កីឡាអន្តរជាតិ
អន្តរជាតិ
Aston Villa តែងតាំង​គ្រូ​ថ្មី Remi Garde ជំនួស Tim Sherwood
02, Nov 2015 , 11:17 am        
រូបភាព
ដោយ: ថ្មីៗ
 
​ក្លិប Aston Villa បានប្រកាស​តែង​តាំង​អតីត​គ្រូបង្វឹក​របស់ Lyon លោក Remi Garde ជា​គ្រូបង្វឹក​ថ្មី​ដើម្បី​ជំនួស​តំណែង​លោក Tim Sherwood​។​ បើ​យោងតាម​សារព័ត៌មាន BBC គ្រូបង្វឹក​សញ្ជាតិ​បារាំង​វ័យ ៤៩​ឆ្នាំ​រូបនេះ​នឹងចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង រយៈពេល​បី​ឆ្នាំកន្លះ​ក្នុង​ទឹកដី Villa Park ។ 


 
​អតីត​ខ្សែបម្រើ​ក្រុម​កាំភ្លើង​ធំ Arsenal រូបនេះ នឹង​ទទួល​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​ពី​លោក Tim Sherwood ក្រោយ​ដឹកនាំ Aston មិនបាន​ល្អ​សោះ ដោយ​ក្នុង​១០​ប្រកួត​ដំបូង​រកបាន​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ​ស្ថិត​នៅ​បាត​តារាង​នៃ​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស​។​
 
​សូមបញ្ជាក់​បន្តិច​ថា លោក Garde ធ្លាប់បាន​ដឹកនាំ Lyon បី​រដូវ​កាល​ដែរ ដោយ​រដូវ​កាល​ដំបូង ក្នុង​ឆ្នាំ​២០១១ បញ្ចប់ទៅ​ត្រឹម​លេខ​៤ បន្ទាប់មក​បាន​លេខ​៣ និង​រដូវ​កាល​ចុងក្រោយ​បាន​លេខ​៥ ហើយ​ក្រោយមក​ក៏​ចាក​ចេញពី​តំណែង​គ្រូបង្វឹក​កាលពី​ឆ្នាំ​២០១៤ ដោយសារ​ហេតុផល​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​របស់លោក​។ 
 
​ក្នុងការ​ផ្លាស់​មក​ដឹកនាំ​ក្រុម​ថ្មី លោក Garde នឹង​នាំយក​លោក Reginald Ray ដែលជា​គ្រូបង្វឹក​របស់​ក្រុម Bastia មក​ធ្វើជា​ជំនួយការ​ផ្ទាល់​របស់លោក ជាមួយនឹង​ការចាប់ផ្តើម​ក្នុងការ​ប្រកួត​ដំបូង ពេល​ប៉ះ​មេឃ​ខៀវ Manchester City ក្នុង​ដី​ខ្លួនឯង នា​ថ្ងៃអាទិត្យ​ក្រោយនេះ​។​
 
 
 

Tag:
 EPL
© រក្សាសិទ្ធិដោយ thmeythmey.com