អន្តរជាតិ
សត្វ​ឆ្កែ​មួយ​ក្បាល​ខាំ​ពាំ​ទារក​ទើប​កើត​ដែល​ត្រូវ​បោះបង់ចោល​ម្នាក់ ទៅ​ឲ្យ​មនុស្ស​ជួយ​
03, Nov 2015 , 8:19 am        
រូបភាព
ដោយ: ធីតា
 ​កាលពីពេល​ថ្មីៗ​នេះ រូបថត​សត្វ​ឆ្កែ​មួយ​ក្បាល​ដែល​ខាំ​ពាំ​ទារក​ទើប​ចាប់កំណើត​ម្នាក់ ធ្វើ​ឲ្យ​រំជើបរំជួល​ពេញ​ផ្ទៃ​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​។ សត្វ​ឆ្កែ​នោះបាន​ខាំ​ពាំ​ទារក​ដែលមាន​ទង​ផ្សិត​ជាប់​នៅឡើយ យកទៅដាក់​នៅមុខ​ផ្ទះមួយ រួច​ព្រូស​នៅ​មាត់ទ្វារ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ក្នុងផ្ទះ ឲ្យ​ចេញមក​ខាងក្រៅ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ Emirates247.com ។​

 
​អត្ថបទ​ដែលមាន​ចំណងជើង​ថា Sada ជា​ភាសា​អារ៉ាប់ មិនបាន​បញ្ជាក់ថា តើ​ហេតុការណ៍​នេះ​កើតឡើង​នៅពេលណា ហើយ​កើត​នៅក្នុង​រដ្ឋ​អារ៉ាប់​ណាមួយ​ពិតប្រាកដ​ទេ អ្នកនិពន្ធ​អត្ថបទ​គ្រាន់តែ​បញ្ជាក់ថា ទារក​នោះ​ត្រូវគេ​បោះបង់ចោល​នៅ​ជិត​ធុងសំរាម ហើយក៏​ត្រូវ​សត្វ​ឆ្កែ​មួយ​ក្បាល​ជួយសង្គ្រោះ ដោយ​ពាំ​ទៅ​ស្វែងរក​ជំនួយ​ពី​មនុស្ស​ក្នុង​ផ្ទះមួយ​។ ម្ចាស់ផ្ទះ​បាន​ចេញមកក្រៅ ហើយក៏​បានឃើញ​ទារិកា​នៅ​មាត់ទ្វារ​របស់ខ្លួន ពួកគេ​ប្រញាប់ប្រញាល់​បញ្ជូន​ក្មេង​នេះ​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​។​
 
​ទារិកា​ដ៏​មានសំណាង​បានគេច​ផុតពី​សេចក្តីស្លាប់ នាង​គ្រាន់តែ​ត្រូវរបួស​សើរ​ស្បែក​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ចំណែកឯ​សត្វ​ឆ្កែ​ដ៏​អាថ៌កំបាំង​ក៏បាន​បាត់​ខ្លួន​ទៅ​។ គ្មាន​នរណាម្នាក់​ដឹងថា តើ​សុនខ​នោះ​ជាស​ត្វ​មាន​ម្ចាស់ ឬ​ជា​ឆ្កែ​អនាថា​ដែល​ត្រូវគេ​បោះបង់ចោល​ដែរ​ឬ​យ៉ាងណាទេ​។ បណ្តាញ​សង្គម និង​ព័ត៌មាន​ជាច្រើន​នៅ​មជ្ឈិមបូព៌ា​បាន​ចុះផ្សាយ​រឿងរ៉ាវ​របស់​សត្វ​សុនខ​នេះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​គ្មាន​ប្រភពព័ត៌មាន​ណា​ដែល​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​សត្វ​ឆ្កែ​នេះ​ទេ​។ ទោះជា​យ៉ាងណា ទឹកចិត្ត​ដ៏​ល្អ​របស់​សត្វ​ឆ្កែ​នេះ​បាន​ដក់​ជាប់​យ៉ាងជ្រៅ​ក្នុង​ក្រអៅបេះដូង​របស់​ពលរ​ដ្ឋ​នានា​នៅ​មជ្ឈិមបូព៌ា​៕

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com