អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មី​យ៉ាន់​ម៉ា​នឹង​នៅក្នុង​២៥​ឆ្នាំមុន បើ​ពេលនេះ​មេដឹកនាំ​យោធា​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត
12, Nov 2015 , 10:39 pm        
រូបភាព
ដោយ:
​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​ថ្ងៃទី​០៨ ខែវិច្ឆិកា គឺជា​វិញ្ញាសារ​សាកល្បង​មួយ​ដ៏​សំខាន់​សម្រាប់​តេស្ត​កម្រិត​នៃ​ដំណើរ​ឆ្ពោះទៅមុខ​នៃ​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​វ័យក្មេង​ដែល​ធ្លាប់​ចាក់​ឬ​ស​ដោយ​របប​យោធា​ជាច្រើន ទសវត្សរ៍​។  ខណៈពេលដែល​លទ្ធផល​បង្ហាញ​ជា​បណ្តើរៗ​ថា បក្សប្រឆាំង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី កំពុងតែ​ទទួលបាន​សំឡេង​នៃ​ការគាំទ្រ​ភ្លូក​ទឹក​ភ្លូក​ទឹក​មេដឹកនាំ​កំពូល​ដូចជា​ប្រធានាធិបតី ប្រធានរដ្ឋសភា និង មេបញ្ជាការ​កងទ័ព បានចេញ​មុខ​សាទរ​ផងដែរ​។ ផ្ទុយទៅវិញ ប្រសិនបើ​លទ្ធផល​ផ្លូវការ បាន​ទៅលើ​បក្ស​លោកស្រី​ស៊ូ ទទួល​ជ័យជម្នះ តែ​មេដឹកនាំ​យោធា មិន​ទទួលស្គាល់​នោះ​ប្រវត្តិសាស្ត្រ​មី​យ៉ាន់​ម៉ា នឹងត្រូវ​ជាន់​ដាន​ឡើងវិញ​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​មី​យ៉ាន់​ម៉ា គឺជា​អតីត​រដ្ឋ​មួយ​ដែល​ធ្លាប់​ស្ថិតក្រោម​អាណានិគម​ចក្រ​អង់គ្លេស ហើយ បានទទួល​ឯករាជ្យ ពេញលេញ​នៅក្នុង​ឆ្នាំ​១៩៤៨ ក្រោម​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​អ៊ុង​សាន ដែលជា​វីរៈបុរស​ឯករាជ្យ​ជាតិ និង ជា​ឱ​ពុក​របស់​មេដឹកនាំ​បក្សប្រឆាំង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​។ ក្រោយមក​ប្រទេស​នេះ ត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​យោធា​ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​នេ វិ​ន​។​
​បើ​យើង​ក្រលេកមើល​ការវិវត្ត និង ចលនា​លទ្ធិប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា បាន​ផ្ទុះឡើង​ខ្លាំង នៅក្នុង​ឆ្នាំ​១៩៨៨ ដែល​ពេល​មួយ​ដែល​លោកស្រី​អ៊ុង​សាន សូ​ជី បាន​ដឹក​នាំនូវ​ចលនា​ប្រឆាំងនឹង​ការដឹកនាំ ដោយ​របប​យោធា​របស់ លោក នេ វីន​។ ហើយ​ចុងក្រោយ របប​យោធា បានប្រកាស​ឲ្យ​មានការ​បោះ ឆ្នោត​ដោយ​សេរី និង យុត្តិធម៌​ក្នុង​ឆ្នាំ​១៩៩០ ។​

​គឺ​ឆ្នាំ​១៩៩០​នេះហើយ ដែល​ពេល​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា បានចាប់ផ្តើម​ចូលរួម​ទៅ​បោះឆ្នោត​យ៉ាង​ភ្លូក ទឹក ភ្លូ​កដី ជា​ពេលដែល​ពួកគេ​រំពឹងថា​នឹងមាន​ការផ្លាស់ប្តូរ​មេដឹកនាំ​យោធា​ទៅជា​មេដឹកនាំ​លទ្ធិ ប្រជា ធិបតេយ្យ​។ ជា​លទ្ធផល​នៃ​ការបោះឆ្នោត​នៅពេលនោះ បក្ស​សម្ព​ន្ធ័​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ របស់ លោក ស្រី​អ៊ុង​សាន ស៊ូ​ជី បានទទួល​ជ័យជម្នះ​ដោយ​សំឡេងគាំទ្រ​ដ៏​លើសលប់​ដូច​អ្វីដែល ប្រជា ពលរដ្ឋ​ចង់ឃើញ​ពោលគឺ​ពេលនោះ បក្ស​លោកស្រី​ទទួលបាន​អាសនៈ​៣៩២​នៃ​អាសនៈ​សរុប ៤៨៥​។ តែ​ជា​អកុសល លោកស្រី​ស៊ូ​ជី មិនអាច​មានលទ្ធភាព​ដើម្បី​បង្កើត​រដ្ឋាភិបាល​បានទេ ដ្បិត លទ្ធផល​នៃ​ការបោះឆ្នោត​ត្រូវបាន​យោធា​ទាត់ចោល និង ថែមទាំង​ឃុំឃាំង​លោកស្រី​ស៊ូ​ជី នៅក្នុង​ផ្ទះ​អស់​រយៈ​ជាង​មួយ​ទសវត្សរ៍​ទៀតផង​។

​តួអង្គ​ថ្មី​ដែល​មក​ជំនួស​តំណែង​លោកស្រី​ស៊ូ​ជី​តាមរយៈ​រដ្ឋប្រហារ​យោធា គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ ថា​ន់ ស្វេ​។ ថ្វី​ដ្បិត​លោក ថា​ន់ ស្វេ អាច​តំណែង​ក្នុងការ​គ្រប់គ្រង​មី​យ៉ាន់​ម៉ា​ក៏ដោយ ការគ្រប់គ្រង​មិនសូវ​ជា មានការ​រីកចម្រើន និង រុងរឿង​នោះទេ ដ្បិត​មិន​ត្រឹមតែ​ប្រជាជន​នោះទេ​ដែល​មិន​គាំទ្រ តែ​ប្រទេស​ខាង ក្រៅ​ក៏បាន​ថ្កោលទោស​ចំពោះ​ការឡើង​កាន់តំណែង​រដ្ឋ​ប្រហារ​នេះដែរ​។ សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន  និង បណ្តា​ប្រទេស​មួយចំនួន​ផ្សេងទៀត បានប្រកាស​ដាកទណ្ឌកម្ម​មី​យ៉ាន់​ម៉ា​។ ក្នុងនេះ មានន័យថា មី​យ៉ាន់​ម៉ា ចាប់​ដុនដាប​ទៅៗ ដ្បិត យោធា​មិន​ទទួលស្គាល់​នូវ​ឆន្ទៈ​នៃ​ការជ្រើសរើស​មេដឹកនាំរ​បស់ ប្រជាពលរដ្ឋ​។​

​យ៉ាងណាក៏ដោយ ក្រោយ​មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨ ដែល​បាន​បញ្ញត្តិ​នូវ​អំណាច​២៥ ភាគរយ​នៃ​អាសនៈ​សភា​ទៅ​ឲ្យ​យោធា គេ​ឃើញ​របប​យោធា​របស់ លោក ថា​ន់​ស្វេ ចាប់ផ្តើម​បន្ធូរ បន្ថយ និង មាន​ការវិវត្ត​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ម្តង​បន្តិចៗ​។ ហើយ ចុងក្រោយ​លោក ថា​ន់ ស្វេ បាន ចុះ​ចេញពី​តំណែង ហើយ ប្រកាស​ឲ្យ​មានការ​បោះឆ្នោត​ជាថ្មី​នៅ​ឆ្នាំ​២០១០ ដែល​ពេល​គណបក្ស​លោក ស្រី​ស៊ូ​ជី បាន​ពហិកា​មិន​ចូល​រូ​ម​។​

​ក្រោយ​បោះឆ្នោត​បានបញ្ចប់​លទ្ធផល​បាន​ទៅ​បក្ស​កាន់អំណាច​សហភាព​រួបរួម និង ការអភិវឌ្ឍន៍ ហើយ លោក​ថេ​ន សេន បានក្លាយ​តួអង្គ​ថ្មី​នៃ​ការកសាង​និង ផ្លាស់ប្តូរ​របប​យោធា​មកជា​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​ចាប់ពី​ឆ្នាំ​២០១១ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សម័យ​អន្តរកាល ។ លោក ថេ​ន សេន ត្រូវបាន គេ​ស្គាល់​ថា ជា​មេដឹកនាំ​ពាក់កណ្តាល​ស៊ីវិល​។ តំណែង លោក​ថេ​ន សេន ត្រូវបាន​មតិ​មួយចំនួន ជឿជាក់ថា ជាការ​រៀបចំ​របស់រ​បប​យោធា​ក្នុង​ដំណើរ​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ​។

​ដោយឡែក ការបោះឆ្នោត​ឆ្នាំ​២០១៥​នេះ បានក្លាយ​ជាការ​បោះឆ្នោត​ប្រវត្តិសាស្ត្រ​លើកដំបូង ក្នុង​រយៈពេល​២៥​ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ​១៩៩០ ដែលមាន​ការរួម​ពី​ប្រជា​ពល​ទៅ​បោះឆ្នោត​ភ្លូក​ទឹក​ភ្លូក ដី ។ លទ្ធផល​ជា​បណ្តើៗ បាន​បង្ហាញថា​គណបក្ស​លោកស្រី​ស៊ូ​ជី បានទទួល​សំឡេងគាំទ្រ​ដែល​ប្រៀប ប្រដូច​ទៅនឹង​ការបោះឆ្នោត​ឆ្នាំ​១៩៩០ ។ ទំនោរ​ចុង​ក្រោយនេះ គេ​ឃើញថា​ទាំង​រដ្ឋាភិបាល​ពាក់ កណ្តាល​យោធា​លោក​ថេ​ន សេន ទាំង​ឧ​ត្ត​ម​សេនីយ៍​យោធា​លោក Min Aung Hlaing ដែល​បាន​ឡើង កាន់តំណែង​របស់លោក ថា​ន់ ស្វេ បានចេញ​មុខ​សាទរ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​។ ផ្ទុយ​ទៅ បើ​មេដឹកនាំ​កំពូល​ទាំងនេះ មិន​គោរព​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​ត្រូវបាន​គេ​ជឿជាក់ថា​នឹង​បាន ទៅ​បក្ស​លោកស្រី​ស៊ូ​ជី នោះ​អតីតកាល​អាក្រក់​នៃ​លទ្ធិប្រជាធិបតេយ្យ​នឹងត្រូវ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​។ ហើយ​ការខិតខំ​ប្រឹងប្រែង​ផ្លាស់ប្តូរ​របប​យោធា​របស់​មេដឹកនាំ​កំពូលៗ នឹងត្រូវ​បាន​រលាយ​សាបសូន្យ​៕


© រក្សាសិទ្ធិដោយ thmeythmey.com