តំណែងប្រធានាធិបតី មីយ៉ាន់មា ត្រូវជ្រើសរើសនៅខែមករា ហើយរដ្ឋាភិបាលបង្កើត២ ឬ៣ខែបន្ទាប់។ តែគេមិនទាន់ដឹងទេថា នរណាជាប្រធានាធិបតីនៃប្រទេស មីយ៉ានម៉ា នោះ។ គណបក្សលោកស្រី អ៊ុងសាន ស៊ូជី ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីមែន។ ប៉ុន្តែរដ្ឋធម្មនុញ្ញរារាំងលោកស្រីមិនឲ្យក្លាយជាប្រធានាធិបតីបានឡើយ។ តើអ្វីខ្លះជាការប្រឈមរបស់លោកស្រី ស៊ូជី ក្រោយការជាប់ឆ្នោត?
គណបក្សប្រឆាំងលោកស្រី អ៊ុងសាន ស៊ូជី ទទួលជ័យជម្នះលើការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងមកភ្លូកទឹកភ្លូកដីមែន។ ប៉ុន្តែ លោកស្រីត្រូវបានរដ្ឋធម្មនុញ្ញដែលរៀបចំដោយក្រុមយោធារារាំងមិនឲ្យលោកស្រីក្លាយខ្លួនជាប្រធានាធិបតីនៃប្រទេសមីយ៉ាន់ម៉ាបានឡើយ។ នេះគឺជាបញ្ហាប្រឈមទី១របស់លោកស្រី អ៊ុងសាន ស៊ូជី។
រដ្ឋធម្មនុញ្ញដែលបង្កើតឡើងដោយក្រុមយោធាបានចែងថា យោធា, បើទោះបីជាមានការបោះឆ្នោតក៏ដោយ, ក៏ត្រូវគ្រប់គ្រងអាសនៈចំនួន២៥ភាគរយនៃសភាជាន់ទាប និងសភាជាន់ខ្ពស់នៃប្រទេសមីយ៉ានម៉ា។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមយោធា មានអំណាចបោះឆ្នោតវ៉េតូ(Veto)ប្រឆាំងនឹងការប៉ុនប៉ងធ្វើវិសោធនកម្មរដ្ឋធម្មនុញ។ បើតាមសេណារីយ៉ូនេះ លោកស្រី ស៊ូជី គ្មានផ្លូវអាចក្លាយជាប្រធានាធិបតីស្របច្បាប់បានឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ក៏លោកស្រីនៅតែអាចក្លាយទៅជាបុគ្គលសំខាន់ និងមានអំណាចខ្ពស់ជាងប្រធានាធិបតីទៅទៀត។
លោកស្រី អ៊ុងសាន ស៊ូជី ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីនឹងទទួលបានតំណែងខ្ពស់ជាងតំណែងប្រធានាធិបតីទៅទៀត។ បើយោងតាមគម្រោង តំណែងប្រធានាធិបតីនឹងត្រូវជ្រើសរើសនៅខែមករាឆ្នាំ២០១៦ខាងមុខនេះ ហើយរដ្ឋាភិបាលថ្មីនឹងត្រូវបង្កើតឡើងនៅខែមិនា ឬខែមេសាឆ្នាំ២០១៦ខាងមុខ។
ទាក់ទងនឹងតំណែងប្រធានាធិបតីនេះ អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរដ្ឋធម្មនុញ្ញនៃប្រទេស មីយ៉ានម៉ា រាំរាំងមិនឲ្យអ្នកស្រីកាន់តំណែងនេះបានទេ ព្រោះតែស្វាមីរបស់អ្នកស្រីជាជនជាតិបរទេស (ជនជាតិអង់គ្លេស)។ បញ្ហាទី១របស់លោកស្រី គឺមិនមានឱកាសដឹកនាំប្រទេសក្នុងតំណែងជាប្រធានាធិបតីស្រប់ច្បាប់ ប្រសិនបើក្រុមយោធាមិនព្រម។ តែបើមានភ្លើងខៀវពីក្រុមយោធា ពេលនោះ លោកស្រី អ៊ុងសាន ស៊ូជី អាចមានឱកាសស្របច្បាប់ក្នុងការដឹកនាំប្រទេស។
បញ្ហាទី២របស់លោកស្រី អ៊ុងសាន ស៊ូជី គឺលោកស្រីខ្វះជំនាញគ្រប់គ្រងយោធា។ លោកស្រី ស៊ូជី ទទួលបានការសិក្សាថ្នាក់ឧត្តមសិក្សាជាន់ខ្ពស់ផ្នែកទស្សនវិជ្ជា សេដ្ឋកិច្ច និងនយោបាយ។ លើសពីនេះទៅទៀត ការិយាល័យប្រធានាធិបតី គ្មានសិទ្ធិតែងតាំងរដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការព្រំដែន។
ក្រៅពីដំណោះស្រាយជាមួយក្រុមយោធានោះ លោកស្រី ស៊ូជី បាន និងកំពុងប្រឈមនឹងការជ្រើសរើសបេក្ខជនប្រធានាធិបតីតំណាងឲ្យលោកស្រី។ នេះជាតំណែងខ្ពស់បំផុតក្នុងការដឹកនាំប្រទេសក្រីក្រមួយនេះ។ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងនៅឡើយទេថា នរណានឹងឡើងកាន់តំណែងប្រធានាធិបតីជំនួសលោកស្រី អ៊ុងសាន ស៊ូជី។
បន្ទុកមួយទៀតដែលលោកស្រីនឹងត្រូវរែកពន់បន្ថែមទៀតនៅពេលដែលលោកស្រីឡើងដឹកនាំប្រទេសនោះ គឺដំណោះស្រាយជាមួយក្រុម រ៉ូហ៊ីងយ៉ា (ជនជាតិភាគតិចដែលមករស់នៅលើទឹកដីមីយ៉ាន់មា)។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីត្រូវដោះស្រាយបញ្ហាជាមួយពួកឧទ្ទាមចោរព្រៃ។ ។ ទី១ ក្រុមបះបោរ កាជិន Kachin។ ទី ២ គឺក្រុមបះបោរ ការ៉េន Kayin។ ទី ៣ គឺក្រុមបះបោរ រ៉ាឃីន Rakhine។ ទី ៤ គឺក្រុមបះបោរ កាយ៉ា Kayah និង៥ គឺក្រុមបះបោរ សាន Shan។ សូម្បីតែរដ្ឋាភិបាលយោធា និងពាក្យកណ្តាលយោធារបស់លោក ថេន សេន ក៏មិនអាចដោះស្រាយជាមួយក្រុមឧទ្ទាមបានផងរហូតមកដល់ពេលនេះ។
ងាកមកនិយាយបញ្ហាសេដ្ឋកិច្ចវិញម្តង លោកស្រីត្រូវប្រឈមដោះស្រាយភាពគ្មានការងារធ្វើរបស់យុវជនមីយ៉ានម៉ា។ អត្រាប្រជាពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រមានកម្រិតខ្ពស់ ពោលគឺជាង២០ភាគរយ។
ចំពោះនយោបាយក្រៅប្រទេសវិញ ប្រទេស មីយ៉ាន់ម៉ា ក្រោយការបើកចំហរនឹងក្លាយទៅជាទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសនៃសហភាពអឺរ៉ុប, សហរដ្ឋអាមេមរិក និងមហាអំណាចចិនប្រជាមានិត។ តើថ្នាក់ដឹកនាំថ្មីនៃ មីយ៉ានម៉ា នឹងទោរទន់ទៅកាន់មហាអំណាចមួយណា? នេះគឺជាសំណួរដែលគេត្រូវរង់ចាំមើលបន្តទៀត៕