អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បក្ស​កាន់អំណាច​តួ​ក​គី​ទទួល​ជ័យជម្នះ​ជាថ្មី​ក្នុងការ​បោះឆ្នោត​សភា​
02, Nov 2015 , 1:23 pm        
រូបភាព
​គណបក្សកាន់អំណាចរ​បស់​នាយករដ្ឋមន្ត្រី​លោក Ahmet Davutoglu បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សភា​តួ​ក​គី​ជាថ្មី​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។ គណបក្ស​យុត្តិធម៌​និង​ការអភិវឌ្ឍន៍ បានទទួល​សំឡេង​ភាគច្រើន​នៅក្នុង​សភា និង​មាន​កៅអី​គ្រប់គ្រាន់​សម្រាប់​ការបង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​មាន​បេក្ខជន​បក្សប្រឆាំង​ខ្លះ​និយាយថា ការបោះឆ្នោត​មាន​ភាពមិនប្រក្រតី​។​



​បន្ទាប់ពី​ការរាប់​សន្លឹកឆ្នោត​ជិត​បានបញ្ចប់ លទ្ធផល​បាន​បង្ហាញថា គណបក្ស​យុត្តិធម៌​និង​ការអភិវឌ្ឍន៍​របស់​នា​យក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​លោក Ahmet Davutoglu  បានឈ្នះ​ក្នុង​ការបោះ ឆ្នោត​សភា​ដោយ​ទទួលបាន​សំឡេងគាំទ្រ​ប្រមាណ​ជិត​៥០​ភាគរយ ក្នុងការ​បោះឆ្នោត កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ គណបក្ស​នេះ អាច​ទទួលបាន​កៅអី​៣១៦​ក្នុងចំណោម​កៅអី​សរុប​៥៥០​របស់​សភា​តួ​ក​គី​។

​ប្រសិនបើ​គ្មាន​ការប្រែប្រួល​លទ្ធផល​នោះទេ គណបក្ស​យុត្តិធម៌​និង​ការអភិវឌ្ឍ​ដែល​បង្កើត​ដោយ​ប្រធានាធិបតី​បច្ចុប្បន្ន​លោក Recep Tayyip Erdogan នឹងមាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួនឯង​។ ឯ​មេដឹកនាំ​គណបក្ស​នេះ​គឺ លោក Ahmet Davutoglu នឹង​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ថ្មី​។​

​ជុំវិញ​នៃ​លទ្ធផល​នេះដែរ បាន​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង ពីព្រោះ​កាលពី​ការបោះឆ្នោត​ក្នុង​ខែមិថុនា គណបក្សកាន់អំណាច​ទ​ទួលបាន​ការគាំទ្រ​តែ​៤០​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​បង្ក ឲ្យ​មាន​ភាពចម្រូងចម្រាស​ដោ​យ​សារ​មិនមាន​បក្ស​ផ្សេងទៀត​ចូល​សម្ព​ន្ធ័​ដើម្បី​បង្កើត​រដ្ឋាភិបាល​បាន​។ តែ​ពេលនេះ​គណបក្ស​នេះ បែរជា​ទទួល​បានការ​គាំទ្រ​សំឡេង​ភាគច្រើន​ក្នុង​សភា​ទៅវិញ​។

​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​ទីក្រុង​កំណើត លោកនាយក​រដ្ឋមន្ត្រី Ahmet Davutoglu បានប្រកាស​ពី​ជ័យជម្នះ​របស់​គណបក្ស​លោក​។ លោក Davutoglu ក៏បាន​អរគុណ​ដល់​ប្រជាជន​ទាំង​អ្នកបោះឆ្នោត​ជូន​លោក​និង​អ្នក​មិន​បោះ​ឱ្យ ដោយ​លោក​បាន​បញ្ជាក់ថា នេះ​ជា​ជ័យជម្នះ​របស់​ប្រជាជន​តួ​ក​គី​ទាំង​៧៨​លាន​នាក់​។

​យ៉ាងណាក៏ដោយ​ចំពោះ​ជ័យជម្នះ​នេះ អ្នក​ដែល​សប្បាយចិត្ត​នោះ​គឺ​លោក Erdogan​ប្រធានាធិបតី​បច្ចុប្បន្ន​ទៅវិញ​ទេ​។ ស្របពេល​គណបក្ស​លោក​ទទួល​សំឡេង​ភាគច្រើន​នៅក្នុង​សភា លោក Erdogan អាច​នឹង​បំពេញ​មហិច្ឆតា​របស់លោក​ក្នុង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​អាចឱ្យ​លោក​ពង្រឹង​អំណាច​របស់លោក​កាន់តែ​យូរ​បាន​៕

​គួរបញ្ជាក់​ផងដែរ​ថា ការបោះឆ្នោត​នេះ​បានធ្វើ​ឡើង ស្រប​ពេលដែល​មានការ​ប្រេះឆា​និង​ការកើនឡើង​អំពើហិង្សា​កំពុង​ហែកហួរ​នៅក្នុង​តំបន់ ជាពិសេស​ជម្លោះ​ក្នុងប្រទេស​ស៊ី​រី​ដែលជា​អ្នកជិតខាង​ប្រទេស​តួ​ក​គី​៕


Tag:
 តួ​ក​គី​
© រក្សាសិទ្ធិដោយ thmeythmey.com