អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហាអំណាច​ពិភពលោក​អបអរសាទរ​ការបោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​
12, Nov 2015 , 5:01 pm        
រូបភាព
 ​ប្រទេស​មហាអំណាច​មាន អាមេរិក កាណាដា អង់គ្លេស ជាដើម​បាន​សរសើរ​ពី​ការរៀបចំ​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​របស់​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី​៨ កន្លងមក​។ ការបោះឆ្នោត​បាន​ប្រ​ព្រិ​ត្ត​ទៅដោយ​រលូន ជាមួយ​លទ្ធផល​បឋម​បង្ហាញថា គណបក្សប្រឆាំង​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី​មាន​សំឡេង​នាំមុខ​។​

 
​ខណៈ​ការបោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​បានបញ្ចប់​ដោយ​ស្ថានភាព​ល្អប្រសើរ ហើយ​ប្រទេស​ជាច្រើន​បាន​សំដែង​ការអបអរសាទរ​ចំពោះ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ប្រកបដោយ​រលូន​និង​គ្មាន​អំពើហិង្សា​អ្វី​គួរឱ្យកត់សម្គាល់​ឡើយ​។ 
 
​មហាអំណាច​សហរដ្ឋអាមេរិក​បានបង្ហាញ​ពី​ការ​សាទរ​របស់ខ្លួន​មុន​ប្រទេស​ដទៃ​បន្តិច​។ តាំងពី​ព្រលប់​ថ្ងៃអាទិត្យ​ដែលជា​ថ្ងៃ​បោះឆ្នោត រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃើ​រី បាន​អបអរ​ប្រជាជន​មី​យ៉ាន់​ម៉ា​ចំពោះ​ការបោះឆ្នោត​ដ៏​មាន​សារៈសំខាន់​នេះ​។ លោក​ក៏បាន​សរសើរ​ដល់​ប្រជាជន​ទាំងអស់​ដែល​បាន​ចាប់យក​ឱកាស​ដ៏​ល្អ​នេះ​។​
 
​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៏​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក David Cameron បាន​អបអរ​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នេះ​។ លោក​ថា ការបោះឆ្នោត​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅកាន់​ប្រជាធិបតេយ្យ​ពិតប្រាកដ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​និង​សម្រាប់់​ប្រជាជន​មី​យ៉ាន់​ម៉ា​ទាំងមូល​ដែល​ចង់ឱ្យមាន​ការផ្លាស់ប្ដូរ​។​
 
​ចំណែកឯ​នាយករដ្ឋមន្ត្រី​ទើប​ជាប់ឆ្នោត​របស់​កាណាដា លោក Justin Trudeau ក៏​ចូលរួម​អបអរ​ដំណើរការ​ជា​ប្រវត្តិសាស្ត្រ​នេះដែរ ដោយ​លោក​បាន​និយាយថា ប្រជាជន​មី​យ៉ាន់​ម៉ា​បាន​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​យ៉ាង​រីករាយ ដែល​នេះ​បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់​ពួកគេ​ក្នុង​ដំណើរ​ការកសាង​ប្រជាធិបតេយ្យ​ដែល​នៅ​ក្មេងខ្ចី​នៅឡើយ​។​
 
​ដោយឡែក​ក្រុម​អ្នកសង្កេតការណ៍​អឺរ៉ុប​ដែល​ចូលមក​ឃ្លាំមើល​ក្នុងការ​បោះឆ្នោត​បានបញ្ជាក់​ពី​តម្លាភាព​នៃ​ដំណើរការ​បោះឆ្នោត​នេះ​។ ក្រុម​នេះ​បានប្រកាសថា ការបោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​មាន​លក្ខណៈ​សេរី​និង​មាន​តម្លាភាព តែ​នៅ​មិនទាន់​ល្អ​១០០​ភាគរយ​នោះទេ គឺ​ប្រហែលជា​៩៥​ភាគរយ​ប៉ុណ្ណោះ​។ 
 
​ក្រៅពី​ប្រទេស​ខាងលើ ប្រទេស​ពីរ​ទៀត​ក៏បាន​ចូលរួម​ក្នុងការ​អបអរសាទរ​ចំពោះ​ប្រជាជន​មី​យ៉ាន់​ម៉ា​ចំពោះ​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​២៥​ឆ្នាំ​នេះដែរ​។ ប្រទេស​អូស្ត្រាលី​បាន​សរសើរ​ដំណើរការ​បោះឆ្នោត និង​ថែមទាំង​រម្លឹកថា ខ្លួន​បានផ្ដល់​ប្រាក់​ប្រមាណ​៤,២​លាន​ដុល្លារ​សម្រាប់​ជួយ​ក្នុងការ​បោះឆ្នោតឱ្យ​ដំណើរការ​ល្អប្រសើរ​ថែមទៀត​។ ឯ​ប្រទេស​ថៃ​វិញ ដែល​ទើប​តែមាន​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំមុន ក៏បាន​បញ្ជាក់ថា ខ្លួន​ត្រៀម​រូ​ចរាល់​ហើយ​ដើម្បី​ធ្វើការ​ជាមួយ​គ្រប់ភាគី​របស់​មី​យ៉ាន់​ម៉ា ដោយ​រួមទាំង​រដ្ឋាភិបាល​ថ្មី​ផងដែរ​។​
  

Tag:
 បោះឆ្នោតមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com