ពីនេះ ពីនោះ
បើ​ដាក់ «​ការ​» នៅ​ដើម​ពាក្យ កុំ​ដាក់ «​ន៍ ​ឬ​ណ៍​» នៅ​ខាងចុង តែបើ​ដាក់ «​ន៍ ​ឬ​ណ៍​» នៅ​ខាងចុង​ពាក្យ កុំ​ដាក់ «​ការ​» នៅ​ខាងដើម​
08, Nov 2015 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាពលរដ្ឋ​ភាគច្រើន​មាន​ភាពស្រពេចស្រពិល​ក្នុងការ​សរសេរ​ពាក្យ​ណា​ដែលមាន «​ន៍ ​ឬ​ណ៍​» នៅ​ខាងចុង​។ អ្នកខ្លះ សរសេរ​ពាក្យ​មួយ​ដោយ​ដាក់ពាក្យ «​ការ​» នៅ​ខាងដើម​ពាក្យ​ផង ហើយ​ដាក់ «​ន៍ ​ឬ​ណ៍​» នៅ​ខាងចុង​ពាក្យ​ថែមទៀត ដូចជា​ការសរសេរ​ពា​ក្យ ការអភិវឌ្ឍន៍ និង​ការ​បដិវត្តន៍ ជាដើម​។ ការសរសេរ​បែបនេះ​មិន​ត្រឹមត្រូវ​ទេ​។ ប្រសិនបើ​ដាក់ពាក្យ «​ការ​» នៅ​ខាងដើម​ហើយ មិនត្រូវ​ដាក់ «​ន៍ ​ឬ​ណ៍​» នៅ​ខាងចុង​នោះទេ ហើយ​បើ​ដាក់ «​ន៍ ​ឬ​ណ៍​» នៅ​ខាងចុង​វិញ​នោះ ពុំគួរ​បន្ថែម​ពាក្យ «​ការ​» នៅ​ខាងដើម​ទៀតឡើយ ព្រោះ «​ន៍ ​ឬ​ណ៍​» មានន័យ​ស្មើនឹង «​ការ​» ស្រេច​ហើយ​។ ដូច្នេះ ពាក្យ​ដែល​ត្រឹមត្រូវ​គឺ ការអភិវឌ្ឍ ឬ​អភិវឌ្ឍន៍​, ការ​បដិវត្ត ឬ​បដិវត្តន៍​។



​តាមពិត «​ន​និង​ណ​» បានក្លាយ​មកពី​ធាតុ​ដើម​ថា «យុ​» ដែល​ប្រែ​ថា «​ការ​»​។ នៅក្នុង​ភាសាបាលី «​យុ» នេះ​គ្រាន់តែ​ជា​ធាតុ​ដើម​ប៉ុណ្ណោះ តែ​មិន​ត្រូវបាន​យកមកប្រើ​នោះទេ​។ នៅពេលណា​គេ​យក «យុ​» មក​ប្រើ នោះគេ​ត្រូវ​ប្តូរ​រូប​ទៅជា «​ន​ ឬ​ណ​» ជាមុនសិន ដូចជា​ពាក្យ​ថា វឌ្ឍនៈ (​ការលូតលាស់ ឬ​ការរីកចម្រើន​), មរណៈ (​ការស្លាប់​) ជាដើម​។

​ចំណែកឯ​ភាសា​ខ្មែរ បាន​យក​ធាតុ​ដើម «យុ​»  នេះ​មក​ប្រើ​ដូចគ្នា ហើយក៏​ត្រូវតែ​ប្តូរ​ទៅជា «​ន ​ឬ​ណ​» ជាមុន​ផងដែរ ហើយ​បានដាក់​ទណ្ឌឃាត (​៍​) ពីលើ ដើម្បី​កុំ​ឲ្យ​យើង​អាន​ព្យញ្ជនៈ​នេះ​។ ឧទាហរណ៍​ថា​៖ អភិវឌ្ឍន៍ (​ការរីកចម្រើន​), អនុវត្តន៍ (​ការប្រព្រឹត្ត​តាម ឬ​ការ​ធ្វើតាម​), បដិវត្តន៍ (​ការប្រែប្រួល ឬ​ការផ្លាស់ប្តូរ​នូវ​អ្វីមួយ​), ចរាចរណ៍ (​ការដើរ​ទៅមក​ឬ​ការធ្វើដំណើរ​ទៅមក​) ជាដើម​។

​យើង​សង្កេតឃើញថា «​ន៍​ ឬ​ណ៍​» មានន័យ​ស្មើនឹង ពាក្យ​ថា «​ការ​» ។ ដូច្នេះ យើង​មិនត្រូវ​ដាក់ពាក្យ​ថា «​ការ​» នៅ​ពីមុខ​ពាក្យ​ណាមួយ​នោះទេ ប្រសិនបើ​យើង​បានដាក់ «​ន៍ ​ឬ​ណ៍​» នៅ​ខាងចុង​រួចហើយ ឬ​មិន​ត្រូវដាក់ «​ន៍​ ឬ​ណ៍​» នៅ​ខាងចុង​ពាក្យ​ឡើយ ប្រសិនបើ​យើង​បានដាក់​ពាក្យ «​ការ​» នៅ​ខាងដើម​។​

​ចុះ​ពេលណា​ត្រូវដាក់ «​ន៍​» ហើយ​ពេលណា​ត្រូវដាក់ «​ណ៍​»? ជាទូទៅ រាល់​ពាក្យ​ទាំងអស់​ត្រូវដាក់ «​ន៍​» ដូ​ជា​ពាក្យ​ថា អភិវឌ្ឍន៍​, អនុវត្តន៍​, បដិវត្តន៍​, អនុសាសន៍​, ប្រសាសន៍​​, គមនាគមន៍ ជាដើម​។ លើកលែងតែ​ពាក្យ​ណា​ដែលមាន​អក្សរ «​រ​» នៅ​ខាងចុង នោះ​ត្រូវ​ប្រើ «​ណ៍​» វិញ ដូចជា​ពាក្យ​ថា ទឡ្ហីករណ៍​, សហករណ៍​, ព្រឹត្តិការណ៍​, អធិករណ៍ ជាដើម​៕


Tag:
 អក្សរសាស្ត្រ​
  ន៍ ​និង​ណ៍
© រក្សាសិទ្ធិដោយ thmeythmey.com