ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
សាលា​រាជធានី​ភ្នំពេញ​ស្នើសុំ​រថយន្តក្រុង១៥០គ្រឿង​ពី​ជប៉ុន និង១០០គ្រឿង​ពី​ចិន
01, Nov 2015 , 4:00 pm        
រូបភាព
ភ្នំពេញ៖ ក្នុង​គោលបំណង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​ទីក្រុង​ភ្នំពេញ​តាមរយៈ​ការបង្កើន​សេវា​ដឹកជញ្ជូន​សាធារណៈ​នោះ សាលា​រាជធានី​ភ្នំពេញ​បាន និង​កំពុង​រៀបចំ​និតិ​វិធី​ដើម្បី​ស្នើសុំ​រថយន្តក្រុង​ថ្មី​ចំនួន១៥០គ្រឿង​ពី​ប្រទេស​ជប៉ុន និង១០០គ្រឿង​ពី​សាធារណៈរដ្ឋ​ចិនប្រជាមានិត។

 
នាពេល​បច្ចុប្បន្ននេះ សាលា​រាជធានី​ភ្នំពេញ​មាន​រថយន្តក្រុង​ចំនួន៥០គ្រឿង​កំពុងដំណើរការ​ដឹក​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ សម្រាប់​បី​ខ្សែ​ដើម្បី​រំដោះ​ការកកស្ទះ​ចរាចរណ៍។ ប៉ុន្តែ រថយន្តក្រុង​ចំនួន៥០គ្រឿង​នៅលើ​តែ​ទិសដៅ​ចំនួន​បី​ខ្សែ​នេះ មិនទាន់​អាច​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​បាន​នៅឡើយ​ទេ ពីព្រោះ ចំនួន​ពលរដ្ឋ និង​ចំនួន​យានជំនិះ​នៅក្នុង​ទីក្រុង​ភ្នំពេញ​មានការ​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ 
 
ក្នុង​គោលដៅ​កាត់បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នេះ សាលា​រាជធានី​ភ្នំពេញ​កំពុង​រៀបចំ​និតិ​វិធី​ស្នើសុំ​រថយន្តក្រុង​ថ្មី​បន្ថែម​ពី​ប្រទេស​ជប៉ុន និង​ពី​ប្រទេស​ចិន។ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗនៅ​ថ្ងៃអាទិត្យ​នេះ​ថា៖«សាលា​រាជធានី​ភ្នំពេញ និង​អង្គការ Jica ជប៉ុន​កំពុង​រៀបចំ​និតិ​វិធី​ស្នើសុំ​រថយន្តក្រុង​ថ្មី​ចំនួន១៥០គ្រឿង​ពី​រាជរដ្ឋាភិបាល​ជប៉ុន។ ប៉ុន្តែ​ចម្លើយ​យ៉ាងណា​នោះ គេ​នៅ​មិនដឹង​នៅឡើយ​ទេ»។ 
 
ជាមួយនឹង​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​វិញ លោក ឡុង ឌី​ម៉​ង់ បាន​បន្ថែមថា សាលា​រាជធានី​ភ្នំពេញ​ក៏​កំពុង​រៀបចំ​និតិ​វិធី​ស្នើសុំ​ចំនួន១០០គ្រឿង​ផងដែរ។ 
លោក ឡុង ឌី​ម៉​ង់ បាន​បន្ថែមទៀតថា ប្រសិនបើ​សាលា​រាជធានី​ភ្នំពេញ​នឹង​ទទួលបាន​រថយន្តក្រុង​ចំនួន២៥០គ្រឿង​បន្ថែមទៀត​នោះ ភ្នំពេញ​អាច​ពង្រីក​ជើង​ធ្វើដំណើរ​រហូតដល់​ទៅ១០ខ្សែ ផ្ទុយ​ពីអ្វី​ដែលមាន​ស្រាប់​ចំនួន៣ខ្សែ៕ 
 

Tag:
 ​រថយន្តក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com