ជាតិ
លោកស្រី គិ​ម ស​ត្ថា​វី ចៅក្រម​តុលាការ​កំពូល​ខ្មែរ​បានទទួល​គ្រឿង​ឥស្សរិយយស​ពី​បារាំង​
11, Nov 2015 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ហ្ស​ង់​-​ក្លូដ ពាំ​បឹ​ហ្វ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ឡា​ឡេ​ស្យុ​ង​ដោ​នឺ​រ (La Légion d’Honneur) ថ្នាក់​អស្សឫទ្ធិ ជូន​ដល់​លោកស្រី គិ​ម ស​ត្ថា​វី ចៅក្រម​តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ស្ថានទូត​បារាំង​ដោយមាន​ការចូលរួម​ពី​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ រួមទាំង​សហសេវិក​របស់លោក​ស្រី​មកពី​តុលាការ​កំពូល និង​ក្រុមគ្រួសារ​លោកស្រី​ផងដែរ​។



​លោក​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​រម្លឹក​ពី​ដំណើរ​ជីវិត​ដ៏​គួរអោយ​ចាប់អារម្មណ៍​របស់លោក​ស្រី គិ​ម ស​ត្ថា​វី ក្នុង​វិស័យ​ច្បាប់​និង​យុត្តិធម៌​។ បន្ទាប់ពី​បាន​ផ្អាក​ការសិក្សា​ភ្លាមៗ​ពេល​ខ្មែរក្រហម​ឡើងកាន់​អំណាច លោកស្រី​បាន​ចាប់យក​ការសិក្សា​ឡើងវិញ រហូត​បាន​ចេញទៅ​សិក្សា​បន្ត​នៅ​ប្រទេស​បារាំង ពិសេស​នៅ​សាលា​ជាតិ​ចៅក្រម​ដ៏​ល្បីល្បាញ​របស់​បារាំង​។ 

​លោកស្រី គិ​ម ស​ត្ថា​វី បានចាប់ផ្តើម​អាជីព​ដំបូង​ជា​ចៅក្រម​នៅ​សាលាដំបូង​ខេត្តសៀមរាប ហើយ​ក្រោយមក​បានទទួល​មុខតំណែង​សំខាន់ៗ​ជា​បន្តបន្ទាប់ រហូត​បាន​ក្លាយជា​ចៅក្រម​ស្ត្រី​ដំបូង​គេ​នៅ​តុលាការ​កំពូល​កាលពី​ជិត​១០​ឆ្នាំមុន​។

​ជាងនេះទៅទៀត លោកស្រី​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការងារ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​យុត្តិធម៌ ដោយបាន​ចូលរួម​បង្កើត​និង​ដឹកនាំ​សាលា​ភូមិន្ទ​ចៅក្រម​អស់​រយៈពេល​៤​ឆ្នាំ​។ ក្នុងពេល​បំពេញការងារ លោកស្រី​ក៏បាន​ខិតខំ​ផងដែរ​ក្នុងការ​លើកស្ទួយ​តួនាទី​ស្ត្រី ពិសេស​ក្នុង​វិស័យ​យុត្តិធម៌​។

​លោកស្រី​គឺជា​ដៃគូ​ប្រកបដោយ​សមត្ថភាព​ខ្ពស់​របស់​ស្ថានទូត​បារាំង ដោយបាន​រួមចំណែក​យ៉ាងសកម្ម ជាមួយ​ក្រសួងយុត្តិធម៌​និង​អ្នកជំនាញ​ច្បាប់ព្រហ្មទណ្ឌ​បារាំង​ក្នុងការ​តាក់តែង​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។ ក្នុងន័យនេះ លោកស្រី​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ប្រព័ន្ធ​ច្បាប់​ស៊ីវិល​ឡ (Civil Law) ដែលជា​កេរដំណែល​បន្សល់ទុក​ពី​សម័យ​បារាំង​។​

​ការបំពាក់​គ្រឿង​ឥស្សរិយ​យ​ជូន​លោកស្រី​នៅពេលនេះ គឺជា​ការបង្ហាញ​ពី​ការ​ការទទួលស្គាល់​រប​ស់​ប្រទេស​បារាំង​ចំពោះ​លោកស្រី​ដែលជា​អ្នកច្បាប់​និង​ជា​ស្ត្រី​មួយរូប​ប្រកបដោយ​ចរិយា​ធម៌ និង​ចំណេះដឹង​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់ ហើយ​សកម្មភាព​និង​ការប្តេជ្ញាចិត្ត​របស់លោក​ស្រី​មាន​សារសំខាន់​ណាស់​ក្នុងការ​ស្តារ និង​កសាង​ប្រទេស​កម្ពុជា និង​ប្រព័ន្ធយុត្តិធម៌​នៃ​ប្រទេស​នេះ​។​

​គួរ​បញ្ជាក់ថា ឡា​ឡេ​ស្យុ​ង​ដោ​នឺ​រ គឺជា​គ្រឿង​ឥស្សរិយយស​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ប្រទេស​បារាំង ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះ​ចៅ​ណាប៉ូឡេអុង​បូ​ណា​ប៉ាក​នៅ​ឆ្នាំ​១៨០២ ៕



Tag:
 ច្បាប់
  សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com