ពីនេះ ពីនោះ
ពាក្យ​«​មេ​» និង​ពាក្យ​«​បង​»​កំពុង​ពេញនិយម​នៅក្នុង​សង្គម​ខ្មែរ​នា​សម័យថ្មី​
20, Aug 2022 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ អ្នកមាន​ឋានៈ​តូចតាច (​ឋានៈ​ថ្នាក់ក្រោម​) តែងតែ​ហៅ អ្នក​ដែលមាន​ឋានៈ​ខ្ពស់ជាង​ច្រើន ឬ​ខ្ពស់ជាង​បន្តិច​ថា​«​មេ​»​។ ឥឡូវ​ពាក្យ​នេះ ក្លាយ​ទៅ​ពាក្យ​ពេញនិយម​មែនទែន​។ ពេលខ្លះ គ្រាន់តែ​ឃើញ​បុគ្គល​ណា​ម្នាក់​ស្លៀកពាក់​សម្លៀកបំពាក់​ស្អាតបាត សមរម្យ ពេលនោះ បុគ្គល​នោះ ត្រូវបាន​អ្នកផ្សេង ជាពិសេស អ្នកមាន​ឋានៈ​តូចតាច​ហៅថា​«​មេ​»​ភ្លាម​។ ហៅថា​«​មេ​» ពេលខ្លះ ដើម្បី​លើកទឹកចិត្ត​បុគ្គល​នោះ​។ ហើយ​ត្រឡប់មកវិញ ពួ​ល​គេ​ចង់បាន​«​លុយ​ធីប​»​។ មាន​ករណី​កើតឡើង​យូរៗ​ម្តង កូន​ប៉ូលីស​តាមផ្លូវ ដើរទៅ​គោរព​អ្នកបើកបរ​រថយន្ត​ទំនើបៗ​ដោយ​និយាយថា​៖«​សូម​គោរព​មេ​!»​។ ជា​ថ្នូរ​នឹង​ពាក្យ​នេះ លុយ​៥ ឬ​១០​ដុល្លារ​ក៏​ធ្លាក់​ចេញពី​ហោប៉ៅ​បុគ្គល​ដែល​គេ​ហៅថា​«​មេ​»​នោះ​។



​ងាក​មក​និយាយ​ពី​ពាក្យ​«​បង​»​វិញ​។ ពាក្យ​នេះ​ក៏​កំពុង​ពេញនិយម​ខ្លាំង​ណាស់ដែរ​។ ពាក្យ​នេះ កាលពី​ដើមឡើយ​ត្រូវបាន​គេ​ប្រើប្រាស់​ភាគច្រើន​ចំពោះតែ​ដៃគូ​ស្នេហា​តែប៉ុណ្ណោះ​។ មានន័យថា បើ​នារី​ណា​ម្នាក់​ចង់​ហៅ​បុរស ពួកគេ​ភាគច្រើន ច្រើន​ប្រើប្រាស់​ពាក្យ​«​ពូ​»​ជំនួស​ពាក្យ​«​បង​» ពីព្រោះ ពាក្យ​«​ពូ​»​មិន​បង្កប់ន័យ​ស្នេហា​ទេ​។ តែ​នៅពេល​បច្ចុប្បន្ននេះ ពាក្យ​«​បង​»​ត្រូវបាន​នារី​វ័យក្មេង​សម័យថ្មី​ប្រើប្រាស់​ដើម្បី​ធ្វើ Marketing ទៅវិញ​។ នៅតាម​ហាង​លក់ទំនិញ និង​តាម​ភោគ​នី​យ​ដ្ឋា​ន​ភាគច្រើន នារី​វ័យក្មេង​ល្ហក់​(១៧ ឬ​១៨​ឆ្នាំ​) នាំគ្នា​ហៅ អតិថិជន វ័យ​ចំណាស់​ដែល​ពេលខ្លះ មាន​អាយុ​រហូតដល់​ទៅ​ជាង​៦០​ឆ្នាំ ឬ​៧០​ឆ្នាំ​ថា​«​បង​»​។ 
 
​បុគ្គលិក​វ័យក្មេង​មួយចំនួន​ត្រូវបាន​ថៅកែ​តម្រូវ​ឲ្យ​ហៅ​បុរស​វ័យ​ចំណាស់​ថា​«​បង​» ពីព្រោះ ពាក្យ​នេះ អាច​ទាក់ទាញ​អារម្មណ៍​អតិថិជន​បាន​ច្រើន​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com