អន្តរជាតិ
លោកហូឡង់ ទូរសព្ទទៅលោកស្រីស៊ូជី ខណៈលោកអូបាម៉ា ទូរសព្ទទៅថេនសេន
× លោកប្រធានាធិតីបារាំងហ្វ្រង់ស្វ័រ ហូឡង់ បានទូរសព្ទទៅកាន់មេដឹកបក្សប្រឆាំងលោកស្រីអង់សាន ស៊ូជីដើម្បីអបអរសាទរចំពោះយុទ្ធនាការណ៍នៃដឹកនាំលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ា។ ថ្វីដ្បិតលទ្ធផល មិនទាន់ចេញជាផ្លូវការក៏ដោយ ការសន្ទនាសាទរតាមទូរសព្ទនេះ ធ្វើឡើងខណៈពេលដែល បក្សលោក ស្រីស៊ូជី កំពុងទទួលសំឡេងភ្លូកទឹកភ្លូកដី។ នេះបើយោងតាមសារព័ត៌មាន The Irrawaddy។
ក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានទូតបារាំងប្រចាំក្រុងយ៉ាំងហ្គូននៃប្រទេសមីយ៉ាន់ម៉ា លោក ហួឡង់ បានទូរសព្ទទៅកាន់លោកស្រីអ៊ុងសាន ស៊ូជី ដើម្បីអបអរសាទរចំពោះយុទ្ធនាការណ៍នៃការដឹកនាំដំណើរការលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ា។
សេចក្តីថ្លែងការណ៍បាននិយាយថា៖ លោក (លោកហូឡង់) បានស្វាគមន៍ចំពោះការអនុវត្តយុទ្ធនាការ ណ៍ និង ការបោះឆ្នោត និងបានសាទរលោកស្រីស៊ូជី សម្រាប់តួនាទីយ៉ាងមុះមុតក្នុងដំណើរនៃលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ាដែលត្រូវតែគោរព។
ការសាទររបស់ប្រធានាធិបតីបារាំងទៅកាន់លោកស្រីស៊ូជី បានធ្វើឡើងស្របពេលជាមួយនឹងការសាទររបស់ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ាទៅកាន់លោកថេន សេន ផងដែរ។ ក្នុងនោះ លោក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានហៅតាមទូរសព្ទទៅប្រធានាធិបតីជិតផុតអាណត្តិមីយ៉ាន់ម៉ា លោក ថេន សេន ដើម្បីអបអរសាទរលោកថេន សេន និងការដឹកនាំរបស់លោក ដែលបានធានាការបោះឆ្នោតប្រកបដោយសេរី និង យុត្តិធម៌។
លោកអូបាម៉ា បានសរសើរលោក ថេន សេនថា៖ «ជោគជ័យនៃការបោះឆ្នោត គឺជាកេរមរតកមួយដ៏អស្ចារ្យរបស់ប្រធានាធិបតី។ ការកែទម្រង់របស់ លោកថេន សេន បាននាំឲ្យប្រទេសមីយ៉ាន់ម៉ាបានឃើញនូវអនាគត ដ៏ថ្លៃថ្លា ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តសហប្រតិបត្តិការជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា»៕
© រក្សាសិទ្ធិដោយ thmeythmey.com