ពីនេះ ពីនោះ
រកប្រាក់​បាន​ច្រើន មិនអាច​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​អ្នកមាន​បានឡើយ​!
25, Sep 2017 , 9:02 am        
រូបភាព
ដោយ: ធីតា
​ប្រាក់ខែ ឬ​ប្រាក់ចំណូល​ដែលមាន​លេខ​សូន្យ​ច្រើន​ខ្ទង់ មិនមែនជា​ឫសគល់​ពិតប្រាកដ​នៃ​ភាពមានបាន​ទេ​។ ប្រាក់​ទាំងនេះ​គ្រាន់តែ​ជា​តួលេខ​ប៉ុណ្ណោះ អ្វីដែល​សំខាន់​គឺ តើ​នៅ​ចុងខែ អ្នក​នៅ​សេសសល់​ប្រាក់​ប៉ុន្មាន​។​

 
« មនុស្ស​ជាច្រើន​មិនអាច​គ្រប់គ្រង​ការចំណាយ​របស់ខ្លួន​បានទេ​។ ចំណុច​នៃ​ភាពមានបាន មិនមែន​ស្ថិត​នៅត្រង់ថា តើ​អ្នក​រកបាន​ប្រាក់​ប៉ុន្មាន​ទេ តែ​គឺ​តើ​អ្នក​សន្សំ​បាន​ប្រាក់​ប៉ុន្មាន​ទៅវិញ​ទេ » លោក Robert Kiyosaki អ្នកនិពន្ធ​សៀវភៅ « Rich Dad Poor Dad » បាន​សរសេរ​យ៉ាង​ដូច្នេះ​ក្នុង​សៀវភៅ​របស់លោក​។​
 
​អ្នកឯកទេស​រូបនេះ​បាន​ពន្យល់ថា នៅពេលដែល​ប្រាក់ចំណូល​កើនឡើង មនុស្ស​ភាគច្រើន​ច្រើនតែ​បង្កើន​ការចំណាយ​របស់ខ្លួន​ដែរ ហើយ​វា​នឹង​ក្លាយជា​ទម្លាប់​នៃ​ការចាយវាយ​លុយ​ខ្ជះខ្ជាយ​។ ជាក់ស្តែង ដូចជា​អ្នក​ដែល​រកឃើញ​កំណប់ អ្នក​ដែល​ស្នង​មរតក អ្នកទទួលបាន​ការដំឡើង​ប្រាក់ខែ ឬ​អ្នកឈ្នះឆ្នោត ច្រើនតែ​ចាយលុយ​ដោយ​មិន​គិតគូរ​វែងឆ្ងាយ ហើយ​ជួនកាល ប្រាក់កាស​ដែល​ចាយ​នោះ​អាច​នឹង​ចូល​ប្រាក់​សន្សំ​ដើម​របស់ខ្លួន​ថែមទៀត​។ លោក Kiyosaki បានសរសេរថា​៖ « លុយកាក់​ដែល​រកបាន តែ​អ្នក​មិនបាន​ចាត់ចែង​ដោយ​ភាព​វៃឆ្លាត នឹង​ហូរ​ចេញពី​ដៃ​អ្នក ហើយ​រលាយបាត់​យ៉ាង​ឆាប់រហ័ស »​។​
 
​គួរ​ឲ្យ​សោកស្តាយ​ណាស់ យើង​តែងតែ​ពិភាក្សាគ្នា​ពី​វិធី​រកប្រាក់​ឲ្យ​បាន​ច្រើន ពី​វិធីសាស្ត្រ​ក្នុង​ការរក​ការងារ​ថ្មី និង​ធ្វើ​ការងារ​ឲ្យ​បានល្អ តែ​យើង​មិនបាន​និយាយ​គ្នា​ពី​វិធី​ចាត់ចែង​លុយកាក់ ប្រកបដោយ​ភាព​វៃឆ្លាត ដែលជា​ផ្នែក​ដ៏​សំខាន់​នៃ​ភាពមានបាន​នោះទេ​។ លោក​បាន​បកស្រាយ​ថា អ្នក​ត្រូវ​រៀន​ស្វែងយល់ និង​ថ្លឹងថ្លែង​ឲ្យ​បាន​ច្បាស់​រវាង​ចំណូល និង​បំណុល នេះ​ជា​ចំណុច​សំខាន់បំផុត​ដែល​អ្នក​ត្រូវ​ដឹង បើសិនជា​អ្នក​ចង់​ក្លាយជា​អ្នកមាន​។ ជំហាន​បន្ទាប់​គឺ អ្នក​ត្រូវ​បង្កើន​តួលេខ​នៃ​ប្រាក់​សន្សំ​របស់​អ្នក​ឲ្យ​ខ្ពស់ជាង​ខ្ទង់ចំណាយ​៕

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com