ជាតិ
សង្គមជាតិ
ភាពយន្ត​ហូលីវូដ​ដែល​និយាយ​ពីរ​បប​ខ្មែរក្រហម​ចាប់ផ្តើម​ថត​នៅ​សៀមរាប​ខែក្រោយ
29, Oct 2015 , 3:56 pm        
រូបភាព
សៀមរាប៖ ភាពយន្ត​លំដាប់​ហូលីវូដ ដែល​និយាយ​អំពី​សោកនាដកម្ម​ក្នុង​របប​ខ្មែរក្រហម ដែល​ដឹកនាំ​ដោយ​អ្នកស្រី អែន​ជេ​លី​ណា ចូ​លី ភី​ត (Angelina Jolie-Pitt) នឹង​ចាប់ផ្តើម​ថត​នៅ​អំឡុង​ពាក់កណ្តាល​ខែវិច្ឆិកា​ខាងមុខ​នេះហើយ។ ភាពយន្ត​នេះ ចាប់ផ្តើម​ថត​នៅ​ទីតាំងសំខាន់ៗមួយចំនួន​ក្នុង​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង។



រឿង ជាដំបូង​ពួកគេ​សម្លាប់​ឪពុក​របស់ខ្ញុំ (The first they killed my father) ដែល​ដឹកនាំ​ផលិត ដោយ​តារាភាពយន្ត​ហូលីវូដ អ្នកស្រី អែន​ជេ​លី​ណា នឹង​ចាប់ផ្តើម​ថត​ក្នុង​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់​ចុងខែ​មករា ឆ្នាំ២០១៦ ។ សាច់​រឿងនេះ នឹង​ជ្រើស​រើសយក​ទីតាំង​ថតសំខាន់ៗមួយចំនួន រួមមាន​ប្រាសាទ​អង្គរ​ជាដើម។

នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ តំណាង​អ្នកស្រី អែន​ជេ​លី​ណា បាន​ជួប​សម្តែង​ការគួរសម​នឹង​អាជ្ញាធរ​ខេត្តសៀមរាប ដើម្បី​ស្នើសុំ​កិច្ចសហការ ដើម្បី​ផលិត​ខ្សែភាពយន្ត។ ផលិតករ​ខ្សែភាពយន្ត និង​ជា​តំណាង​អ្នកស្រី អែន​ជេ​លី​ណា ចូ​លី លោក ប៊ី​ល វី​ល​សុន (Bill Wilson) បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​ការជួបពិភាក្សា​នេះ ដើម្បី​ឲ្យ​សាលាខេត្ត​ជួយ​សម្រួល​ដល់​ការថត​ខ្សែភាពយន្ត។ តាម​ការបញ្ជាក់​របស់​លោក វី​ល​សុន មាន​ឈុត​ឆាក​ខ្លះ ត្រូវការ​ផ្ទុះអាវុធ និង​មាន​មនុស្ស​ច្រើន ហើយ​អាច​បិទផ្លូវ​រយៈពេល២ទៅ៣ម៉ោង​ឯណោះ។ ក្នុងនោះ ក៏មាន​ឈុត​ឆាក​ជម្លៀស​ប្រជាជន​ក្នុង​របប​ខ្មែរក្រហម​ផង។

តាម​ការលើកឡើង​រប​ស់​ផលិតករ​ភាពយន្ត សាច់រឿង​ប្រមាណ៩០ភាគរយ គឺ​ថត​នៅ​សៀមរាប។ ក្នុង​ការថត​នោះដែរ ត្រូវ​ការជួល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ៣០០០នាក់ ដើម្បី​សម្តែង​ឈុត​មួយចំនួន។ អំឡុងពេល៣ខែ នៅ​ខេត្តសៀមរាប ភាពយន្ត​លំដាប់​ហូលីវូដ គ្រោង​នឹង​ថត​នៅ​ទីតាំងសំខាន់ៗមួយចំនួន រួមមាន ប្រាសាទអង្គរវត្ត បាយ័ន ផ្លូវ​ខ្លះ​ក្នុង​ក្រុង​សៀមរាប ស្រុក​ពួក ស្រុក​ប្រាសាទបាគង ស្រុក​បន្ទាយស្រី និង​នៅ​រុន​តា​ឯក​ជាដើម។ យ៉ាងណា លោក វី​ល​សុន ដែលជា​ផលិតករ នៅ​មិនទាន់​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់ នៅតាម​ទីតាំងមួយៗបាន​នៅឡើយ។

អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង បាន​ស្វាគមន៍​ចំពោះ​ការផលិត​ខ្សែភាពយន្ត​របស់​អ្នកស្រី អែន​ជេ​លី​ណា នៅ​ខេត្ត​របស់ខ្លួន។ លោក​សន្យា​នឹង​បញ្ជូន​ផ្នែក​ពាក់ព័ន្ធ ដើម្បី​សហការ​ឲ្យ​បានល្អ តែ​លោក​ស្នើ​ឲ្យ​ថត​ឈុត​ប​ន្ទុះ​គ្រាប់បែក​នៅ​ឆ្ងាយ​ក្រុង​បន្តិច ជៀសវាង​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ជាយថាហេតុ។

ទាក់ទង​នឹង​ការផលិត​ខ្សែភាពយន្ត​លំដាប់​ហូលីវូដ​នៅ​ខេត្តសៀមរាប លោក ផាវ ព្រឿ​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ប្រចាំ​ខេត្តសៀមរាប យល់ថា​ជា​រឿង​ល្អ។ យ៉ាងណា លោក ព្រឿ​ន មិន​ហ៊ាន​សន្និដ្ឋានថា តើ​វា​មាន​ភាព​រីកចម្រើន​ដល់​វិស័យ​ទេសចរណ៍​ដល់​កម្រិតណា​នៅឡើយ​ទេ ព្រោះនេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​អ្នកស្រី អែន​ជេ​លី​ណា ចូ​លី ថត​ភាពយន្ត​នៅ​ខេត្តសៀមរាប។ តែ​លោក នៅតែមាន​សុទិដ្ឋិនិយម​ថា អាច​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ខ្លះ។

គួរ​បញ្ជាក់ថា ក្រៅពី​ចប់​ការថត​ខ្សែភាពយន្ត «ជាដំបូង​ពួកគេ​សម្លាប់​ឪពុក​ខ្ញុំ» នៅ​ខេត្តសៀមរាប​ហើយ​នោះ ក្រុមការងារ​គ្រោង​នឹង​ថត​បន្ត​នៅ​ខេត្តបាត់ដំបង ចាប់ពី​ខែកុម្ភៈ​តទៅ៕






Tag:
 ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com