អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ភេរវកម្មនៅប៉ារីសបំភ័យមេដឹកនាំពិភពលោកចូលរួមកិច្ចប្រជុំស្តីពីអាកាសធាតុចុងខែ
14, Nov 2015 , 9:43 am        
រូបភាព
ដោយ: ថ្មីៗ
ករណីភេរវកម្ម​ដែលរៀបចំ​ទុក​មុន​​មានទ្រង់ទ្រាយ​ធំ​ដែលសម្លាប់​មនុស្ស​អស់​ជាង​១៤០​នាក់​នៅកណ្តាលទីក្រុង​ប៉ារីស​ត្រូវ​បានគេ​​សន្និុដ្ឋាន​ផ្សេងៗគ្នាុ។ គេ​ដាក់​ការ​សង្ស័យ​ថា​ការវាយប្រហារ​នេះ​ ក្រុម​ភេរវករ​មាន​ចេតនា​បំភ័យ​ក្រុមមេដឹកនាំ​ពិភពលោក​ដែលគ្រោងនឹងចូល​រួ​ម​សន្និសីទស្តីពីអាកាសធាតុដែលរៀបចំ​នៅប៉ារីសចុងខែនេះ។ ឥឡូវនេះ​លោក ហ្វ្រង់​ស្វ័រ​ហូឡង់​បាន​សម្រេចចិត្តលុបចោល​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​ប្រទេស​២០​ នៅតួកគីចុងសប្តាហ៍នេះ។


ចលនា​វាយប្រហារដោយក្រុមភេរវជន​នៅកណ្តាល​ទីក្រុងប៉ារីស​បានធ្វើឲ្យ​ពិភពលោកទាំងមូលព្រួយបារម្ភខ្លាំង។ ភេរវករបានកំណត់​យកទីតាំងដែល​មានមនុស្សកកកុញនាពេលរាត្រី​ដូចជាភោជនីយដ្ឋាន រង្គសាល និងទីតាំងប្រគុំតន្ត្រី​ជាដើមផង។ ប៉ុន្តែ​ករណី​វាយប្រហារ​នៅ​បារំាង​ដោយ​ក្រុម​ភេរវជនរយៈពេលប៉ុន្មាន​ខែចុងក្រោយនេះ​មិនមែនជារៀង​ថ្មីទេ ព្រោះវាកើត​ឡើង​ជាញឹកញាប់​​។  

ទាក់ទិនករណីវាយប្រហារ​ដោយភេរវកម្មទ្រង់ទ្រាយធំនេះដែរ គេ​ដាក់​ការសង្ស័យ​លើក្រុមរដ្ឋឥស្លាម​ព្រោះក្រុម​នេះ​បាន​អុកឡុក​ប្រទេសបារាំងជាច្រើនដងមក​ហើយ​​ចាប់តាំង​ពី​វាយប្រហារ​ទស្សនាវដ្តី​ Charlie Hebdoដើមឆ្នាំនេះម្ល៉េះ។ ​ហើយគោលដៅ​ចម្បងរបស់​ក្រុមនេះ​​ក្រៅ​ពីបង្កចលាចល​និងសង​សឹក​បារាំង វាអាច​ជាការ​បំភ័យ​បណ្តាមេដឹកនាំពិភពលោលដែលនឹង​ប្រមូល​ផ្តុំគ្នា​នៅ​កណ្តា​លក្រុង​ប៉ារី​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​អាកាស​ធាតុ (COP21) ​នៅ​ចុង​ខែ​នេះផង។ ក្រុម​អ្នកជំនាញ​ព្រមាន​ពី​បញ្ហាសន្តិសុខ​ ក្រោយករណី​វាយប្រហារ​ដ៏ព្រៃ​ផ្សៃនេះកើតឡើង។ តែទោះជាយ៉ាងណាក៏ដោយ មិនមានព័ត៌មាន​ឬការលើកឡើងពីការផ្លាស់ប្តូរ ឬកែប្រែ​កិច្ចប្រជុំ​អន្តរជាតិ​នេះទេ។  

បច្ចុប្បន្ន​នេះ​សន្តិសុខ​នៅបារាំងទាំងមូល​កំពុង​រឹតបន្តឹង​ខ្លាំងដើម្បី​ការពារសន្តិសុខ ហើយព្រំដែន​បារាំងត្រូវបិទនិងស្ថិត​ក្រោមការ​រឹតបន្តឹងខ្លាំងដើម្បី​ប្រមាញ់​ក្រុមភេរវជន។​ដោយសារ​តែបារាំងជា​ប្រទេស​ស្ថាបនិកមួយក្នុងចំណោម​ប្រទេសស្ថាបនិក​ផ្សេងទៀត​នៃ​សម្ព័ន្ធប្រទេសប្រឆាំងក្រុម​រដ្ឋឥស្លាម​នៅស៊ីរី​និងអ៊ីរ៉ាក់ គេ​វាយតម្លៃថាមានភាគរយខ្ពស់​ដែលថា​ក្រុម​នេះ​ជាអ្នក​រៀបចំការវាយប្រហារដើម្បីសងសឹក។  ចំណែក​លោក​ ហ្វ្រង់​ស្វ័រ ហូឡង់​ ឯណោះវិញ​បាន​ប្រកាស​​ដាក់រដ្ឋ​ក្នុងភាពអាសន្ន ហើយលោកអះអាងថា​ អាជ្ញាធរបារាំងដឹង​ថា​ក្រុម​ភេរវជន​មកពីណាហើយ តែលោក​មិន​បញ្ជាក់ឈ្មោះក្រុមទេ។

សូមបញ្ជាក់ថា ជុំវិញករណីវាយប្រហារនេះ សាក្សី​ដែលស្ថិតនៅកន្លែងកើតហើយបានអះអាងថាខ្លួនបានលើសំឡេងផ្ទុះចំនួន​៥​នៅក្រៅសាលតន្ត្រី Bataclan ។ ហើយ​ក្រុមខ្មាន់កាំភ្លើង​បាន​បាញ់​លើ​អ្នក​ទៅទស្សនាការប្រគុំតន្ត្រីម្តងមួយៗមុនពេលក្រុមប៉ូលិសសម្រុក​ចូលក្នុងអាគារនិងសម្លាប់ក្រុមខ្មាន់កាំភ្លើង៤នាក់៕

 

© រក្សាសិទ្ធិដោយ thmeythmey.com