ជាតិ
សង្គមជាតិ
រដ្ឋាភិបាល សម្រេច​ផ្អាក​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ
31, Oct 2015 , 12:46 pm        
រូបភាព
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារាចរ​ឲ្យ​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅមុខ​ព្រះបរមរាជវាំង ដែល​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល ៣ថ្ងៃ​ចាប់ពី​ថ្ងៃទី២៤ ដល់​ថ្ងៃទី២៦ ។



បើ​យោងតាម​សារាចរ​របស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី៣១ ខែតុលា​នេះ មូលហេតុ​ដែល​នាំ​ឲ្យ​ផ្អាក​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ដោយសារតែ​ឆ្នាំនេះ​ទឹកទន្លេ​មាន​កម្រិត​ទាប​ពេក ហើយ​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​គ្រោះរាំងស្ងួត ដែល​ទាមទារ​ប្រមូលផ្ដុំ​កម្លាំង​សរុប មធ្យោបាយ​សរុប ក្នុងការ​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​សម្រាប់​ស្រូវប្រាំង​ជូន​ប្រជាកសិករ​នៅតាម​ខេត្ត។
 
សារាចរ​ដដែល​​បាន​ឲ្យ​ដឹង​ទៀតថា ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅតាម​ខេត្ត​នានា អាច​ប្រព្រឹត្តទៅ​ជាធម្មតា​តាម​ទំនៀប​ទម្លាប់ ប្រពៃណី និង​តាម​លទ្ធភាព​របស់​អាជ្ញា​ធរ​ដែលជា​អ្នករៀបចំ។ ហើយ​សម្រាប់​ការឈប់​សម្រាក​របស់​ម​ន្ត្រី​រាជការ និយោជិត កម្មករ​ចំនួន០៣ថ្ងៃ ក្នុង​ព្រះ​រាជពិធី​នេះ នៅ​រក្សា​ដដែល៕


© រក្សាសិទ្ធិដោយ thmeythmey.com