កីឡាអន្តរជាតិ
អន្តរជាតិ
FA សម្រេច​ពិន័យ Mourinho ១​ប្រកួត និង​ប្រាក់​៤​ម៉ឺន​ផោន​
03, Nov 2015 , 10:22 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស FA បានសម្រេច​ដាក់ពិន័យ អ្នកចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ Chelsea ​លោក Jose Mourinho មិន​ឲ្យ​ចូល​ទីលាន​១​ប្រកួត និង​ទឹកប្រាក់ ៤​ម៉ឹ​ន​ផោន (​ជាង​៦​ម៉ឹ​ន​ដុល្លារ​អាមេរិក​)​នេះ​បើ​យោងតាម​សារព័ត៌មាន BBC ចុះផ្សាយ​កាលពី​ម្សិលមិញ​។​


 
​ការដាក់ពិន័យ​ខាងលើ​ធ្វើឡើង​បន្ទាប់ពី FA រកឃើញថា អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​លោក Mourinho  បាន​ប្រើ​ពាក្យសម្តី និង​ឥរិយាបទ​មិន​សមរម្យ ដាក់​អាជ្ញាកណ្តាល​លោក Jon Moss ក្នុងពេល​ប្រកួត និង​នៅពេល​សម្រាក​១៥​នាទី​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​មុន​ចូល​តង់​ទី​២ កាលពី​ប្រកួត​ចាញ់​ក្រុម West Ham United ២-១ ក្នុង​ទឹកដី Upton Park កាលពី​ខែ​មុន​។​
 
​បុរស​វ័យ​៥២​ឆ្នាំ​ដែលមាន​រហស្សនាម «Special One» នឹងត្រូវ​អាក់ខាន​មួយ​ប្រកួត​ឲ្យ Chelsea ពេល​ប៉ះ​ក្រុម Stoke City ក្នុង​ក្របខណ្ឌ Premier League នា​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​។ ហើយ​ចំណែកឯ​ជំនួយការ​របស់ Mourinho លោក Silvino Louro ក៏ត្រូវ​បាន FA ដាក់ពិន័យ​ផងដែរ​បន្ទាប់ពី​រកឃើញ​ថា​បាន​ប្រើ​ឥរិយាបទ​មិន​សមរម្យ​នៅក្នុង​តំបន់​បច្ចេកទេស​កាលពី​ប្រកួត​ជាមួយ West Ham United​។​
 
​សូមបញ្ជាក់​បន្តិច​ថា សម្រាប់​១១​ប្រកួត របស់ Chelsea គឺ​រក​បានតែ​១១​ពិន្ទុ​ប៉ុណ្ណោះ​ដោយ​ឈរ​នៅ​លេខ​រៀង​ទី​១៥​ក្នុង​តារាង​ក្របខណ្ឌ Premier League តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Manchester City ១៤​ពិ​ន្ទ​។​
 

Tag:
 EPL
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com