ជាតិ
សង្គមជាតិ
UN រិះគន់កម្ពុជា​ និង​ស្នើ​ការស៊ើបអង្កេតឯករាជ្យ​លើ​ហិង្សាប្រឆាំង​តំណាងរាស្ត្រ​បក្សប្រឆាំង
31, Oct 2015 , 10:00 pm        
រូបភាព
ស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​បានបង្ហាញ​ក្តីកង្វល់​របស់ខ្លួន​កាលពី​ម្សិលមិញ​នេះ ចំពោះ​ស្ថានភាព​នយោបាយ​និង​ការបង្ក្រាប​គណបក្សប្រឆាំង​នៅ​កម្ពុជា។ អង្គការ​អន្តរជាតិ​នេះ​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ចំពោះ​ការប្រើប្រាស់​ហិង្សា​លើ​តំណាងរាស្ត្រ​បក្សប្រឆាំង​ពីររូប​កាលពីដើម​សប្តាហ៍​នេះ។


 
ក្រោយ​មានការ​រិះគន់​និង​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បានចាប់ផ្តើម​រិះគន់ និង​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ​និង​ការបង្ក្រាប​លើ​ក្រុមប្រឆាំង​នៅ​កម្ពុជា​កន្លង​មកវិញ​ម្តង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Time។ អង្គការ​អន្តររដ្ឋាភិបាល​នេះ ក៏​រំពឹងថា​រដ្ឋាភិបាល​កម្ពុ​ជា​នឹង​រៀបចំ​ការស៊ើបអង្កេត​មួយ​ដ៏​ឯករាជ្យ​ជុំវិញ​ករណី​ប្រើប្រាស់​ហិង្សា​លើ​ក្រុម​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​ពីររូប​កាលពីដើម​សប្តាហ៍​នេះ និង​នាំយក​ជន​ទាំង​នោះមក​កាត់ទោស​ផងដែរ។ 
 
ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បង្ហាញ​ប្រតិកម្ម​របស់ខ្លួន​ជុំវិញ​ការវាយប្រហារ​ដែល​បាន​កើតឡើង​ពីថ្ងៃ​ចន្ទ ទី២៦ តុលា ដែល​ការវាយប្រហារ​កើតឡើង​ក្រោយ​បាតុករ​ដែល​គេ​ជឿជាក់ថា​ជា​អ្នកគាំទ្រ​រដ្ឋាភិបាល​ប្រហែល២ពាន់​នាក់​ប្រមូលផ្តុំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះ​ចេញពី​តំណែង​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា។ ថ្ងៃនោះ សមាជិកសភា​បក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់​មានដូចជា​លោក គង់ សភា និង​លោក ញ៉យ ចំរើន ត្រូវបាន​ជនដៃដល់​មួយក្រុម​បាន​ប្រើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ   ខណៈ​អ្នក​ទាំងពីរ​ចេញពី​កិច្ចប្រជុំ​នៅ​រដ្ឋសភា ។ 
 
ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​RavinaShamdasani បាន​ថ្លែង​ពី​ទីក្រុង​ហ្សឺ​ណែវ​ម្សិលមិញ​ថា៖«យើង​ព្រួយបារម្ភ​ពី​បរិយាកាស​នយោបាយ​កាន់តែ​អាក្រក់​សម្រាប់​អ្នកនយោបាយ​ប្រឆាំង​និង​ក្រុម​សកម្មជន​នៅ​កម្ពុជា។ រឿងរ៉ាវ​ចាប់ផ្តើម​ដោយ​ការរំលោភ​ដោយប្រើ​ប្រាស់​​ស្ថាប័ន​យុត្តិធម៌  ហើយ​មកដល់​ឥឡូវនេះ​ស្រាប់តែ​មានការ​វាយប្រហា​រ​និង​រំលោភបំពាន​ដោយ​ប្រើ​កម្លាំងបាយ​វិញ​ម្តង។ វា​កំពុងតែ​ក្លាយជា​រឿង​គួរ​ឲ្យ​បារម្ភ​បំផុត​មួយ»។  តំណាង​ស្ថាប័ន​សិទ្ធិមនុស្ស​ខាងលើ​ក៏បាន​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ ត្រឹម​ត្រឹម​មិន​លម្អៀង​ដើម្បី​ឈានទៅ​នាំយក​ជនបង្ក​មក​កាត់ទោស​តាមផ្លូវ​ច្បាប់​ថែមទៀត។
 
អ្នកនាំពាក្យ​ខាងលើ​ក៏​ឆ្លៀត​រិះគន់​កម្ពុជា​រឿង​រំលោភ​លើ​ស្ថាប័ន​យុត្តិធម៌ ដោយ​ឃុំខ្លួន ចាប់ខ្លួន​និង​ដាក់ពន្ធនាគារ​សកម្មជន និង​តំណាងរាស្ត្រ​បក្សប្រឆាំង​កន្លង​មកជា​ច្រើន​ករណី​ផងដែរ។ 
 
សូមបញ្ជាក់​ផងដែរ​ថា ក្រោយ​មានការ​វាយប្រហារ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បាន​ចេញមុខ​ថ្កោលទោស​ករណី​ប្រើប្រាស់​ហិង្សា​នេះ ដោយ​លោក​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​និង​ទាមទារ​ឲ្យ​មានការ​ចាប់ខ្លួន​និង​ដាក់ទោស​ជនបង្ក​ឲ្យ​ខាន​តែ​បាន៕
 
 

Tag:
 UN
  តំណាងរាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com