ពីនេះ ពីនោះ
បើជា «​នាម​» ត្រូវដាក់ «​ន៍ ឬ ណ៍​» ខាងចុង តែបើ​ជា «​កិរិយាសព្ទ​» ត្រូវ​លុប «​ន៍ ឬ ណ៍​» ចេញ​
11, Nov 2015 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​អ្នកសិក្សា​មួយចំនួន នៅ​ពុំទាន់​មាន​ភាពច្បាស់​លា​ល់​ក្នុងការ​ប្រើពាក្យ​ទាំងឡាយណា​ដែលមាន «​ន៍ ឬ ណ៍​» នៅ​ខាងចុង​នោះទេ​។ ពួកគេ​មិន​ច្បាស់​ថា តើ​ពាក្យ​ដែលមាន «​ន៍ ឬ ណ៍​» នៅ​ខាងចុង​ជា «​នាម​» ឬ​ជា «​កិរិយាសព្ទ​»​។


 
​តាម​ការពិត រាល់​ពាក្យ​ទាំងអស់ ដែលមាន «​ន៍ ឬ ណ៍​» នៅ​ខាងចុង គឺ​សុទ្ធតែជា «​នាម​» ដោយ​មិន​អាចជា «​កិរិយាសព្ទ​» នោះទេ​។ ប៉ុន្តែ ប្រសិនបើ​អ្នក​ចង់​ប្រើ​ជា «​កិរិយាសព្ទ​» ចូរ​កុំ​ដាក់ «​ន៍ ឬ ណ៍​» នៅ​ខាងចុង​ជាដាច់ខាត​។ ឧទាហរណ៍​៖ បដិវត្តន៍​នៃ​សង្គម​មួយ ចាំបាច់​ត្រូវមាន​មនោ​គម​វិទ្យា​ច្បាស់លាស់ និង​ស៊ីជម្រៅ​។ ក្នុង​ប្រយោគ​នេះ «​បដិវត្តន៍​» គឺជា «​នាម​» ហើយ​ដើរតួ​ជា «​ប្រធាន​»​។ តែបើ​អ្នក​ចង់​ប្រើពាក្យ «​បដិវត្តន៍​» ជា «​កិរិយាសព្ទ​» វិញ នោះ​ត្រូវ​លុប «​ន៍​» ចេញ​។ ឧទាហរណ៍​៖ ក្នុងនាម​ជា​អ្នកនយោបាយ បើ​អ្នក​ចង់​បដិវត្ត​សង្គម​ទាំងមូល អ្នក​ត្រូវតែ​ប្តេជ្ញាចិត្ត​ដ៏​ខ្លាំ​ក្លា និង​ហ៊ាន​លះបង់​ជីវិត ព្រមទាំង​មាន​ទស្សនវិស័យ​ភ្លឺស្វាង​ផងដែរ​។ «​បដិវត្ត​» នៅក្នុង​ប្រយោគនេះ គឺជា «​កិរិយាសព្ទ​» និង​មាន​ពាក្យ «​សង្គម​» ជា «​កម្មបទ​»​។ 
 
​សូមបញ្ជាក់ថា ពាក្យ​ដែលមាន «​ន៍ ឬ ណ៍​» នៅ​ខាងចុង គឺ​សុទ្ធតែជា «​នាម​» និង​អាច​ក្លាយជា «​កិរិយាសព្ទ​» នៅពេលដែល​អ្នក​លុប «​ន៍ ឬ ណ៍​» ចេញ​។ តួយ៉ាង ដូចជា​ពាក្យ​ថា អនុវត្តន៍ គឺជា «​នាម​» តែ អនុវត្ត គឺជា «​កិរិយាសព្ទ​» , អភិវឌ្ឍន៍ គឺជា «​នាម​» តែ អភិវឌ្ឍ គឺជា «​កិរិយាសព្ទ​» ជាដើម​។ ថ្វីដ្បិតតែ ពាក្យ​ដែលមាន «​ន៍ ឬ ណ៍​» គឺ​សុទ្ធតែជា «​នាម​» និង​អាច​ក្លាយជា «​កិរិយាសព្ទ​» នៅពេល​អ្នក​លុប «​ន៍ ឬ ណ៍​» ចេញ ក៏ពិតមែន ប៉ុន្តែ ពាក្យ​ខ្លះ ដែលមាន «​ន៍ ឬ ណ៍​» នៅ​ខាងចុង អាច​ដើរតួ​ជា «​នាម​» តែប៉ុណ្ណោះ ដោយ​មិនអាច​ប្តូរ​ទៅជា «​កិរិយាសព្ទ​» បាន​នោះទេ​។ ឧទាហរណ៍​៖ ប្រយោជន៍​, ត្រ័យ​រតន៍​, ទូរទស្សន៍​, គមនាគមន៍​, សហគមន៍​, អធិករណ៍​, ហេតុការណ៍​, ព្រឹត្តិការណ៍​។ ពាក្យ​ទាំងនេះ អាច​ប្រើ​បានតែ​ជា «​នាម​» ប៉ុណ្ណោះ ដោយ​មិនអាច​លុប «​ន៍ ឬ ណ៍​» ចេញ ហើយ​ប្រើ​ជា «​កិរិយាសព្ទ​» នោះឡើយ​។ 
 
​អ្វីដែល​គួរ​ឲ្យ​គត់​សម្គាល់​មួយទៀត​នោះ គឺថា តើ​ពាក្យ​ណា​ដែល​ត្រូវដាក់ «​ន៍​» ហើយ​ពាក្យ​ណា​ដែល​ត្រូវដាក់ «​ណ៍​»​។  អ្នក​គប្បី​ចំណាំ​ថា  រាល់​ពាក្យ​ទាំងអស់​ត្រូវដាក់ «​ន៍​»  នៅ​ខាងចុង ដូ​ចជា​ពាក្យ​ថា អភិវឌ្ឍន៍​, អនុវត្តន៍​, បដិវត្តន៍​, អនុសាសន៍​, ប្រសាសន៍​, គមនាគមន៍ ជាដើម​។ ប៉ុន្តែ ប្រសិនបើ​ពាក្យ​ណា​ដែលមាន​អក្សរ «​រ​» នៅ​ខាងចុង នោះ​អ្នក​ត្រូវ​ប្រើ «​ណ៍​» វិញ ដូចជា​ពាក្យ​ថា ទឡ្ហីករណ៍​, សហករណ៍​, ព្រឹត្តិការណ៍​, អធិករណ៍ ជាដើម​៕ 
 

Tag:
 អក្សរសាស្ត្រ​៖ ន៍​ឬ​ណ៍
© រក្សាសិទ្ធិដោយ thmeythmey.com