អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បញ្ហា​ប្រឈម​ធំៗ​របស់លោក​ស្រី ស៊ូ​ជី ក្រោយ​ការ​ឈ្នះឆ្នោត​!
13, Nov 2015 , 9:29 am        
រូបភាព
 
​តំណែង​ប្រធានាធិបតី មី​យ៉ាន់​មា ត្រូវ​ជ្រើសរើស​នៅ​ខែមករា ហើយ​រដ្ឋាភិបាល​បង្កើត​២ ឬ​៣​ខែ​បន្ទាប់​។ តែ​គេ​មិនទាន់​ដឹង​ទេ​ថា នរណា​ជា​ប្រធានាធិបតី​នៃ​ប្រទេស មី​យ៉ាន​ម៉ា នោះ​។ គណបក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​មែន​។ ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​រារាំង​លោកស្រី​មិន​ឲ្យ​ក្លាយជា​ប្រធានាធិបតី​បានឡើយ​។ តើ​អ្វីខ្លះ​ជាការ​ប្រឈម​របស់​លោកស្រី ស៊ូ​ជី ក្រោយ​ការជាប់ឆ្នោត​?


 
​គណបក្សប្រឆាំង​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទទួល​ជ័យជម្នះ​លើ​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​កន្លងមក​ភ្លូកទឹកភ្លូកដី​មែន​។ ប៉ុន្តែ លោកស្រី​ត្រូវបាន​រដ្ឋធម្មនុញ្ញ​ដែល​រៀបចំ​ដោយ​ក្រុម​យោធា​រារាំង​មិន​ឲ្យ​លោកស្រី​ក្លាយខ្លួនជា​ប្រធានាធិបតី​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​បានឡើយ​។ នេះ​គឺជា​បញ្ហា​ប្រឈម​ទី​១​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី​។ 
 
​រដ្ឋធម្មនុញ្ញ​ដែល​បង្កើតឡើង​ដោយ​ក្រុម​យោធា​បាន​ចែងថា យោធា​, បើទោះបីជា​មានការ​បោះឆ្នោត​ក៏ដោយ​, ក៏ត្រូវ​គ្រប់គ្រង​អាសនៈ​ចំនួន​២៥​ភាគរយ​នៃ​សភា​ជាន់​ទាប និង​សភា​ជាន់ខ្ពស់​នៃ​ប្រទេស​មី​យ៉ាន​ម៉ា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុម​យោធា មានអំណាច​បោះឆ្នោត​វ៉េតូ​(Veto)​ប្រឆាំងនឹង​ការប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ​។ បើតាម​សេណា​រី​យ៉ូ​នេះ លោកស្រី ស៊ូ​ជី គ្មាន​ផ្លូវ​អាច​ក្លាយជា​ប្រធានាធិបតី​ស្របច្បាប់​បានឡើយ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​លោកស្រី​នៅតែ​អាច​ក្លាយទៅជា​បុគ្គល​សំខាន់ និង​មានអំណាច​ខ្ពស់ជាង​ប្រធានាធិបតី​ទៅទៀត​។

លោកស្រី អ៊ុង​សាន ស៊ូ​ជី ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អ្នកស្រី​នឹង​ទទួលបាន​តំណែង​ខ្ពស់ជាង​តំណែង​ប្រធានាធិបតី​ទៅទៀត​។ បើ​យោងតាម​គម្រោង តំណែង​ប្រធានាធិបតី​នឹងត្រូវ​ជ្រើសរើស​នៅ​ខែមករា​ឆ្នាំ​២០១៦​ខាងមុខនេះ ហើយ​រដ្ឋាភិបាល​ថ្មី​នឹងត្រូវ​បង្កើតឡើង​នៅ​ខែ​មិនា ឬ​ខែមេសា​ឆ្នាំ​២០១៦​ខាងមុខ​។ 
 
​ទាក់ទង​នឹង​តំណែង​ប្រធានាធិបតី​នេះ អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស មី​យ៉ាន​ម៉ា រាំ​រាំង​មិន​ឲ្យ​អ្នកស្រី​កាន់តំណែង​នេះ​បានទេ ព្រោះតែ​ស្វាមី​របស់​អ្នកស្រី​ជា​ជនជាតិ​បរទេស (​ជនជាតិ​អង់គ្លេស​)​។ បញ្ហា​ទី​១​របស់លោក​ស្រី គឺ​មិន​មានឱកាស​ដឹកនាំ​ប្រទេស​ក្នុង​តំណែង​ជា​ប្រធានាធិបតី​ស្រប់ច្បាប់ ប្រសិនបើ​ក្រុម​យោធា​មិន​ព្រម​។ តែបើ​មាន​ភ្លើង​ខៀវ​ពី​ក្រុម​យោធា ពេលនោះ លោកស្រី អ៊ុង​សាន ស៊ូ​ជី អាច​មានឱកាស​ស្របច្បាប់​ក្នុងការ​ដឹកនាំ​ប្រទេស​។ 
 
​បញ្ហា​ទី​២​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី គឺ​លោកស្រី​ខ្វះ​ជំនាញ​គ្រប់គ្រង​យោធា​។ លោកស្រី ស៊ូ​ជី ទទួលបាន​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ជាន់ខ្ពស់​ផ្នែក​ទស្សនវិជ្ជា សេដ្ឋកិច្ច និង​នយោបាយ​។ លើសពីនេះទៅទៀត ការិយាល័យ​ប្រធានាធិបតី គ្មាន​សិទ្ធិ​តែងតាំង​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រសួង​កិច្ចការ​ព្រំដែន​។ 
 
​ក្រៅពី​ដំណោះស្រាយ​ជាមួយ​ក្រុម​យោធា​នោះ លោកស្រី ស៊ូ​ជី បាន និង​កំពុង​ប្រឈម​នឹង​ការជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​លោកស្រី​។ នេះ​ជា​តំណែង​ខ្ពស់បំផុត​ក្នុងការ​ដឹកនាំ​ប្រទេស​ក្រីក្រ​មួយ​នេះ​។ រហូតមក​ទល់នឹង​ពេលនេះ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា នរណា​នឹង​ឡើងកាន់តំណែង​ប្រធានាធិបតី​ជំនួស​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ 
 
​បន្ទុក​មួយទៀត​ដែល​លោកស្រី​នឹងត្រូវ​រែកពន់​បន្ថែមទៀត​នៅពេលដែល​លោកស្រី​ឡើង​ដឹកនាំ​ប្រទេស​នោះ គឺ​ដំណោះស្រាយ​ជាមួយ​ក្រុម រ៉ូ​ហ៊ីង​យ៉ា (​ជនជាតិភាគតិច​ដែល​មក​រស់​នៅលើ​ទឹកដី​មី​យ៉ាន់​មា​)​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកស្រី​ត្រូវ​ដោះស្រាយ​បញ្ហា​ជាមួយ​ពួក​ឧទ្ទាម​ចោរព្រៃ​។ ។ ទី​១ ក្រុម​បះបោរ កា​ជិន Kachin​។ ទី ២ គឺ​ក្រុម​បះបោរ ការ៉េ​ន Kayin​។ ទី ៣ គឺ​ក្រុម​បះបោរ រ៉ា​ឃី​ន Rakhine​។ ទី ៤ គឺ​ក្រុម​បះបោរ កា​យ៉ា Kayah និង​៥ គឺ​ក្រុម​បះបោរ សាន Shan​។ សូម្បីតែ​រដ្ឋាភិបាលយោធា និង​ពាក្យ​កណ្តាល​យោធា​របស់លោក ថេ​ន សេន ក៏​មិនអាច​ដោះស្រាយ​ជាមួយ​ក្រុម​ឧទ្ទាម​បាន​ផង​រហូតមក​ដល់ពេលនេះ​។ 
 
​ងាក​មក​និយាយ​បញ្ហា​សេដ្ឋកិច្ច​វិញ​ម្តង លោកស្រី​ត្រូវ​ប្រឈម​ដោះស្រាយ​ភាព​គ្មាន​ការងារ​ធ្វើ​របស់​យុវជន​មី​យ៉ាន​ម៉ា​។ អត្រា​ប្រជាពលរដ្ឋ​រស់នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ​មាន​កម្រិត​ខ្ពស់ ពោលគឺ​ជាង​២០​ភាគរយ​។ 
 
​ចំពោះ​នយោបាយ​ក្រៅប្រទេស​វិញ ប្រទេស មី​យ៉ាន់​ម៉ា ក្រោយ​ការបើកចំហរ​នឹង​ក្លាយទៅជា​ទីតាំង​យុទ្ធសាស្ត្រ​របស់​ប្រទេស​នៃ​សហភាព​អឺរ៉ុប​, សហរដ្ឋ​អា​មេ​ម​រិ​ក និង​មហាអំណាច​ចិនប្រជាមានិត​។ តើ​ថ្នាក់ដឹកនាំ​ថ្មី​នៃ មី​យ៉ាន​ម៉ា នឹង​ទោរទន់​ទៅកាន់​មហាអំណាច​មួយណា​? នេះ​គឺជា​សំណួរ​ដែល​គេ​ត្រូវ​រង់​ចាំមើល​បន្តទៀត​៕ 
 
 
 
 

Tag:
 បោះឆ្នោតមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com