ជាតិ
សង្គមជាតិ
សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​វៀតណាម​ខុសច្បាប់ ១៥​នាក់​ទៀត នៅ​សង្កាត់​បឹង​សាឡាង​
29, Oct 2015 , 7:39 pm        
រូបភាព
​ជនអន្តោប្រវេសន៍​វៀតណាម ចំនួន ១៥​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ស្ថិតនៅ​ផ្លូវ​២៤៧ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក នៅ​ថ្ងៃទី​២៨ ខែតុលា ម្សិលមិញ​។ នេះ​បើតាម​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​។​



​យោងតាម​ប្រភព​ដដែល ជនជាតិ​វៀតណាម​ចំនួន ១៥ (​ស្រី​១០​នាក់​) ដែល​ចូលមក​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។ ក្រោយពី​ការសាកសួរ ទើប​ដឹងថា ជនជាតិ​វៀតណាម​ទាំងនោះ​លួច​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ឯកសារ​ស្រប់ច្បាប់​អ្វី​ទាំងអស់ ហើយ​បន្ទាប់មក​ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី សាកសួរ​បន្ថែម​។​

​ទាក់ទង​នឹង​បញ្ហា​នេះ កន្លងមក លោក អ៊ុក ហៃ​សីលា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី បាន​លើកឡើងថា ប្រជាពលរដ្ឋ​កម្ពុជា មិនទាន់មាន​សកម្មភាព​ខ្លាំងក្លា​នៅឡើយ ក្នុងការ​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ឃាត់ខ្លួន​ជនបរទេស ជាពិសេស​ជនជាតិ​វៀតណាម ដែល​មក​រស់នៅ​ដោយ​ខុសច្បាប់​។ ដូច្នេះ​រូបលោក​នៅតែ​បន្ត អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ទាំង​២៥​រាជធានី​ខេត្ត ដោយ​ផ្តល់ដំណឹង​ពី​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​លួច​មក​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់​នៅ​កម្ពុជា​។​

​យោងតាម​របាយការណ៍​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៥ ពី​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ជនអន្តោប្រវេសន៍​ខុសច្បាប់​សរុប​ចំនួន​២៤២០​នាក់ រួមមាន​៤៦​សញ្ចា​តិ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បណ្តេញ​ចេញពី​កម្ពុជា​។ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ មាន​ជនជាតិ​វៀតណាម​ចំនួន​២២២៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​៤០៦​នាក់​៕


Tag:
 វៀតណាម​ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com