ពីនេះ ពីនោះ
ពាក្យ«គុំគួន និងពាក្យ គំកួន»ជាពាក្យខុស ចំណែកពាក្យ«គុំកួន» ទើបត្រឹមត្រូវ
× ប្រជាពលរដ្ឋមួយចំនួនមានការស្រពេចស្រពិលក្នុងការសរសេរពាក្យ«គុំគួន គំកួន ឬគុំកួន» ថាមួយណាជាពាក្យដែលត្រឹមត្រូវ។ អ្នកខ្លះសរសេរពាក្យ«គុំគួន» អ្នកខ្លះសរសេរ«គំកួន» ចំណែកអ្នកខ្លះទៀតសរសេរពាក្យ«គុំកួន» ទាំងមិនដឹងថាខ្លួនសរសេរនោះជាពាក្យត្រឹមត្រូវឬក៏អត់។ យោងតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលត្រឹមត្រូវគឺត្រូវសរសេរ «គុំកួន»។ ពាក្យនេះមកពីពាក្យថា «គុំ» ថ្នាក់ពាក្យជាកិរិយាស័ព្ទ មានន័យថា ប៉ងដោយអាក្រក់, ប៉ងធ្វើការបៀតបៀនគេ, ចងចិត្តព្យាបាទគេ, ចងគំនុំ។ សម្រាប់ពាក្យ «កួន» គឺជាពាក្យសម្រាប់និយាយផ្សំជាមួយពាក្យ រុក និងគុំ (រុកកួន, គុំកួន)។ ហេតុនេះពាក្យ «គុំកួន» ជាពាក្យត្រឹមត្រូវ មានន័យថា គុំយ៉ាងខ្ជាប់ខ្ជួនមិនបណ្ដាលឲ្យភ្លេច។ ឧទាហរណ៍៖ វាគុំកួនយូរហើយ បម្រុងនឹងលបវាយមិត្រចាស់របស់វា៕
© រក្សាសិទ្ធិដោយ thmeythmey.com