កីឡាអន្តរជាតិ
អន្តរជាតិ
Cristiano Ronaldo៖ ខ្ញុំ​ល្អ​ជាង Messi ហើយក៏​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​ដែរ​
06, Nov 2015 , 12:24 pm        
រូបភាព
 ​ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​និយាយថា លោក​ជា​កីឡាករ​ល្អ​បំផុត​នៅលើ​លោក​។​ ក្នុង​បទសម្ភាសន៍​ជាមួយ​លោក Dan Roan នៃ​សារព័ត៌មាន BBC  ខ្សែប្រយុទ្ធ​របស់​ក្លិប Real Madrid រូបនេះ​បាន​និយាយថា ខ្លួន​បាន​ឈានដល់​កម្រិត​កំពូល​មួយ ដែល​កីឡាករ​ដ​ទៃ​ពិបាក​នឹងធ្វើ​បាន​។



​ Ronaldo បាន​បន្ថែមថា​«​ខ្ញុំ​មិន​ចង់​និយាយថា​ខ្ញុំ​ជា​វីរបុរស ឬ​ជា​កីឡាករ​កំពូល​ក្នុង​ប្រវត្តិសាស្ត្រ​នោះទេ ព្រោះ​អ្វីៗ​វា​បានបង្ហាញ​គ្រប់យ៉ាង​អស់ហើយ​»​។​
 
​បុរស​កូន​១​វ័យ ៣០​ឆ្នាំ ដែល​ផ្ទេរ​ពី បិសាច​ក្រហម Man Utd ទៅ​ស្តេច​ស Real Madrid កាលពី​ឆ្នាំ​២០០៩ ក្នុងតម្លៃ ៨០​លាន​ផោន (​ជាង​១២០​លាន​ដុល្លារ​អាមេរិក​) បាន​លើកឡើងថា​ទម្រង់​លេង​របស់ខ្លួន​បាន​ឡើងដល់​កំរិត​កំពូល​មួយ​ដែល​មិនគួរ​ឲ្យ​ជឿ​ក្នុង​រយៈពេល ៨​ឆ្នាំ​ចុង​ក្រោយនេះ ហើយ CR7 ចង់​រក្សា​ទម្រង់​លេង​បែបនេះ​ឲ្យ​បាន ៥​ទៅ​៦​រដូវ​កាល​ទៀត​។​
 
​ក្នុង​បទសម្ភាសន៍​នោះដែរ Ronaldo ក៏ត្រូវ​បាន​គេ​ប្រៀបធៀប​ជាមួយនឹង​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​របស់​ក្រុម Barcelona កីឡាករ Lionel Messi ដែលជា​ម្ចាស់​ពានរង្វាន់ FIFA Ballon d’Or ៤​សម័យកាល ផងដែរ​។​
 
​ម្ចាស់​ពានរង្វាន់ FIFA Ballon d’Or ៣​សម័យកាល​បាន​និយាយថា «​វា​ជា​គំនិត​រៀងៗ​ខ្លួន​។ ខ្ញុំ​គោរព​តាម​គំនិត​អ្នក​រាល់គ្នា​។ ប្រហែលជា​អ្នក​ទាំងអស់គ្នា​គិតថា Messi ល្អ​ជាង​ខ្ញុំ ប៉ុន្តែ​ក្នុង​គំនិត​របស់ខ្ញុំ ខ្ញុំ​ល្អ​ជាង​គាត់​។ អីចឹង​វា​ជា​រឿង​ធម្មតា​ទេ​»។
 
​គួររម្លឹកថា តាំងពី​ផ្ទេរ​មកកាន់​ទឹកដី Santiago Bernabéu មក Cristiano រក​គ្រាប់​បាល់​បាន ៣២៦​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​តែ​៣១៤​ប្រកួត​ប៉ុណ្ណោះ ដែល​មានន័យថា Ronaldo អា​ចរក​គ្រាប់​បាល់​បាន​១,០៣៨ គ្រាប់​ក្នុង​១​ប្រកួត​។ ហើយ​អតីត​ខ្សែប្រយុទ្ធ​របស់ Sporting Lisbon រូបនេះ​ក៏​ជា កីឡាករ Top Scorers នៅក្នុង​ប្រវត្តិសាស្ត្រ UEFA Champions League ផងដែរ ដោយ​សុទ្ធ​បញ្ចូល​ទី ៨២​គ្រាប់​។​
 
 

Tag:
 Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com