អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​សង្ឃឹម​ថាមី​យ៉ាន់​ម៉ា​នៅ​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​ខ្លួន​ក្រោយ​បោះឆ្នោត​
13, Nov 2015 , 10:27 am        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បានបង្ហាញ​ពី​ជំនឿ​ថា មី​យ៉ាន់​ម៉ា​នឹង​បន្ត​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ចិន​ក្នុងពេល​ខាងមុខ​ទៀត​។ លោក វ៉ាង យី បានលើកឡើង​ដូចនេះ ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា លោក  Wunna Maung Lwin ក្នុង​ខេត្ត យូ​ណាន នៃ​ប្រទេស​ចិន​។​

 
​ក្នុង​កិច្ចពិភាក្សា​ទ្វេភាគី កាលពី​ថ្ងៃ​ពុធ​កន្លងទៅ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​ដែល​ធ្វើឡើង​ដោយ​រលូន ហើយ​លោក​ក៏បាន​ស្នើឱ្យ​បន្ត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បន្តទៀត​។ 
 
​លោក វ៉ាង​យី បាន​ប្រា​ប់លោក Maung Lwin ថា ចិន​ចង់ឃើញ​ស្ថិរភាព ការរួបរួម​គ្នា​និង​ការចុះ​សម្រុង​ក្នុងសង្គម ក៏ដូចជា​ការ​សាមគ្គី​គ្នា​ក្នុង​គ្រប់ភាគី​ដើម្បី​ការអភិវឌ្ឍន៍​របស់​មី​យ៉ាន់​ម៉ា​។ លោក វ៉ាង បន្តថា ក្នុង​ពេលនេះ ចិន​នឹង​បន្ត​ជួយ​គាំទ្រ​មី​យ៉ាន់​ម៉ា​បន្ថែមទៀត ហើយ​ចិន​នឹងមិន​ផ្លាស់ប្ដូរ​គោល​ការ​ណ៏​ដែល​បានធ្វើ​នាពេល​កន្លងមក​ចំពោះ​ការអភិវឌ្ឍន៍​របស់​មី​យ៉ាន់​ម៉ា​នោះទេ​។​
 
​ជាការ​ឆ្លើយតប លោក Maung Lwin បានបញ្ជាក់​ពី​គោលនយោបាយ​មិន​ផ្លាស់ប្ដូរ​របស់​មី​យ៉ាន់​ម៉ា​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន បើទោះបីជា​មានការ​ផ្លាស់​ប្ដូរ​ផ្ទៃក្នុង​ក៏ដោយ​។ លោក​ក៏បាន​អរគុណ​ចិន​ដែល​តែងតែ​គោរព​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​មី​យ៉ាន់​ម៉ា ក៏ដូចជា ការគាំទ្រ​ទាំងឡាយ​របស់​ចិន​ចំពោះ​ដំណើរការ​នយោបាយ​និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​។ 
 
​លើសពីនេះទៅទៀត លោក Maung Lwin បាន​សង្កត់ធ្ងន់​ពី​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា​ក្នុងការ​ធ្វើការ​ជាមួយ​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​រួមគ្នា​ដូចជា ឧក្រិដ្ឋកម្ម​តាម​ព្រំដែន ភេ​វរ​កម្ម ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​តាម​ព្រំដែន​ប្រទេស​ទាំងពីរ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ចិន​មាន​សម្ព័ន្ធភាព​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា ខណៈ​មី​យ៉ាន់​ម៉ា​ទទួលរង​នូវ​ការដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​ពី​សំណាក់​ក្រុម​ប្រទេស​លោក​ខាង​កិ​ច​។ មិនតែប៉ុណ្ណោះ ចិន​ថែមទាំង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទាំង​នយោបាយ​និង​សេដ្ឋកិច្ច​ទៅលើ​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​៕ 
 

Tag:
 បោះឆ្នោតមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com