អ៊ីស្រាអែល​រង​១​កំផ្លៀង​របស់​សហភាព​អឺរ៉ុប​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីស្រាអែល​រង​១​កំផ្លៀង​របស់​សហភាព​អឺរ៉ុប​
13, Nov 2015 , 12:11 pm        
រូបភាព
ដោយ:
 ​ក្រុងប៉ារីស​៖ នៅ​ថ្ងៃ​ពុធ​ទី​១១​វិច្ឆិកា កន្លងទៅ សហភាព​អឺរ៉ុប បានអនុម័ត​រោងចក្រ​សហគ្រាស​ផ្សេងៗ ដោយ​បិទ​ស្លាក​សម្គាល់​លើ​ផលិតផល​ទំនិញ​នានា ដែល​នាំ​ពី​តំបន់​អាណានិគម​អ៊ីស្រាអែល ចូល​ទឺ​កដី​អឺរ៉ុប​។ ខណៈ​ប៉ា​ឡេ​ស្ទី​ន​អបអរ​វិធានការ​អឺរ៉ុប អ៊ីស្រាអែល​ខឹងសម្បារ​ជាខ្លាំង​។ លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេ​តាន់​យ៉ា​ហ៊ូ បាន​ចោទថា អឺរ៉ុប​គ្មាន​សីលធម៌ ហើយ រើសអើង​ជនជាតិ​ជ្វី​ហ្វ​។ អ៊ីស្រាអែល​បានប្រកាស​ព្យួរ​ចោល​ជំនួប​ការទូត​ជាច្រើន ដែល​ត្រៀម​ធ្វើ​នៅ​សប្តាហ៍​ក្រោយនេះ ជាមួយ​សហភាព​អឺរ៉ុប​។ សភា​អ៊ីស្រាអែល​កំពុង​ពិនិត្យមើល​សំណើ​ក្រុម​អ្នកនយោបាយ​អភិរក្សនិយម ដែល​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ចាត់វិធានការ​សងសឹក​អឺរ៉ុប​។


អ្នកនាង ព្រំ​សឿន សូលី​ណា  លម្អិតព័ត៌មាននេះ


 
​វិធាន​ការបិទ​ស្លាក​ផលិតផល​មកពី​តំបន់​អាណានិគម​អ៊ីស្រាអែល គឺ​ផ្តោតលើ​ផលិតផល​កសិកម្ម ដូចជា​បន្លែ ផ្លែឈើ ស្រា ទឹកឃ្មុំ រឺ​គ្រឿងសំអាង​ផ្សេងៗ ដែលជា​ផលិតផល ផលិត​ក្នុង​តំបន់​អាណានិគម​ស៊ិ​ស​ហ្ស៊​កដា​នី ហ្សេ​រុយ​សា​ឡិ​ម​ខាងកើត និង​តំបន់​ហ្កូ​ឡង់ ដែល​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអែល តាំងពី​ឆ្នាំ​១៩៦៧​មក​។​
 
​ការដែល​សហភាព​អឺរ៉ុប​អនុម័ត​សម្រេច ឲ្យ​បិទ​ស្លាក​លើ​ផលិតផល​នាំចូល​ពី​តំបន់​អាណានិគម​អ៊ីស្រាអែល គឺ​ដូច​ជាការ​ទះ​១​កំផ្លៀង​យ៉ាង​ចាស់ដៃ លើ​អ៊ីស្រាអែល​ដូច្នោះ​ដែរ ព្រោះ​វា​ហាក់​បាន​បញ្ជាក់ថា ជា​ផលិតផល​មកពី​តំបន់​ដែល​អ៊ីស្រាអែល​ឈ្លានពាន​។ សម្រាប់​សហគមន៍​អន្តរជាតិ​តំបន់​អាណានិគម​ទាំងនេះ​មិនមែនជា​ដែនដី​អ៊ីស្រាអែល​ទេ​។ ប៉ុន្តែ អ៊ីស្រាអែល​បាន​បិទ​ស្លា​កលើ​ទំនិញ​ដែល​ផលិត​នៅតាម​តំបន់​អាណានិគម​ទាំងនេះ សម្គាល់ថា ជា​ផលិតផល​ទំនិញ ដែល​ផលិត​ក្នុងស្រុក​អ៊ីស្រាអែល​។ 
 
​ដូច្នេះ បើ​អឺរ៉ុប​បិទ​ស្លា​កលើ​ផលិតផល​មកពី​តំបន់​អាណានិគម តែ​ផលិតផល​ទាំងនោះ​បែរជា​ដាក់​ស្លា​កថា ជា​ផលិតផល​ផលិត​នៅ​អ៊ីស្រាអែល វារឹតតែ​បញ្ជាក់ថា អ៊ីស្រាអែល​កំពុង​ឈ្លានពាន​ប៉ា​ឡេ​ស្ទី​ន​ឥត​កេរ្តិ៍ខ្មាស​ដូច្នោះ​ដែរ​។ ម្ល៉ោះហើយ ទាំង​នាយករដ្ឋមន្ត្រី ទាំង​អ្នកនយោបាយ​អ៊ីស្រាអែល សុទ្ធតែ​ខឹងសម្បារ​នឹង​វិធានការ​អឺរ៉ុប​ដូចៗ​គ្នា ថែមទាំង​នាំគ្នា​ចោទ​អឺរ៉ុប​ថា រើសអើង​ជនជាតិ​ជ្វី​ហ្វ​ទៀតផង​។ ក្រសួងការបរទេស អ៊ីស្រាអែល​បាន​កោះហៅ​តំណាង​ការទូត​អឺរ៉ុប​ប្រចាំ​នៅ​អ៊ីស្រាអែល​ឲ្យ​ទៅ​ជួប ដើម្បី​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​វិធាន​ការបិទ​ស្លាក​នេះ​។ 
 
​លោកនាយក​រដ្ឋមន្ត្រី បេន​យ៉ា​មីន នេ​តាន់​យ៉ា​ហ៊ូ បាន​បរិហារ​អឺរ៉ុប​ថា អឺរ៉ុប​គួរតែ​ខ្មាស​គេ ព្រោះថា ក្នុង​ពិភពលោក មាន​ជម្លោះ​កើតឡើង​រាប់រយ តែ​អឺរ៉ុប​បែរជា​មករក​រឿង​តែ​អ៊ីស្រាអែល​តែ​ម្នាក់​ទៅវិញ ខណៈ​អ៊ីស្រាអែល​ប្រយុទ្ធ ខ្នង​ទល់​ជញ្ជាំង ប្រឆាំងនឹង​អំពើ​ភេរវកម្ម​។ រដ្ឋមន្ត្រី​អ៊ីស្រាអែល​ម្នាក់ ថែមទាំង​បាន​ចោទ​អឺរ៉ុប​ថា ចាត់វិធានការ​នេះ ផ្តល់​រង្វាន់​ដល់​ចលនា​ភេរវកម្ម​ទៀតផង​។​
 
​រឿង​ភេរវកម្ម រឿង​ហិង្សា​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​នេះ មិនដែល​ឃើញ​ដោះស្រាយ​ចប់សព្វគ្រប់​ម្តងណា​ទេ​។ ជម្លោះ​ហិង្សា​មាន​រៀងរាល់ថ្ងៃ​។ ហិង្សា​រដូវក្តៅ​ឆ្នាំ​២០១៤ សម្លាប់​មនុស្ស​សន្ធឹកសន្ធាប់​រហូត​ខ្ទង់ពាន់​នាក់ ភាគច្រើន​ជា​ជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន មាន​ទាំង​ស្ត្រី មាន​ទាំង​កុមារ ក៏​មិនទាន់​ឃើញ​សហគមន៍​អន្តរជាតិ​ណាមួយ រឺ​តុលាការ​ណាមួយ​ជួយ​រក​យុត្តិធម៌ រកស​ខ្មៅ​ឲ្យ​ជនរងគ្រោះ​បាន​។ មិន​ត្រឹម​ប៉ុណ្ណេះ​ទេ ចំពោះ​ការ​ទំលាក់​គ្រាប់បែក​ពី​សំណាក់​អ៊ីស្រាអែល លើ​សាលារៀន​អង្គការសហប្រជាជាតិ នៅ​ហ្កា​ហ្សា ខាង​អ៊ីស្រាអែល​ថែមទាំង​ឆ្លើយតប​យ៉ាង​ព្រងើយ​ថា សាលារៀន​ទាំងនោះ​ត្រូវបាន​ក្រុម​ភេរវជន​យក​ធ្វើជា​កន្លែង​ស្តុក​អាវុធ​ទៀតផង​។ 
 
​លើក​នេះ សហភាព​អឺរ៉ុប​ប្រហែល​ចង់​ដាក់ទណ្ឌកម្ម​ដោយ​ប្រយោល​លើ​អ៊ីស្រាអែល ដែល​រឹងរូស​មិន​ព្រម​ចុះ​ញ៉ម ក្នុង​ជម្លោះ​ហិង្សា​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​ហើយ​មើលទៅ​។ សម្រាប់​ប៉ា​ឡេ​ស្ទី​ន វិធានការ​សហភាព​អឺរ៉ុប​បិទ​ស្លាក​ទំនិញ​នាំមក​ពី​តំបន់​អាណានិគម មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់​ទេ​។ សហភាព​អឺរ៉ុប​គួរតែ​ហាមឃាត់​កុំ​យក​ទំនិញ​នោះ​តែម្តង​ទើប​ត្រឹមត្រូវ ព្រោះថា វា​ជា​ទំនិញ​មកពី​តំបន់​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់​អ៊ីស្រាអែល ថា​អឺរ៉ុប​រើសអើង​ជនជាតិ​ជ្វី​ហ្វ រើសអើង​ផលិតផល​អ៊ីស្រាអែល សហភាព​អឺរ៉ុប​បាន​ឆ្លើយតប​ទៅវិញ​ថា ការសម្រេច​ដូច្នេះ គឺ​ស្របតាម​ច្បាប់ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​។ ច្បាប់ពាណិជ្ជកម្ម​ចែង​ប្រាប់​អ្នកប្រើប្រាស់​នៅ​អឺរ៉ុប ឲ្យ​ដឹង​ពី​ប្រភព​នៃ​ផលិតផល ដឹងថា តើ​ផលិតផល​ដែល​ខ្លួន​ទិញយក​ទៅប្រើ​នោះ បាន​នាំ​មកពី​ទីណា​ខ្លះ​។ 
 
​ប្រាកដ​ហើយ​ដែល​អ៊ីស្រាអែល​មិន​សប្បាយចិត្ត ព្រោះ​បិទ​ផ្លាក​លើ​ទំនិញ​តំបន់​អាណានិគម​ស៊ិ​ស​ហ្ស៊​កដា​នី រឺក៏​ហ្សេ​រុយ​សា​ឡិ​ម​ខាងកើត វារឹតតែ​ប្រាប់​អ្នកប្រើប្រាស់​នៅ​អឺរ៉ុប​អោយដឹងទៀតថា ផលិតផល​ទាំងនេះ ផលិត​ក្នុង​ដែនដី​ដែល​មិនមែនជា​កម្មសិទ្ធិ​របស់​អ៊ីស្រាអែល តែ​អ៊ីស្រាអែល​ហ៊ាន​ដាក់​ផ្លាក​ថា ជា​ផលិតផល​ខ្លួន​ស្រស់ៗ ផលិត​នៅ​អ៊ីស្រាអែល​ទៅវិញ​។ រដ្ឋាភិបាល​អ៊ីស្រាអែល​ភ័យខ្លាច​ថា វិធាន​ការបិទ​ផ្លាក​នេះ អាច​ជំរុញ​ឲ្យ​មានការ​ស្អប់ខ្ពើម​ផលិតផល​អ៊ីស្រាអែល ឲ្យ​អ្នកទិញ​លែង​ប្រើប្រាស់​ផលិតផល​អ៊ីស្រាអែល ហើយ​អ្នកវិនិយោគ​អាច​នឹង​ឈប់​រកស៊ី​ជាមួយ​អ៊ីស្រាអែល​ទៀត​។ ប៉ុន្តែ សហភាព​អឺរ៉ុប​អះអាងថា គ្មាន​បំណង​ជំរុញ​ឲ្យ​ផ្អាក​ការប្រើប្រាស់​ផលិតផល​អ៊ីស្រាអែល រឺក៏​ស្អប់​ជនជាតិ​ជ្វី​ហ្វ​ទេ​។ 
 
​គួររំលឹកថា សហភាព​អឺរ៉ុប​គ្រោង​អនុម័ត​វិធាន​ការបិទ​ស្លា​កលើ​ផលិតផល​មកពី​តំបន់​អាណានិគម​អ៊ីស្រាអែល​នេះ តាំងពី​ឆ្នាំ​២០១២​ម្ល៉េះ​។ ប៉ុន្តែ ការប្រជុំ​បី អនុម័ត​វិធានការ​នេះ ត្រូវបាន​លើក​ពេល​ទៅ​ឆ្នាំ​២០១៣ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការចរចា​សន្តិភាពរ​វា​ង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន ដែលមាន​អាមេរិក​ជា​អ្នក​ជួយ​ជ្រោមជ្រែង​។ បន្ទាប់មក ក៏​លើក​ពេល​បន្ត​ដល់​ឆ្នាំ​២០១៤ ដើម្បី​ចៀសវាង​ប៉ះពាល់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​អ៊ីស្រាអែល​។ 
 
​អ៊ីស្រាអែល​ខឹង​នឹង​វិធាន​ការបិទ​ស្លាក​ទំនិញ​ជាខ្លាំង និង​បាន​គំរាម​ទៅវិញ​ថា វិធានការ​នេះ​អាចធ្វើ​ឲ្យ​ដំណើរ​ការចរចា​សន្តិភាព​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​កាន់តែ​ស្មុគស្មាញ​។ អ៊ីស្រាអែល​បន្ថែមថា វិធានការ​នេះ មិនបាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អ៊ីស្រាអែល​ចុះខ្សោយ​ទេ ប៉ុន្តែ​វា​ធ្វើបាប​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដែល​ធ្វើការ​ក្នុង​តំបន់​អាណានិគម​ទៅវិញ​ទេ​។ បើ​ប្រជាជន​អឺរ៉ុប​លែង​ប្រើ​ផលិតផល​អ៊ីស្រាអែល​ដឹក​មកពី​តំបន់​អាណានិគម នោះ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដែល​ធ្វើការ​តាម​រោងចក្រ​ទំនិញ​ទាំងនេះ អាច​នឹង​បាត់បង់​ការងារ​ធ្វើ ដោយសារ​រោងចក្រ​លែង​ផលិត​នាំចេញ​ទៀត​។ គួរ​បញ្ជាក់ថា ឆ្នាំ​២០១៤ កន្លងមក ក្នុង​ការផ្តោះប្តូរ​ពាណិជ្ជ​កម្ម​រវាង​អ៊ីស្រាអែល​ជាមួយ​សហភាព​អឺរ៉ុប ផលិតផល​ដែល​ត្រូវគេ​បិទ​ផ្លាក​សម្រាប់​វិធានការ​អឺរ៉ុប​ថ្មី​នេះ មាន​តិចជាង​១​ភាគរយ​ប៉ុណ្ណោះ​៕
 

Tag:
 អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com