អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​អា​ហ្គី​ណូ ស្វាគមន៍​លោក​ស៊ីជី​ពីង​ដោយ​មិន​លើក​ពី​ជម្លោះដែនសមុទ្រ​ក្នុង​កិច្ចប្រជុំ​APEC
11, Nov 2015 , 8:19 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន លោក​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ បាន​សន្យាថា នឹង​ស្វាគមន៍​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​នឹងធ្វើ​ឡើង​នៅ​ស​បា្ហ​ហ៍​ក្រោយ​។ ការអះអាង​នេះ​ធ្វើឡើង​ខណៈ​កម្តៅ​នៃ​ការប្រឈមមុខ​រវាង​ចិន និង ហ្វីលីពីន កំពុងតែ​ឡើង​ក្តៅ​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​។



លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



​ក្រោម​ការ​អ​ញ្ចើ​ញ​ពី​សម​ភាគី​លោក Albert Del Rosario លោក វ៉ាង យី បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មួយ​ក្នុងប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​ម្សិលមិញ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំងពីរ បាន​ប្តេជ្ញា​បន្ត​ដោះស្រាយ​បញ្ហា​រួមគ្នា​ដើម្បី​ធានាបាន​នូវ​ទំនាក់ទំនង​ទ្វេភាគី​ធម្មតា ស្ថិរភាព និង មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​។​

​ខណៈ​កំពុងតែ​មានការ​ប្រឈមមុខ​គ្នា​ខ្លាំង​ជាមួយ​ហ្វីលីពីន​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង លោក វ៉ាង យី បាន​ប្តេជ្ញា​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាមួយ​ហ្វីលីពីន​តាមរយៈ​ការពិគ្រោះ​យោបល់ និង ការចរចា និង ជំរុញ​ឲ្យ​មានការ​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​នៅពេល​ខាងមុខ​។ ដោយ​មិន​បំភ្លេច​ពី​សមិទ្ធផល ខ្លួន​ក្នុង​ការធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក លោក វ៉ាង​យី ក៏បាន​បង្ហាញ​ពី​ការសង្ឃឹម​យ៉ាង​មុត​ម៉ាំ​ថា ហ្វីលីពីន នឹង​អាចដឹកនាំ​កិច្ចប្រជុំ​ទៅដោយ​រលូន​ដើម្បី​បន្ត​លើកកម្ពស់​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​នៅក្នុង​តំបន់​។​

​សូមបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃទី​១៧-១៩ ខែវិច្ឆិកា​ខាងមុខនេះ ហ្វីលីពីន នឹង​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​នៅក្នុង​ក្រុង​ម៉ានីល​ដែល​នឹងមាន​វត្តមាន​មេដឹកនាំ​កំពូល​ពិភពលោក​ដូចជា​ចិន និង​អាមេរិក​ជាដើម​។ កិច្ចប្រជុំ​នេះ នឹង​ផ្តោតលើ​ចំណង​សេដ្ឋកិច្ច​រវាង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​។​

​ឆ្លើយតប​ជាមួយនឹង​ការលើកឡើង​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ បាន​សម្តែង ក្តី​សង្ឃឹមថា​ភាគី​ទាំងពីរ​អាច​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិភាព​តាមរយៈ​ការចរចា​ដើម្បី​ឈានទៅរក ដំណោះស្រាយ​ដែល​អាច​ទទួលបាន​ទាំងសងខាង​។ អ្វីដែល​គួរកត់សម្គាល់​នោះ លោក អា​ហ្គី​ណូ បាន​សន្យាថា ក្នុង​កិច្ចប្រជុំ​APEC ខាងមុខ​នឹង​ផ្តោត​តែ​លើ​បញ្ហា​សេដ្ឋកិច្ច​តែប៉ុណ្ណោះ ហើយ បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង នឹងមិន​ត្រូវដាក់​បញ្ចូល​នៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​នោះឡើយ​។ លោក អា​ហ្គី​ណូ ក៏បាន​សន្យាថា នឹង​ស្វាគមន៍​ចំពោះ​វត្តមាន​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង​នៅក្នុង​កិច្ចប្រជុំ​ដោយ កក់​ក្តី​ផងដែរ​។​

​តាមពិតទៅ​គេ​បានដឹង​រួច​មុន​ទៅហើយ ចំពោះ​វត្តមាន​របស់លោក វ៉ាង យី មុនពេល​កិច្ចប្រជុំ​កំពូល​ក្នុង តំបន់​APEC ទៅកាន់​ហ្វីលីពីន​នេះ​។ នោះ គឺជា​ការចរចា​ក្នុង​ការមិន​លើក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដាក់​នៅ ក្នុង​វេទិកា​ដែល​នឹងត្រូវ​ចូលរួម​ដោយ​ភាគី​ចំនួន​២១ ដែល​ត្រូវ​រួមបញ្ចូល​ទាំង​ភាគី​ពាក់​ព​ន្ធ័​រដ្ឋ​អាស៊ាន និង អាមេរិក​ផងដែរ​នោះ ហើយ​បញ្ហា​នេះ ក៏​កំពុងតែ​ត្រូវបាន​ចាប់អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​ស្រាប់ ផងដែរ​។​

​សូមបញ្ជាក់​បន្តិច​ថា ហ្វីលីពីន និង ចិន គឺជា​ប្រទេស​ជិត​នឹង​គ្នា ហើយ ក៏​ជា​ដៃគូ​ប្រជែង​គ្នា​យ៉ាងខ្លាំង​ក្លា នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ កន្លងមក​ហ្វីលីពីន តែងតែ​បដិសេធ​រាល់​ការចរចា​ជា​លក្ខណៈ ទ្វេ ភាគី​ជាមួយ​ចិន​។ ចុងក្រោយ​នេះ ភាគី​ទាំងពីរ ក៏បាន​បង្ហាញ​សាច់ដុំ​ដាក់គ្នា​តាមរយៈ​ការពង្រឹង​វិស័យ​យោធា  ហើយ ហ្វីលីពីន ក៏បាន​ប្តឹង​ចិន​ប្រឆាំងនឹង​ការរំលោភ​អធិបតេយ្យ​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាង ត្បូង នៅ​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com