អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចាប់ពីពេលនេះ​តទៅ​វាសនា​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​នឹងត្រូវ​បញ្ចប់​ហើយ
13, Nov 2015 , 8:39 pm        
រូបភាព
ដោយ:
​មកទល់ពេលនេះ បក្សប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី បានទទួល​សំ ឡេង​ភាគច្រើន​ដាច់ខាត​នៃ​អាសនៈ​សភា​មី​យ៉ាន់​ម៉ា​សរុប​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​បាន​ហើយ​។ ចំនួន​អាសនៈ អាចនឹងទទួល​បា​នប​ន្ថែ​ម ដ្បិត​ការរាប់​សន្លឹកឆ្នោត​កំពុងតែបន្ត​។ យ៉ាងណាមិញ លទ្ធ​ល​នេះ មានន័យថា រដ្ឋាភិបាល​របប​យោធា​ដែល​ចាក់​ឬ​ស​ជាច្រើន​ទសវត្ស​រ៍ហើយ​នោះ ក៏​នឹង ត្រូវ​បញ្ចប់​នៅពេល​ខាងមុខ​ផងដែរ​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​យោងតាម​សេចក្តីប្រកាស​លទ្ធផលរ​បស់​គណៈកម្មាធិការ​ស​ហ​ភាព​រៀបចំ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា គិត​ត្រឹម ម៉ោង​១ និង ៥០​នាទី នៃ​ម៉ោង​ក្នុងស្រុក នៅ​ថ្ងៃ​សុក្រ​ទី​១៣​ខែវិច្ឆិកា បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រ ជា​ធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បានទទួល​សំឡេង​៣៤៨​នៃ​អាសនៈ​សរុប​សភា​ទាំងពីរ​ជាន់​។ ក្នុងចំណោម​សំឡេង ៣៤៨ នៃ​អាសនៈ​នោះ រួមបញ្ចូល សភា​ជាន់​ទាប ដែល​មី​យ៉ាន់​ម៉ា​ហៅថា PYITHU HLUTTAW ២៣៨​អាសនៈ និង សភា​ជាន់ខ្ពស់​ដែល​មី​យ៉ាន់​ម៉ា​ហៅថា AMYOTHA HLUTTAW ១១០​អាសនៈ​។

​ខណៈ​ការរាប់​សន្លឹកឆ្នោត​នៅតែ​បន្ត លទ្ធផល​បានបង្ហាញ​យ៉ាងច្បាស់​ហើយ​ថា បក្ស​លោកស្រី​អ៊ុង​សាន ស៊ូ​ជី បានទទួល​សំឡេង​លើសពី​ភាគច្រើន​ដាច់ខាត​នៃ​សំឡេង​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​។

​សូមបញ្ជាក់​ផងដែរ​ថា ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មី​យ៉ាន់​ម៉ា គឺ​ទាមទារ​ឲ្យ​មាន​សំឡេង គាំទ្រ​នៅក្នុង​សភា​មី​យ៉ាន់​ម៉ា​យ៉ាងតិច​ហាសិប​បូក​មួយ ឬ​សំឡេង​ភាគច្រើន​ដាច់ខាត​។ សំឡេង​នេះ ក៏ត្រូវ​រាប់បញ្ចូល​ទាំង​សំឡេង​របស់​យោធា​ដែល​បម្រុង​ទុក​នៅក្នុង​សភា​មី​យ៉ាន់​ម៉ា​២៥​ភាគរយ​ផងដែរ​។

​គួរកត់សម្គាល់​នោះ ជាគោលការណ៍​ដើម្បី​បង្កើត​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែល​សំដៅលើ​ការជ្រើសរើស ប្រធានាធិបតី​អាណត្តិ​ថ្មី​នោះ យ៉ាងហោចណាស់​ត្រូវបាន​មាន​សំឡេងគាំទ្រ​៣២៩​អាសនៈ​នៃ​អាសនៈ សរុប​៦៦៤(​តែ​ដកចេញ​៧)​របស់​សភា​។ តែ​ពេលនេះ​បក្ស​លោកស្រី បានទទួល​សំឡេង​រហូតដល់ ៣៤៨​ហើយ ពោលគឺ​គ្មាន បញ្ហា​អ្វី​សម្រាប់​លោកស្រី​ស៊ូ​ជី ក្នុង​ការបង្កើត​រដ្ឋាភិបាល​នោះទេ​។

​លទ្ធផល​នេះដែរ ក៏​មានន័យថា​រដ្ឋាភិបាល​យោធា ឬ ពាក់កណ្តាល​យោធា​របស់លោក​ប្រធានាធិបតី ថេ​ន សេន នឹងត្រូវ​បញ្ចប់​នៅពេល​ឆាប់​២​ខាងមុខ ពោលគឺ​រដ្ឋាភិបាល​ថ្មី​ក្រោម​ការដឹកនាំ​ដោយ​បក្ស ប្រឆាំង​លោកស្រី ស៊ូ​ជី បង្កើត​។ ការបោះឆ្នោត​បង្កើត​រដ្ឋា​ភិ​បាល ត្រូវបាន​រំពឹងថា​នឹងត្រូវ​ធ្វើឡើង​នៅ​ដើមឆ្នាំ​២០១៦​ខាងមុខ​។​

​ថ្វី​ដ្បិត​បក្ស​លោកស្រី​ស៊ូ​ជី អាចបង្កើត​រដ្ឋាភិបាល​ថ្មី​ដោយ​ខ្លួនឯងបាន​ក៏ដោយ លោក ស្រី​ស៊ូ​ជី នៅតែ​មិនមាន​លទ្ធភាព​ដើម្បី​ជា​បេក្ខភាព​ប្រធានាធិបតី​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​បានឡើយ​។ នោះ ក៏​ព្រោះតែ​បទបញ្ញត្តិ​នៃ​មាត្រា​៥៩ នៃ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ឆ្នាំ​២០០៨​ដែល​ធ្វើឡើង​ដោយ​យោធា បាន​រារាំង​លោកស្រី​មិន​ឲ្យ​ឈរឈ្មោះ​បាន​។ តែ លោកស្រី​ស៊ូ​ជី បាន​អះអាង​មុន​ការបោះឆ្នោត​ហើយ​ថា លោកស្រី នឹង មាន​តំណែង​ខ្ពស់ជាង​ប្រធានាធិបតី​ទៅទៀត​។ ចំណុច​នេះ​ទំនងជា​លោកស្រី ចង់​សំដៅ លោកស្រី​នឹង​តែងតាំង​សមាជិក​បក្ស​ណាមួយ​របស់លោក​ស្រី​ឲ្យ​ឈរឈ្មោះ​ជា​ប្រធានាធិបតី តែ​តំណែង​នេះ ត្រូវ​ស្តាប់​ការបង្គាប់បញ្ជា​របស់លោក​ស្រី​។​

​សូមបញ្ជាក់​ផងដែរ ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​ដែល​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា​កន្លងទៅ គឺជា ការបោះឆ្នោត​តាមបែប​លទ្ធិប្រជាធិបតេយ្យ​ប្រវត្តិសាស្ត្រ​រយៈពេល​២៨​ឆ្នាំ ពោលគឺ​បន្ទាប់ពី​ការបោះ ឆ្នោត​ឆ្នាំ ១៩៩០ ដែល​លទ្ធផល​បក្ស​លោកស្រី​ស៊ូ​ជី ត្រូវបាន​យោធា​បដិសេធចោល​។ យ៉ាងណា ក៏ដោយ​ការបោះឆ្នោត​លើក​នេះ បានទទួល​បាន​ភ្លើង​ខៀវ​ទាំង​រដ្ឋាភិបាល​ពាក់កណ្តាល យោធា​លោក ថេ​ន សេន និង មេ​បញ្ជា​កងទ័ព​ហើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com