អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​-​ថៃ ត្រៀម​ធ្វើ​សមយុទ្ធ​យោធា​ទ័ពអាកាស​រួមគ្នា​ជា​លើកដំបូង​
11, Nov 2015 , 8:59 pm        
រូបភាព
​មន្ត្រី​ក្រសួងការពារជាតិ​ចិន បាន​បញ្ជាក់ថា កងទ័ពអាកាស​ចិន​និង​ថៃ នឹងធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជា​លើកដំបូង​នៅ​ខែ​នេះ​ក្នុងប្រទេស​ថៃ​។ សមយុទ្ធ​នេះ ត្រូវបាន​មើលឃើញថា ជាការ​ខិតជិត​ទៅរក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​របស់​រដ្ឋាភិបាលយោធា​ថៃ​។



​កាលពី​ម្សិលមិញ ក្រសួងការពារជាតិ​ចិន បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា សមយុទ្ធ​រួមគ្នា​ដែលមាន​ឈ្មោះថា Falcon Strike២០១៥ រវាង​កងទ័ពអាកាស​ចិន​និង​ថៃ នឹងត្រូវ​ធ្វើឡើង​ក្នុង​មូលដ្ឋាន​កងទ័ពអាកាស​កូ​រ៉ា​ត​ក្នុងប្រទេស​ថៃ​។ សមយុទ្ធ​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១២​ដល់​ថ្ងៃទី​៣០ ខែ​វិ​ច្ឆ​កា ។

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បន្តថា គោលបំណង​នៃ​សមយុទ្ធ​រួមគ្នា គឺ​ដើម្បី​បង្កើន​ការរៀន​ពីគ្នា​និង​ការយល់​ចិត្ត​គ្នា​រវាង​កងទ័ពអាកាស​ប្រទេស​ទាំងពីរ​។ ហើយ​ម្យ៉ាងទៀត ដើម្បី​ពង្រឹង​ទំនាក់ទំនង​ចិន​-​ថៃ ក៏ដូចជា​មិត្តភាព និង​ការជឿជាក់​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

​យ៉ាងណាក៏ដោយ សមយុទ្ធ​នេះ​ហាក់​បង្ហាញ​ពី​ការ​ងាក​ទៅរក​ចិន​របស់​រដ្ឋាភិបាល​សឹក​ថៃ ដែល​បាន​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ដោយ​រដ្ឋប្រហារ​កាលពី​ខែឧសភា​ឆ្នាំ​២០១៤​។ រដ្ឋប្រហារ​នេះ​ត្រូវបាន​លោកខាងលិច​ថ្កោលទោស​យ៉ាងខ្លាំង ប៉ុន្តែ​រដ្ឋា​ភិ​វ​បាល​យោធា​ច​បែរជា​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រទេស​ចិន​ទៅវិញ​។​

​សូមបញ្ជាក់​ផងដែរ​ថា ចាប់ពី​រដ្ឋប្រហារ​ថ្ងៃទី​២២ ខែឧសភា  រដ្ឋាភិបាល​ក្រុង​បាងកក មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចំ​ពេលដែល​ទីក្រុង​ប៉េកាំង​បាន​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់​តាមរយៈ​ជំនួយ​និង​កម្ចី​យ៉ាង​សន្ធឹកសន្ធាប់​៕


Tag:
 ចិន​
  ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com