អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រោយការវាយប្រហារនៅបារាំង ហ្វីលីពីន​ប្តេជ្ញា​ការពារ​​សុវត្ថិភាព​មេដឹកនាំ​ចូលរួម​កិច្ចប្រជុំ APEC
14, Nov 2015 , 10:23 am        
រូបភាព
 ក្រោយករណីវាយប្រហារដោយ​ភេរវកម្មនៅ​បារាំងសម្លាប់មនុស្ស​ច្រើនជាង១០០នាក់ ​មេដឹកនាំ​ប្រទេស​ហ្វីលីពីនបានសន្យាថា​នឹងរឹតបន្តឹង​សន្តិសុខ​ឲ្យរឹងមាំបំផុត​ដើម្បីការពារសុវត្ថិភាព​មេដឹកនាំ​ពិភពលោកដែលនឹងមក​ចូលរួមកិច្ចប្រជុំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក( APEC) នៅ​ហ្វីលីពីន។ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ក៏នឹ​ងអញ្ជើញចូលរួម​ក្នុងកិច្ចប្រជុំ​ថ្នាក់តំបន់​នេះជាមួយបណ្តាមេដឹកនាំផ្សេងទៀតនៅសប្តាហ៍ក្រោយដែរ។


ក្រោយក្រុមភេរវជន​អុកឡុកនិងវាយប្រហារនៅទីក្រុងប៉ារីសដោយសម្លាប់មនុស្សប្រហែល១៤០នាក់​ បញ្ហាសន្តិសុខកំពុងក្លាយជាបញ្ហាចោទសម្រាប់ហ្វីលីពី​នដែលនឹងធ្វើជាម្ចាស់ផ្ទះ​នៃកិច្ច​ប្រជុំកិច្ចសហប្រតិបត្តិការ​អាស៊ីប៉ាស៊ីហ្វិក​នៅ​សប្តាហ៍ក្រោយ។ ប៉ុន្តែ​ហ្វីលីពីន​បាន​ប្តេជ្ញាហើយ​ថា ខ្លួននឹង​រឹតបន្តឹងសន្តិសុខឲ្យបាន​ប្រសើរតាមដែលអាចធ្វើបានដើម្បី​ការពារ​សុវត្ថិភាព​មេដឹកនាំពិភពលោកដែលនឹងមានវត្តមានក្នុងកិច្ចប្រជុំខាងមុខ។

វេទិការប្រចាំឆ្នាំនេះនឹងត្រូវរៀបចំឡើងនៅ​ទីក្រុងម៉ានីលពីថ្ងៃ ១៨ ដល់ថ្ងៃ ១៩ ខែវិច្ឆិកានេះ។ ចំណែកមេដឹកនាំសំខាន់ៗដែល​នឹងចូលរួមក្នុងកិច្ចប្រជុំវេទិការសេដ្ឋកិច្ចថ្នាក់តំបន់មានសមាជិក ២១នោះ មានដូចជាលោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា នាយករដ្ឋមន្ត្រីជប៉ុន មេដឹកនាំចិន អូស្ត្រាលី កាណាដា រួមជាមួយបណ្តាមេដឹកនាំប្រទេស១៥ផ្សេងទៀត។

ទាក់ទិញ​ចលនាភេរវកម្មនៅប៉ារីសនិងការរឹតបន្តឹង​សន្តិសុខ​ក្នុងកិច្ចប្រជុំខាងមុខនេះ អនុរដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីនដែលជាសមាជិក​គណកម្មការរៀបចំ​សន្និសីទនេះ​លោក Laura Del Rosario បានអះអាង អ្វីដែល​ហ្វីលីពីននឹងធ្វើ​គឺ​រឹតបន្តឹងសន្តិសុខឲ្យ​ខ្ពស់​​បំផុត។ បច្ចុប្បន្ននេះរដ្ឋាភិបាល​ហ្វីលីពីន បានប្រកាស​លុបចោលជើងហោះ​ហើរជា​ច្រើន​ ហើយក៏​បាន​សម្រេចប្រកាស​ថ្ងៃ ១៨ និងថ្ងៃ ១៩ខាងមុខជាថ្ងៃឈប់សម្រាកនៅទីក្រុងម៉ានីលផងដើម្បី​សម្រួលដល់ការ​គ្រប់គ្រងសន្តិសុខ។

បើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាល​ខាងលើ​ ជនគ្មានផ្ទះសម្បែងជាង២ម៉ឺននាក់ត្រូវបានអាជ្ញាធរ​ជម្លៀសចេញពីផ្លូវធំៗ ហើយកងកម្លាំងសន្តិសុខប្រហែល​១៨ពាន់នាក់នឹងត្រូវគេ​ពង្រាយ​ដើម្បី​រក្សាសុវត្ថិភាពដល់បណ្តាមេដឹកនំាពិភពលោកផងដែរ។ ចំណែក​ផ្លូវធំៗមួយចំនួន​ត្រូវបានអាជ្ញាធរហ្វីលីពីនបិទដើម្បីរៀបចំសណ្តាប់ធ្នាប់ ហើយ​អាជ្ញាធរក៏បាន​ស្នើទៅម្ចាស់គេហដ្ឋាន​តាមដងផ្លូវជាពិសេស​នៅតាមអាគារខ្ពស់​ត្រូវឲ្យ​បិទទ្វារបង្អួចនិងប្រុងប្រយ័ត្នក្រែងមានអ្នកលួច​ប្រើប្រាស់​កាំភ្លើង Sniper។

គេបារម្ភផងដែរពីបញ្ហាសុវត្ថិភាពនិងសន្តិសុខ​នៅក្នុងកិច្ចប្រជុំនៅពេលខាងមុខ ក្រោយក្រុមភេរវជន​បានបង្កើនសកម្មភាពរបស់ខ្លួន​កាន់តែខ្លាំង​ឡើង​ៗ។ ហើយម្យ៉ាងហ្វីលីពីននេះទៀតសោត ក៏មាន​បញ្ហាជាមួយក្រុមឧទ្ទាមទាមទារផ្តាច់ខ្លួននៅតំបន់ភាគខាងត្បូងដែលស្ថិតនៅចម្ងាយប្រហែល​១ពាន់គីឡូម៉ែត្រពីទីក្រុងម៉ានីលយូរអង្វែង​មកហើយដែរ។ ដែលនេះជាបញ្ហាប្រឈមមួយសម្រាប់​ហ្វីលីពីនក្នុងការ​រក្សាសន្តិសុខនិងសណ្តាប់ធ្នាប់​ទទួល​មេដឹកនាំពិភពលោក។ 

យ៉ាងណាក៏ដោយក្នុងកិច្ចប្រជុំ​ APEC ខាងមុខ​នឹងមិនមានវត្តមានលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធីបតីរុស្ស៊ី និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ីលោក​ ចូកូ​ វីដូដូ ឡើយ។ មិន​មាន​ការលើកឡើង​ពីមូលហេតុចម្បងនៃអវត្តមាន​មេដឹកនាំទាំងពីរនាក់​នេះទេ ប៉ុន្តែប្រទេសទាំងពីរ​នឹងបញ្ជូនអ្នកតំណា​ង​របស់ខ្លួន​ទៅចូលរួម​៕​





Tag:
 APEC
  ហ្វីលីពីន
 បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com