល់ឃើញថា មានសកម្មភាពងើបឡើងបន្តិចបន្តួច ក្នុងនោះរាប់ទាំងភ្ញៀវជនជាតិផ្សេងទៀតផង ហើយមូលហេតុ គឺដោយសារ បញ្ហាអស្ថេរភាពសង្គមនៅក្នុងប្រទេសថៃ ដែលមានការបន្ទុះគ្រាប់បែកនៅកណ្តាលក្រុងបាងកក កាលពីពាក់កណ្តាលខែសីហាកន្លងទៅ។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប មិនអាចទាក់ទងបានទេ ជុំវិញបញ្ហានេះ។ ប៉ុន្តែសម្រាប់លោក ផាវ ព្រឿន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាប្រចាំខេត្តសៀមរាប កំពុងដេកឆ្ងល់។ ក្រៅពីលើកហេតុផលមួយចំនួន ដែលអាចមានឥទ្ធិពល ប៉ះពាល់ដល់វិស័សទេសចរណ៍កម្ពុជា ដែលរួមមាន ការបន្ទុះគ្រាប់បែកនៅថៃ បញ្ហាសេដ្ឋកិច្ចនៅលើពិភពលោកហើយនោះ លោក ព្រឿន បញ្ជាក់ថា ដោយសារបញ្ហាផ្ទៃក្នុងផង ទើបធ្វើឲ្យភ្ញៀវធ្លាក់បែបនេះ។ បញ្ហាផ្ទៃក្នុង ដែលលោក ព្រឿន ចង់បញ្ជាក់នោះ រួមមាន ការដំឡើងតម្លៃកញ្ចប់ទេសចរណ៍ និងការឡើងថ្លៃរបស់ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។
លោក ព្រឿន បញ្ជាក់បន្ថែម៖« បញ្ហាសណ្ឋាគារ រមណីយដ្ឋាន កន្លែងខ្លះ ពិបាក ត្រូវការចាយច្រើន ទើបក្រុមហ៊ុនដំឡើងថ្លៃ។ ភ្ញៀវខ្លះឃើញបែបនេះ ថាថ្លៃពេក ក៏កាត់បន្ថយការទស្សនា។ គេមិនមកយើង ប៉ុន្តែគេអាចទៅប្រទេសជិតខាង ដែលគេធូរជាងយើង។ អាចថា ភ្ញៀវខ្លះធ្វើដំណើរក្នុងតំបន់ក្នុងប្រទេសរបស់ពួកគេក៏បាន»។
រាប់ចាប់ពីថ្ងៃទី១ ខែតុលាមក ខែ High season បានចូលមកដល់ហើយ។ បច្ចុប្បន្នភ្ញៀវទេសចរចិនគឺមានចំនួនច្រើនជាងគេ ដែលមកទស្សនាខេត្តសៀមរាប។ ក្រៅពីនោះ មានកូរ៉េ ថៃ វៀតណាម និងអឺរ៉ុប។ ដោយឡែក ទេសចរជនជាតិ រុស្ស៊ី គឺមានការធ្លាក់ខ្លាំង ក្នុងចំណោមភ្ញៀវទេសចរទាំងអស់។ បញ្ហានេះ អាចទាក់ទងនឹងការដំឡើងថ្លៃសេវាកញ្ចប់ទស្សនាដូចគ្នា។
ក្រៅពីងឿងឆ្ងល់ហើយ លោក ព្រឿន បញ្ជាក់ថា លោកកំពុងជួបប្រជុំគ្នារកដំណោះស្រាយ ដើម្បីស្ថារស្ថានភាព និងធ្វើយ៉ាងណាឲ្យទេសចរ ស្ទុះងើបឡើងវិញ។ ដើម្បីអាចជោគជ័យបាន លោក ព្រឿន ទាមទារឲ្យមានការចូលរួមពីបណ្តាអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទាំងមូល។ លោក ព្រឿន៖« តម្លៃកញ្ចប់ មគ្គុទ្ទេសក៍កុំឲ្យគាត់ឡើងថ្លៃខ្លាំង។ គាត់នាំគ្នាឡើងគ្រប់ភាសា ដូចជា ភាសារុស្ស៊ីពីមុន៤០ ឥលូវឡើង៦០ដុល្លារ អាឡឺម៉ង់ដូចគ្នា គឺពី៤០ទៅ៦០ដុល្លារក្នុងមួយថ្ងៃ ភាសាអង់គ្លេសពីមុនត្រឹម១៥ ទៅ២០ដុល្លារ ឥលូវឡើងដល់៣០ និងបារាំងឡើងដល់ ៤៥ដុល្លារ។ ផលប៉ះពាល់មានគួបផ្សំបញ្ហាតិចៗបញ្ចូលគ្នា»៕
© រក្សាសិទ្ធិដោយ thmeythmey.com