ពីនេះ ពីនោះ
ភាពខុសគ្នារវាងពាក្យថា«អ្នកគាំទ្រនយោបាយ អ្នកធ្វើនយោបាយ និងអ្នកនយោបាយ»
× មានសាធារណជនមួយចំនួននៅតែមានការភ័ន្តច្រឡំ រវាងពាក្យ «អ្នកគាំទ្រនយោបាយ អ្នកធ្វើនយោបាយ និងអ្នកនយោបាយ» ថាជាប្រភេទបុគ្គលតែមួយ។ ដើម្បីសម្រួលដល់សាធារណជនមួយចំនួន ដែលនៅមានការបែងចែកមិនទាន់បានដាច់ស្រេច រវាងពាក្យទាំងនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានកំណត់យកនិយមន័យដូចខាងក្រោម កុំឲ្យសាធារណជនមានការស្រពេចស្រពិល៖
១/. អ្នកគាំទ្រនយោបាយ មានន័យថា ពលរដ្ឋទាំងឡាយណាដែលចូលរួមគាំទ្រ ដោយផ្ទាល់ក្ដី ដោយប្រយោលក្ដី ទាំងផ្នែកស្មារតី និងសម្ភារៈចំពោះគណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត។ ឧទាហរណ៍ លទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ចំនួនអាសនៈដែលទទួលបានបញ្ជាក់ពីសំឡេងនៃអ្នកគាំទ្រនយោបាយ។
២/. អ្នកធ្វើនយោបាយ មានន័យថា ពលរដ្ឋទូទៅដែលមានគំនិត ទស្សនៈ ចក្ខុវិស័យ មនោគមវិជ្ជានយោបាយ ហើយធ្វើសកម្មភាពនយោបាយ ក្នុងគោលបំណងសម្រេចប្រយោជន៍អ្វីមួយរបស់ខ្លួន។ ឧទាហរណ៍ សកម្មជនគណបក្សនយោបាយទាំងអស់ជាអ្នកធ្វើនយោបាយ។
៣/. អ្នកនយោបាយ មានន័យថា អ្នកធ្វើការទាក់ទងនឹងការងារនយោបាយ ឬជាអ្នកដោះស្រាយបញ្ហានយោបាយគ្រប់ប្រភេទ ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ។ ឧទាហរណ៍ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករដ្ឋាភិបាលជាអ្នកនយោបាយ។
© រក្សាសិទ្ធិដោយ thmeythmey.com