កីឡាជាតិ
ជាតិ
ហេតុអ្វី​បានជា​៣​ពិន្ទុ​នៅតែ​សំខាន់​សម្រាប់​កម្ពុជា​ពេល​ជួប​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​អ៊ីរ៉ង់​ល្ងាច​នេះ​?
12, Nov 2015 , 1:54 pm        
រូបភាព
កែវ សុខផេង (ឆ្វេង) និង សឿយ វិសាល នាពេលហ្វឹកហាត់ត្រៀមប្រកួតល្ងាចនេះ។ រូបថត ហ្វេសប៊ុក
កែវ សុខផេង (ឆ្វេង) និង សឿយ វិសាល នាពេលហ្វឹកហាត់ត្រៀមប្រកួតល្ងាចនេះ។ រូបថត ហ្វេសប៊ុក
 ​តាមពិតទៅ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា  អស់​ផ្លូវ​ក្នុង​ការឈាន​ទៅកាន់​ជុំ​ទី​បី​នៃ​វគ្គ​ជម្រុះ World Cup ប្រចាំ​តំបន់​អាស៊ី​ហើយ ប៉ុន្តែ​បេសកកម្ម​របស់​ពួកគេ​មិនទាន់​បញ្ចប់​ទាំងស្រុង​នោះឡើយ​។ ក្នុងជំនួប​ជើង​ទី​ពីរ ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​កីឡដ្ឋាន Takhti Stadium ក្នុង​ទីក្រុង​តេ​អេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់ នា​វេលា​ល្ងាច​ម៉ោង​៦ និង​៣០​នាទី (​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃនេះ កម្ពុជា​នៅតែ​ត្រូវការ​ជ័យជម្នះ សម្រាប់​កៅអី​វគ្គ​ជម្រុះ Asian Cup ឆ្នាំ​២០១៩ ។​

 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoon បាន​រង​បរាជ័យ​ទាំង​៥​ប្រកួត​រួចមកហើយ​នៅក្នុង​ពូ​ល E​។ កម្ពុជា​ចាញ់​សឹង្ហ​បុរី​ទាំងពីរ​ជើង ដោយ​ជើង​ទី​១​ចាញ់ ៤-០​ក្នុង​ទឹកដី​ខ្លួនឯង និង​ជើង​ទី​២ ចាញ់​២-១ នៅ​ទឹកដី​សឹង្ហ​បុរី​។ ក្នុងជំនួប​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ផងដែរ កម្ពុជា​ចាញ់​អា​ហ្វ​ហ្គា​នី​ស្ថាន ១-០ ចាញ់​ស៊ី​រី ៦-០ ហើយ​ទៅ​ចាញ់​ជប៉ុន ៣-០ នៅក្នុង​ទីក្រុង Saitama​។​
 
​សូម​រម្លឹកថា នា​ជំនួប​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ជើង​ទី​១ ថ្ងៃទី​២៤ ខែមិថុនា​កន្លងទៅ ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​រង​បរាជ័យ​លើ​ទឹកដី​ខ្លួនឯង ក្នុង​លទ្ធផល ១-០ ដែល​ស៊ុត​ប​ញ្ជូ​ល​ទី​ដោយ​កីឡាករ Mustafa Zazai នៅ​នាទី​៨៦ ជិត​បញ្ចប់​ការប្រកួត​ទៅហើយ​។​
 
​សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ទី​២ នៅក្នុង​ពូ​ល E នេះ ស៊ី​រី​ឈរ​លេខ​មួយ​បណ្តោះអាសន្ន មាន​១២​ពិន្ទុ ជប៉ុន​ឈរ​លេខ​២​មាន ១០​ពិន្ទុ លេខ​៣ សិង្ហ​បុរី​មាន​១០​ពិន្ទុ អា​ហ្វ​ហ្គា​នី​ស្ថាន ឈរ​លេខ​៤ មាន ៣​ពិន្ទុ ខណៈ​កម្ពុជា​បាន​បរាជ័យ​ទាំង ៥​ប្រកួត​នោះ ត្រូវ​ធ្លា​ក់ដោយ​ស្វ័យប្រវត្តិ​ទៅហើយ​។​
 
​មកដល់ពេលនេះ ក្រុម​ចំនួន​៤​ហើយ​ដែល​បាន​ហាលអាវ​ពី​ព្រឹត្តិការណ៍​ជម្រុះ World Cup ឆ្នាំ​២០១៩ ដែល​ក្នុងនោះ​មាន ប៊ូ​តង់ (​ពូ​ល C) ឥណ្ឌា (​ពូ​ល D) កម្ពុជា (​ពូ​ល E) និង​យ៉េ​មែន (​ពូ​ល H) ប៉ុន្តែ​យុទ្ធនាការ​របស់​ពួកគេ​មិនទាន់​បញ្ចប់​នោះឡើយ​។ ដើម្បី​ឲ្យ​ការប្រកួត​មាន​លក្ខណៈ​សំបូរបែប សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី បាន​ប្រើប្រាស់​រូបមន្ត​ថ្មី​សម្រាប់​ការប្រកួត​ជម្រុះ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ ដោយ​ភ្ជាប់​ជាមួយនឹង​លទ្ធផល​នៃ​ការប្រកួត​ជម្រុះ World Cup ឆ្នាំ​២០១៨ ។​
 
​ក្រុម​ចំណាត់​ថ្នាក់លេខ​មួយ​ក្នុង​ពូ​ល​ទាំង​៨​នៃ​ការប្រកួត​ជម្រុះ World Cup ជុំ​ទី​ពីរ ត្រូវ​បន្តទៅ​ជុំ​ទី​បី និង​វគ្គ​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Asian Cup ឆ្នាំ​២០១៩ នៅក្នុង​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត ហើយ​ក្រុម​លេខ​២​ត្រូវធ្វើ​ការប្រៀបធៀប​ពិន្ទុ​គ្នា ដោយ​មានតែ​៤​ក្រុម​ប៉ុណ្ណោះ ដែល​ត្រូវ​ទៅ​ចូលរួម​ជាមួយ​ក្រុម​លេខ​១ ។ ក្រុម​លេខ​៣ លេខ​៤​លេខ​៥ ស្ថិតនៅ​វគ្គ​ជម្រុះ Asian ទៅតាម​លំដាប់លំដោយ​។ សម្រាប់​កម្ពុជា ជាមួយនឹង​ការប្រកួត​បី​លើក​ដែល​នៅ​សេសសល់ ពួកគេ​មាន​ផ្លូវ​តែមួយគត់​ក្នុងការ​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​៤​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ បើតាម​រូបមន្ត​ប្រកួត ក្រុម​លេខ​៤​នៃ​ពូ​ល​៨​ចំនួន​៤​ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់ ត្រូវ​លេង​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​បី Asian Cup ខណៈ​៤​ក្រុម​ផ្សេងទៀត រួមជាមួយ​ក្រុម​លេខ​៥​ត្រូវ​ធ្លាក់​ទៅ​ប្រកួត​វគ្គ Asian Cup qualifying Playoff round​។ 
 
​ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា​៖ អ៊ុំ សេរី​រ័ត្ន​, ច្រឹង ពលរដ្ឋ​, រឿ​ម ចាន់​រឿន​, ឈិន ឈឿន (​ក្រសួងការពារជាតិ​), ស៊ូ យ៉ា​ទី​, ហុង ផេង​, ឃួន ឡា​បូ​រ៉ាវី​, រស់ សំអឿន​, ចាន់ វឌ្ឍនាកា​, សុខ សុវណ្ណ (​បឹងកេត​អង្គរ​), ទិ​ត្យ ឌី​ណា​, ប្រាក់ មុន្នី​ភា​រុណ​, ស៊ុន វ៉ាន់​ដេ​ត (​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​), សុះ ស៊ូ​ហា​ណា​, កែវ សុខ​ផេង​, ប៊ិន ធា​រី​, វ៉ា សុខ​ថន (​ភ្នំពេញ​ក្រោ​ន​), នេន សុធា​រ័ត្ន​, ហូ​យ ផល្លី​ន​, សំអឿន ពិដោរ​, សឿយ វិសាល​,​ណុប តុលា , ប្រាក់ មុន្នី​ឧ​ត្ត​ម (​ស្វាយរៀង​)៕
 
 

Tag:
 បាល់ទាត់​
  ជម្រើសជាតិ​កម្ពុជា​
  World Cup
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com