អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក ផ្គើន​ចិន​ដោយ​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​បន្ថែម​
13, Nov 2015 , 4:24 pm        
រូបភាព
ដោយ:
 
​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន បាន​អះអាង​ខ្លួន​ថា​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​ពីរ​គ្រឿងក្នុង​ការហោះហើរ​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សុវត្ថិភាព​។ នេះ គឺជា​ប្រតិបត្តិការ​ទី​២​ហើយ ដែល​អាមេរិក បាន​បញ្ជូន​កងទ័ពរ​បស់​ខ្លួន​មកកាន់​សមុទ្រ​ចិន​ខាងត្បូង ទោះបីជា​ចិន បាន​ព្រមាន​ថា នឹងមាន​សង្គ្រាម​នឹង​គ្នា​ក៏ដោយ​។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​



​មន្ទីរ​បញ្ច​កោណ​អាមេរិក បាន​បញ្ជាក់ថា យន្តហោះ​ទម្លាក់​គ្រាប់​ប្រភេទ B52​ពីរ​គ្រឿង​របស់​អាមេរិក បាន​ហោះហើរ​ដោយ​សុវត្ថិភាព​នៅក្បែរ​កោះ​សិប្បនិម្មិត​របស់​ចិន​ដែល​សាងសង់​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃទី​០៨-០៩ ខែវិច្ឆិកា​កន្លងទៅ​។ ប្រតិបត្តិការ​នេះ ក៏ត្រូវ​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​មន្ត្រី​គ្រប់គ្រង​ចិន​នៅក្នុង​តំបន់​នោះ​ផងដែរ ដោយ​មិនមាន​ការគំរាមកំហែង​ណាមួយ​ត្រូវបាន​ធ្វើឡើង​នោះឡើយ​។​
 
​សូម​រម្លឹក​បន្តិច​ថា កាលពី​ចុងខែ​តុលា​កន្លងទៅ រដ្ឋាភិបាល​អាមេរិក ក៏បាន​បញ្ជូន​នាវាចម្បាំង​មកកាន់ តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ជោគជ័យ​ផងដែរ ។ ប្រតិបត្តិការ​នោះ បានធ្វើ​ឲ្យ​រដ្ឋ​អាស៊ាន​មួយ ចំនួន​បាន​សម្តែង​ការ​សាទរ ខណៈ​ចិន មានការ​ភ្ញាក់ផ្អើល និង ព្រមាន​ការប៉ះទង្គិច​គ្នា​។ តែ ប្រតិបត្តិការ​ពេលនោះ គឺ​អាមេរិក បាន​បញ្ជាក់ថា​ធ្វើឡើង​ដើម្បី​អនុវត្ត​សិទ្ធិសេរីភាព​តាម​ដែនសមុទ្រ​ប៉ុណ្ណោះ​។​
 
​បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក​មេបញ្ជាការ Bill Urban ប្រតិបត្តិការ​ចុង ក្រោយនេះ ពោលគឺ​ការហោះហើរ​នៃ​យន្តហោះ​ទម្លាក់​គ្រាប់ បានធ្វើ​ឡើង​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ថ្ងៃទី​០៨-០៩ វិច្ឆិកា​នៅក្បែរ​តំបន់​កោះ​ស្ព្រា​ត​លី​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​កោះ​សិប្បនិម្មិត​របស់​ចិន​។ ហើយ ប្រតិបត្តិ​ការលើក​នេះ គឺជា​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការហោះហើរ​។ មានន័យថា នៅពេលនេះ​អាមេរិក បានសម្រេច​ប្រតិបត្តិការ​ពីរ​ផ្សេងគ្នា​របស់ខ្លួន​ទាំង​ដែនអាកាស និង ដែនសមុទ្រ ក្រោម​ស្លាក​នៃ​ការអនុវត្ត​ច្បាប់​អន្តរជាតិ នៅលើ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ប្រតិបត្តិការ​ទាំងពីរ​លើក​នេះ ធ្វើឡើង​ស្របពេល​ដែល​លោក​ប្រធានាធិបតី អាមេរិក បា​រ៉ា​ក់ អូ​ប៉ា​ម៉ា ត្រៀម​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​APEC នៅ​ហ្វីលីពីន និង កិច្ចប្រជុំ​ជាមួយនឹង​អាស៊ាន​នៅ​ម៉ាឡេស៊ី​ផងដែរ​។ 
 
​ក៏ប៉ុន្តែ អ្នកនាំពាក្យ​សេត​វិមាន លោក  Josh Earnest បាន​បញ្ជាក់ថា គេ នៅ​មិនទាន់​ដឹងថា លោក អូ​បា​ម៉ា នឹង​លើកយក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​របៀបវារៈ​របស់​ខ្លួន​នៅ ឡើយ​នោះទេ​។​
 
​យ៉ាងណាក៏ដោយ គេ​សង្កេតឃើញ​ចិន ដែលជា​ភាគី​តែមួយគត់​ដែល​បានទាមទារ​ដែន​អធិបតេយ្យ នៅក្នុង​តំបន់​ជម្លោះ​ស្ទើរតែ​ទាំងស្រុង​នោះ ហាក់ដូចជា​រក្សា​ភាពស្ងប់ស្ងាត់​ក្នុងការ​បញ្ចេញ​នូវ​កងកម្លាំង ដើម្បី​ប្រឈម​ជាមួយនឹង​វត្តមាន​របស់​កងទ័ព​អាមេរិក​។ តែ​កន្លងមក ចិន​ធ្លាប់បាន​ព្រមាន​ថា​សង្គ្រាម អាច​នឹង​ផ្ទុះឡើង បើ​អាមេរិក នៅតែ​បន្តសកម្មភាព​របស់ខ្លួន​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​
 
​សូមបញ្ជាក់ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​រវាង​រដ្ឋ​អាស៊ាន​បួន​ដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម ជាមួយនឹង​ចិន​។ តែ​ចុង​ក្រោយនេះ ដោយសារតែ​ចិន​នៅតែ បន្តសកម្មភាព​នៃ​ការចូលទៅ​កាន់កាប់​ដោយ​ឯកតោភាគី ដែល​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ជុំវិញ​ការធ្វើ​នាវាចរណ៍​តាម​ដែនសមុទ្រ អាមេរិក រួមជាមួយ​នឹង​សម្ព​ន្ធ័​ខ្លួន​ដូចជា​អូស្ត្រាលី និង ជប៉ុន​កំពុងតែ​លូកដៃ ចូល​ជ្រៅ​ដើម្បី​អន្តរាគមន៍​ក្រោមរូបភាព​ធានា​សន្តិសុខ និង សេរីភាព​ដែនសមុទ្រ​៕ 
 

Tag:
 សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com