អន្តរជាតិ
សញ្ញាថារដ្ឋឥស្លាមបាញ់យន្តហោះរុស្ស៊ីកើនឡើង ព្រោះយន្តហោះផ្ទុះលើអាកាស
× ក្រោយយន្តហោះ Airbus 320 របស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីធ្លាក់នៅអេហ្ស៊ីប ការសន្និដ្ឋានជុំវិញមូលហេតុនៃការធ្លាក់បានក្លាយជារឿងចម្រូងចម្រាស។ មកទល់ពេលនេះ ទោះជាការស៊ើបអង្កេតកំពុងបន្តក៏ដោយ ភាគរយដែលថាក្រុមភេរជននៅពីក្រោយករណីនេះកាន់តែកើតឡើង ព្រោះគេរកឃើញថាយន្តហោះបែកជាបំណែកពេលកំពុងហោះហើរ។
នាយក ប្រតិបត្តិគណកម្មការអាកាសចរណ៍រុស្ស៊ី Viktor Sorochenko បានបញ្ជាក់ថា យន្តហោះរុស្ស៊ីដែលបានធ្លាក់នៅអេហ្ស៊ីបនោះបានផ្ទុះបែកជាបំណែកនៅលើអាកាសពេលកំពុងហោះហើរ។ ប៉ុន្តែស្របពេលជាមួយគ្នានោះលោកបានសង្កត់ធ្ងន់ថា វាជារឿងរហ័សពេកក្នុងការសន្និដ្ឋានថា អ្វីជាមូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះនេះ។
ករណីដែលយន្តហោះផ្ទុះបែកជាបំណែកលើអាកាស វាបញ្ជាក់ច្បាស់ថា យន្តហោះអាចបុក ឬទង្គិចជាមួយវត្ថុអ្វីនៅលើអាកាស ឬអាចមានផ្ទុកគ្រឿងផ្ទុះផងក៏ថាបាន។ ហើយការខូចម៉ាស៊ីនពេលហោះហើយ ទំនងជាមិនមែនជាមូលហេតុចម្បងនៃការធ្លាក់នោះទេ។
ជុំវិញសំណុំរឿងនេះដែរ អតីតអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Kogalymavia airline បាន អះអាងផងដែរថា ប្រភេទយន្តហោះ Airbus 321 នោះមិនដែរធ្លាប់មានបញ្ហាគ្រឿងម៉ាស៊ីននោះឡើយតាំងពីចាប់ផ្តើមបម្រើការងារដឹកអ្នកដំណើរមក។ លោកបានបញ្ជាក់ថា យន្តហោះប្រភេទខាងលើមានម៉ាស៊ីនដែលមានសុវត្ថិភាពបំផុត មិនងាយប្រឈមបញ្ហាឡើយ។ ប៉ុន្តែលោកមិនបានបង្ហើបឬសន្និដ្ឋានថា មូលហេតុអ្វីនៅពីក្រោយការធ្លាក់នេះទេ ព្រោះការស៊ើបអង្កេតនៅមិនចប់នៅឡើយ។
បើតាមមន្ត្រីជំនាញនិងប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi ការស៊ើបអង្កេតពេញលេញ និងត្រឹមត្រូវប្រហែលជាត្រូវចំណាយពេលយ៉ាងតិចមួយខែដែរ។ ប៉ុន្តែប្រអប់ខ្មៅត្រូវបានគេរកឃើញរួចរាល់ហើយ។
បើតាមសម្តីមន្ត្រីជាន់ខ្ពស់ផ្នែកអាកាសចរណ៍លោក Viktor Sorochenko លោកពិតជាចង់បង្ហាញថា ការសន្និដ្ឋានជារួមអាចធ្វើឡើងដរាបណាភស្តុតាងត្រូវបានប្រមែរប្រមូលចប់សព្វគ្រប់ ហើយការស៊ើបអង្កេតក៏ត្រូវបានគេបញ្ចប់ពេញលេញដែរ។ លោកលើកឡើងបែបនេះដោយសារក្រោយធ្លាក់ភ្លាមក្រុមរដ្ឋឥស្លាមសាខានៅអេហ្ស៊ីបបានប្រកាសពីជ័យជម្នះរបស់ខ្លួន ដោយបញ្ជាក់ថាក្រុមខ្លួននេះហើយជាអ្នកបាញ់យន្តហោះរុស្ស៊ីទម្លាក់នៅតំបន់ស៊ីណៃ។ ប៉ុន្តែរុស្ស៊ីបានទាត់ចោលការព័ត៌មាននេះ ដោយមិនទាន់ចាត់ទុកថាការធ្លាក់យន្តហោះបង្កដោយក្រុមភេរវជនឡើយ។
គេអាចជឿជាក់ផងដែរថា ការធ្លាក់យន្តហោះនេះអាចជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ព្រោះក្រុមនេះចង់កំហឹងនឹងរដ្ឋាភិបាលរុស្ស៊ីដែលអន្តរាគមន៍ក្នុងប្រទេសស៊ីរីដើម្បីកម្ចាត់ក្រុមខ្លួន។ កន្លងមកប្រទេសដែលចូលរួមក្នុងយុទ្ធនាការកម្ចាត់ក្រុមរដ្ឋឥស្លាមសុទ្ធតែក្លាយជាគោលដៅនៃការវាយប្រហាររបស់ក្រុមនេះ។ គិតមកទល់ថ្ងៃនេះមានរយៈពេលជាងមួយខែហើយ ដែលរុស្ស៊ីប្រើប្រាស់យន្តហោះចម្បាំងនិងសហការជាមួយទ័ពរដ្ឋាភិបាលស៊ីរី និងអ៊ីរ៉ង់ដើម្បីបោសសម្អាតក្រុមរដ្ឋឥស្លាមនៅទីនោះ។
សូមបញ្ជាក់ថា យន្តហោះរុស្ស៊ីដែលមានជើងហោះហើរលេខ 7K 9268 ដែលធ្លាក់ហោះចេញពីព្រលានយន្តហោះអេហ្ស៊ីបនៅម៉ោង ៦៖ ៥១នាទីព្រឹក និងត្រូវមកដល់ព្រលានយន្តហោះរុស្ស៊ី St Petersburg នៅម៉ោង១២៖១០នាទីថ្ងៃត្រង់។ ប៉ុន្តែយន្តហោះបានដាច់ការទាក់ទងជាមួយភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសស៊ីព្រុស ២៣នាទីក្រោយហោះឡើង។ មនុស្សក្នុងយន្តហោះដែលបាត់នោះមាន ២១៧នាក់ជាអ្នកដំណើរភាគច្រើនអ្នកទេសចររុស្ស៊ី និង៧នាក់ទៀតជាអ្នកបម្រើលើយន្តហោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com