អន្តរជាតិ
នយោបាយអន្តរជាតិ
លោក អាបេ បបួលលោកស្រីផាក ចូលរួមកិច្ចប្រតិបត្តិការរក្សាសន្តិភាពដែនសមុទ្រចិនខាងត្បូង
×
ក្រៅពីភាគីជម្លោះសមុទ្រចិនខាងត្បូង អាមេរិក និង ជប៉ុន ត្រូវបានគេស្គាល់ថាជាភាគីខាងក្រៅដ៏សកម្មដែលបានលូកដៃចូលជ្រៅក្នុងការប្រឆាំងជាមួយនឹងការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ជម្លោះ។ ចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន ស្ហ៊ិន ហ្សូអាបេ បានស្នើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងសហការជាមួយខ្លួននិង សម្ពន្ធ័មិត្តចាក់ទឹកមិនលិចសហរដ្ឋអាមេរិចដើម្បីធានានូវតុល្យភាពនៃសន្តិភាពនៅក្នុងសមុទ្រចិនខាងត្បូង។
លោកនាយករដ្ឋមន្ត្រីជប៉ុន ស្ហ៊ិនហ្សូ អាបេ បានថ្លែងទៅកាន់លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ផាក ហ្គនហេ ឲ្យចូលរួមកិច្ចសហការជាមួយខ្លួន និង អាមេរិក ដើម្បីរក្សានូវការបើកចំហ និង សន្តិភាពនៅក្នុងសមុទ្រចិនខាងត្បូង។ ការអះអាងបែបនេះធ្វើឡើងក្នុងឱកាសនៃជំនួបទ្វេភាគីលើកដំបូងរវាង លោកអាបេ និង លោកស្រីផាក នៅក្រុងសេអ៊ូលកាលថ្ងៃម្សិលមិញនេះ។
គឺជាលើកដំបូងហើយដែលកូរ៉េខាងត្បូង ត្រូវជប៉ុនស្នើដើម្បីចូលរួមប្រតិបត្តិការក្រោមស្លាកការពារសន្តិភាពនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ បើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលជប៉ុន លោក Koichi Hagiuda រដ្ឋាភិបាលជប៉ុន មានបំណងសហការជាមួយនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកតាមរយៈប្រតិបត្តិការផ្សេងៗដើម្បីរក្សាឲ្យនូវសេរីភាព និង សន្តិភាពក្នុងដែនសមុទ្រចិនខាងត្បូង។ ក៏ប៉ុន្តែ លោក មិនបានបញ្ជាក់ថាតើ កូរ៉េខាងត្បូង ព្រមចូលជាមួយនឹងខ្លួន និង ប្រតិបត្តិការនោះ ត្រូវធ្វើឡើង តាមរូបភាពណានោះទេ។
សូមរម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ អាមេរិក បានបញ្ជូននាវាចម្បាំងរបស់ខ្លួនមកកាន់តំបន់ជម្លោះ សមុទ្រចិនខាងត្បូងដែលស្ថិតនៅក្បែរកោះសិប្បនិម្មិតរបស់ចិន ក្រោមប្រតិបត្តិការនៃការការពារសិទ្ធិ សេរីនៃការចរាចរតាមដែនសមុទ្រ។ ហើយសកម្មភាពនេះ បានធ្វើឲ្យចិន ក្តៅក្រហាយ៉ាងខ្លាំង និងថែម ទាំងព្រមានការផ្ទុះឡើងនៃសង្គ្រាមប្រសិនអាមេរិកនៅតែបន្តសកម្មភាពនោះ។
សម្រាប់ជប៉ុនវិញ ថ្វីដ្បិតកន្លងមក ជប៉ុន បានអះអាងថាខ្លួនមិនមានគម្រោងក្នុងការបញ្ជូននាវាចម្បាំង ចូលរួមប្រតិបត្តិការជាមួយអាមេរិកដើម្បីការពារសិទ្ធិសេរីភាពនៃចរាចរដែនសមុទ្រក៏ដោយ ការបបួលកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកដូចគ្នា គឺគ្មានអ្វីក្រៅពីប្រតិបត្តិការយោធានោះទេ។ នោះក៏ ព្រោះតែកន្លងមក ជប៉ុន បានធ្វើសមយុទ្ធយោធាជាមួយនឹងហ្វីលីពីនដែលជាភាគីនៃជម្លោះសមុទ្រចិន ខាងត្បូងនៅក្នុងដែនជម្លោះរួចទៅហើយ។ អ្វីដែលគួរឲ្យភ័យព្រួយចំពោះគោលនយោបាយចុងក្រោយ នេះ នោះគឺបើកូរ៉េខាងត្បូងព្រមសហការជាមួយជប៉ុន ឬអាមេរិកមែននោះ ភាពតានតឹងនឹងត្រូវផ្ទុះឡើងជាថ្មីនៅក្នុងតំបន់ជម្លោះ ។
យ៉ាងណាមិញ វត្តមានរបស់រដ្ឋខាងក្រៅដែលសុទ្ធសឹងតែជាសម្ពន្ធ័មិត្តរបស់អាមេរិកកាន់តែច្រើនក្នុង រឿងជម្លោះសមុទ្រចិនខាងត្បូង នឹងធ្វើឲ្យរដ្ឋអាស៊ានមួយចំនួនដូចជាហ្វីលីពីន និង វៀតណាមកាន់តែ សប្បាយចិត្ត។ នោះ ក៏ព្រោះតែរដ្ឋទាំងនោះនឹងមានដៃគួកាន់តែច្រើនដើម្បីប្រឆាំងនឹងការវាតទីខុសច្បាប់របស់ចិនក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង និង ដាក់សម្ពាធចិនកាន់តែខ្លាំងដែលអាចឲ្យចិន ពន្លឿនការដោះស្រាយរួមគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com