អន្តរជាតិ
យន្តហោះមួយគ្រឿងត្រូវចុះចតជាបន្ទាន់ ដោយសារសត្វពពែផោម
× យន្តហោះដឹកទំនិញ Boeing 747 ដែលហោះហើរពីទីក្រុង Adelaide ប្រទេសអូស្ត្រាលីទៅកាន់ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី កាលពីខែតុលាកន្លងទៅនេះ ត្រូវបង្ខំចិត្តចុះចតភ្លាមៗនៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដោយសារមានសញ្ញាប្រកាសអាសន្ន នេះបើតាមការចុះផ្សាយរបស់គេហទំព័រ The Aviation Herald ។
អាកាសយានិកត្រូវរកកន្លែងចុះចតជាបន្ទាន់នៅលើកោះបាលី។ ក្រុមជួយសង្គ្រោះ និងភ្នាក់ងារពន្លត់អគ្គិភ័យបានរង់ចាំជាស្រេចនៅលើដី។ ប៉ុន្តែ បន្ទាប់ពីត្រួតពិនិត្យយ៉ាងល្អិតល្អន់រួចមក គេនៅតែរកមិនឃើញប្រភពដែលធ្វើឲ្យសញ្ញាប្រកាសអគ្គិភ័យ បន្លឺឡើងដដែល។ រហូតទាល់តែអ្នកជំនាញផ្នែកសត្វមកពិនិត្យ ទើបដឹងថា សញ្ញាអាសន្ននោះបន្លឺឡើងដោយសារតែផោមរបស់សត្វពពែទាំង ២១៨៦ ក្បាលនៅលើយន្តហោះ។ សត្វពពែទាំងនោះតានតឹងអារម្មណ៍ ទើបផោមជាញឹកញាប់។ នៅក្នុងផ្សែងផោម មានផ្ទុកសារធាតុមេតាន ហើយសារធាតុនេះធ្វើឲ្យសញ្ញាប្រកាសអគ្គិភ័យបន្លឺឡើង។
យន្តហោះមួយគ្រឿងនេះត្រូវឈប់សម្រាកនៅកោះបាលីរយៈពេល ២ ម៉ោង ដើម្បីឲ្យហ្វូងសត្វទាំងនោះបានបន្ធូរអារម្មណ៍ ទើបអាចបន្តដំណើរដោយគ្មានឧបសគ្គ៕
© រក្សាសិទ្ធិដោយ thmeythmey.com