ពីនេះ ពីនោះ
មានមន្ត្រីច្រើន ពិតជាអាចធ្វើការងារជាតិមានប្រសិទ្ធភាពឬយ៉ាងណា?
× ភ្នំពេញ៖ ពាក្យចាស់លោកពោលថា «គ្នាច្រើនអន្សមខ្លោច» ព្រោះតែកើតចេញពីការមើលបំណាំគ្នា មិនព្រមធ្វើការ។ ចំណែកក្នុងសង្គមបច្ចុប្បន្ន មានមន្ត្រីច្រើន មានក្រសួងច្រើន មានមុខងារ តំណែងតួនាទីច្រើន តាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិ តែដំណើរការណ៍នៃការអភិវឌ្ឍសង្គមនៅតែមិនសូវមានសន្ទុះដដែល។
ប្រទេសតូច ប្រជាជនតិច សេដ្ឋកិច្ចនៅខ្សោយ ចំណែកធនធានមនុស្សផ្នែកបច្ចេកទេសនៅតិច អ្នកជំនាញ់ផ្នែកវិទ្យាសាស្ត្រនៅមិនទាន់មានគ្រប់គ្រាន់ គុណភាពបណ្ដុះធនធានមនុស្សនៅមិនទាន់មានស្តង់ដារ សេវាសាធារណៈមិនទាន់សកម្ម ពលរដ្ឋដេកចាំមើលការដោះស្រាយពីរដ្ឋ។ ងាកមកមើលរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋវិញ ក្រសួងទទួលបន្ទុកដោះស្រាយបញ្ហាតាមវិស័យក៏មានច្រើន មន្ត្រីនៅក្នុងក្រសួងស្ថាប័នក៏ច្រើន តំណែងជាមន្ត្រីជាន់ខ្ពស់ក៏មានច្រើន តែប្រសិទ្ធភាពការងារដោះស្រាយបញ្ហាសង្គម បញ្ហាជាតិ និងការអភិវឌ្ឍនៅមិនទាន់សមភាពជាមួយនិងចំនួនមន្ត្រីដ៏ច្រើន។ កត្តានេះជាហេតុនាំឲ្យមានការមិនយល់ពីសាធារណជនទូទៅថា តើមន្ត្រីរដ្ឋរបស់ខ្លួនបច្ចុប្បន្ននេះកំពុងតែធ្វើអ្វី? មួយឆ្នាំ មួយឆ្នាំដូចជាមិនសូវឃើញមានក្រសួងបញ្ចេញផែនការយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍនស្ថាប័ន ចូលរួមចំណែកកសាងសង្គមតាមរយៈក្រសួងរបស់ខ្លួនសោះ? ប៉ុន្តែបើនិយាយពីការបែងចែកអំណាចគ្នា តួនាទីគ្នា តំណែងគ្នាវិញ មិនថាតែមន្ត្រីនយោបាយ មន្ត្រីបច្ចេកទេស ឬមន្ត្រីរដ្ឋបាលនោះទេ គឺមានភាពសកម្មច្រើន ដើម្បីចែករំលែកគ្នាដើម្បីគ្រប់គ្រង។
ជាទូទៅគេអាចនិយាយបានយ៉ាងសាមញ្ញថា ទោះមានមន្ត្រីច្រើនកម្រិតណាក៏ដោយ បើសិនជាមន្ត្រីទាំងនោះមិនព្រមធ្វើការ មិនមានផែនការក្នុងការផ្លាស់ប្ដូរសង្គម អភិវឌ្ឍន៍សង្គមទេ ទោះមានមន្ត្រីច្រើនយ៉ាងណា ក៏ជាតិនៅតែមិនរីកចម្រើនដដែល។ ថែមពីលើនោះទៀត រដ្ឋត្រូវចំណាយថវិការកាន់តែច្រើនដើម្បីបើកប្រាក់ខែជូនមន្ត្រីទាំងអស់នោះ ដែលនាំឲ្យការចំណាយរបស់រដ្ឋមិនមានតុល្យភាពជាមួយប្រសិទ្ធភាពការងាររបស់មន្ត្រីខ្លួនទៅវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com