ជាតិ
សង្គមជាតិ
ពលរដ្ឋ​ខ្មែរ ៤៧​ភាគរយ គ្មាន​បង្គន់​បន្ទោបង់ ក្នុង​ឆ្នាំ​២០១៥​នេះ​
13, Nov 2015 , 9:31 am        
រូបភាព
ដោយ: ថ្មីៗ
 
​គិត​ត្រឹម​ឆ្នាំ​១៩៩០ មកដល់​ឆ្នាំ​២០១៥​នេះ កម្ពុជា​បាន​កាត់បន្ថយ​ចំនួន​ពលរដ្ឋ ៤២​ភាគរយ ដែល​បន្ទោបង់​ពាសវាល​ពាសកាល ដោយ​គ្មាន​បង្គន់​អនាម័យ​។ នា​ឆ្នាំ​១៩៩០ ពលរដ្ឋ​កម្ពុជា​៨៩​ភាគរយ ពុំបាន​ប្រើប្រាស់​បង្គន់ បន្ទោបង់ តែ​រហូតមកដល់​ឆ្នាំ​២០១៥  អត្រា​នេះ​បាន​ថយ​ចុះមក​ត្រឹម​៤៧​ភាគរយ​ប៉ុណ្ណោះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​


 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នេះ ពលរដ្ឋ​កម្ពុជា​៨៩​ភាគរយ​ពុំមាន​បង្គន់​អនាម័យ​ប្រើប្រាស់ សម្រាប់​ការ​បន្ទោបង់ កាលពី​ឆ្នាំ​១៩៩០​។ រហូតមកដល់​ឆ្នាំ​២០១៥​នេះ ការ​បន្ទោបង់​ដោយ​គ្មាន​បង្គន់ បាន​ថយ​ចុះមក​ត្រឹម​៤៧ ភាគរយ​ប៉ុណ្ណោះ ។ ការ​កាន់​បន្ថយ​ចំនួន​ពលរដ្ឋ​បន្ទោបង់​ពាសវាល​ពាសកាល​នេះ ត្រូវបាន​ក្រសួង​អភិវឌ្ឍន៍ជនបទ ចាត់ទុកថា ជា​វឌ្ឍនភាព ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ទី​៣ ដោយ​ទទួលបាន​ជោគជ័យ​ជាងគេ​ក្នុង​ពិភពលោក ក្នុងការ​កាត់បន្ថយ​អត្រា​ពលរដ្ឋ​បន្ទោបង់​ពាសវាល​ពាសកាល​នៅក្នុង រយៈពេល​ជាង​២​ទស្សវត្សរ៍​ចុងក្រោយ​នេះ​។ 
 
​ថ្លែង​ក្នុង​កម្មវិធី​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី​៦ ក្រោម​ប្រធានបទ «​អនាម័យ​គឺជា​ទំនួល​ខុសត្រូវ​របស់​យើងទាំងអស់គ្នា​» នា​ថ្ងៃទី​១២ ខែវិច្ឆិកា​ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អំពាវនាវ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​និង​ការគាំទ្រ​បន្ថែមទៀត​ពី​សំណាក់ ស្ថាប័ន​ជាប់​ពាក់ព័ន្ធ​ទាំងអស់​។  លោក​បានបញ្ជាក់​បែបនេះ​ថា​៖ «​ក្រសួង​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល សាធារណជន ព្រមទាំង​វិស័យ​ឯកជន ចាំបាច់​ត្រូវធ្វើ​ការងារ​រួមគ្នា ដើម្បី​ពង្រឹង​ធនធានមនុស្ស ការគ្រប់គ្រង និង​ការទទួលខុសត្រូវ​នៅ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ព្រមទាំង​បង្កើត​បរិយាកាស​សមស្រប​សម្រាប់​វិស័យ​ឯកជន​»​។​
 
​រដ្ឋមន្ត្រី​រូបនេះ បាន​បន្ថែមទៀតថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​លើកកម្ពស់​អនាម័យ​ជនបទ ដូចដែល​ត្រូវ​បានដាក់​ជា​អាទិភាព​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត​និង​លើ​កម្ពស់​អនាម័យ​ជនបទ ក្នុង​គោលបំណង​ផ្តល់​សេវា​ទឹកស្អាត​និង​អនាម័យ​ដល់​ប្រជាជន​ទាំងអស់ ដែល​រស់​នៅតាម​សហគមន៍​ជនបទ​នៅ​ឆ្នាំ ២០២៥ ។​
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១២ វិច្ឆិកា​  ម្សិលមិញនេះ ក្រសួង​អភិវឌ្ឍន៍ជនបទ រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​មូលដ្ឋាន បាន​ប្រារព្ធ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី​៦ ក្រោម​ប្រធានបទ «​អនាម័យ​គឺជា​ទំនួល​ខុសត្រូវ​របស់​យើងទាំងអស់គ្នា​» ដើម្បី​បង្ហាញ​ពី​វឌ្ឍនភាព ដែល​ទេស​កម្ពុជា​សម្រេច​បានក​ន្ល​ង​មក​៕ 
 
 

Tag:
 ក្រសួង​អភិវឌ្ឍ​ជនបទ​
© រក្សាសិទ្ធិដោយ thmeythmey.com