អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមរដ្ឋឥស្លាម​បង្ហោះវីដេអូគំរាមវាយប្រហារ​បារាំងថែមទៀត
14, Nov 2015 , 4:57 pm        
រូបភាព
 ​ក្រុមរដ្ឋឥស្លាម​បានបង្ហាញ​ខ្សែរអាត់វីដេអូរបស់ខ្លួន​ថ្មីមួយដោយ​លើកនេះ​ក្រុមនេះបាន​គំរាម​វាយប្រហារ​បារាំងបន្ថែម​ទៀត​ បើសិន​បារាំងមិនព្រមបញ្ឈប់​វាយប្រហារទីតាំងខ្លួននៅស៊ីរី។ ការបង្ហោះវីដេអូគំរាមប្រជាជនបារាំងនេះកើតឡើង​ក្រោយពេល​ដែល​ក្រុមភេរវកម្ម​បាន​វាយប្រហារទីប្រជុំជន​មាន​ភោជនីយដ្ឋាន រង្គសាល ជាដើម​នៅក្រុងប៉ារីស​ដោយ​សម្លាប់មនុស្ស​ជាង​១០០នាក់។​ ហើយប្រធានាធិបតីបារាំងក៏ប្រកាស​ក្រុម​រដ្ឋឥស្លាម​នេះនៅក្រោយ​ចលនា​នេះដែរ។ នេះ​បើ​យោងតាម​សារព័ត៌មានរុស្ស៊ី RT។ 


ខណៈដែល​ប្រមុខ​រដ្ឋបារាំងលោក​ ហ្វ្រង់ស្វ័រ ហូឡង់ ប្រកាស​ថា​ក្រុមរដ្ឋឥស្លាម​ជា​ក្រុម​ដែលរៀបចំ​ការវាយប្រហារសម្លាប់រង្គាល​នៅ​កណ្តាលរដ្ឋធានីប៉ារីស ក្រុមរដ្ឋឥស្លាម​ក៏បាន​បង្ហាញវីដេអូ​គំរាមវាយប្រហារ​បារាំងបន្ថែមទៀតដែរ។ ក្រុមនេះ​គំរាមថា ប្រសិន​បារាំងមិនបញ្ឈប់​ការវាយ​​ប្រហារលើ​ទីតាំងរបស់ខ្លួន​នៅស៊ីរីនិងអ៊ីរ៉ាក់ជាដើម។ នេះជាការគំរាម​មួយថ្មីរបស់​ក្រុមរដ្ឋឥស្លាម​លើរដ្ឋាភិបាលនិងប្រជា​ជនបារាំង។

ខ្សែរអាត់​វីដេអូ​របស់​ក្រុមរដ្ឋឥស្លាម​នេះ​ត្រូវបាន​បង្ហោះ​ចេញ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះក្រោយក្រុ​មខ្មាន់កាំភ្លើងនិងក្រុមបំផ្ទុះគ្រាប់បែក​បានបើក​ការវាយប្រហារ​សម្លាប់​មនុស្ស​អស់​ច្រើនជា​១៤០នាក់​នៅទីក្រុងប៉ារីស​នៅពេលយប់។ ក្នុងវីដេអូនោះ សកម្មប្រយុទ្ធក្រុមរដ្ឋឥស្លាម​បាននិយាយថា​​៖«​ខណៈដែល​ក្រុម​សម្ព័ន្ធអន្តរជាតិ​បន្ត​ការវាយប្រហារដោយ​ទម្លាក់​គ្រាប់​បែក​លើ​ទីតាំងក្រុមរដ្ឋឥស្លាម​ ពួកគេ​នឹង​មិនអាច​រស់​នៅក្នុងស​ន្តិភាពបានឡើយ»។ ជនខាងលើនេះ​បានបន្ថែមថា ប្រជាជនទាំងនោះនឹង​ភ័យខ្លាច​សូម្បីតែដើរទៅផ្សារ។

កាលពី​ព្រឹកមិញនេះ គេ​មិនទាន់សន្និដ្ឋាន​ជារួមថាក្រុម​ណា​មួយនៅពីក្រោយករណីវាយប្រហារ​ដ៏នៅបារំាងនេះ​ទេ ប៉ុន្តែ​គេ​បានលឺខ្មាន់​កំាភ្លើងម្នាក់ស្រែកថា៖ «នេះ​សម្រាប់ប្រទេសស៊ីរី»។​តែមកទល់ពេលនេះរដ្ឋាភិបាល​បារំាងក៏បាន​ប្រកាស​រួច​ទៅហើយដែរថា ​ករណីវាយប្រហារ​នៅបារាំងពិតជាស្នាដៃរបស់ក្រុមរដ្ឋឥស្លាមនេះមែន។ ក្រុមភេរវជន​ទាំងនេះ​វាយប្រហារបារាំង ក៏ព្រោះ​ថាបារាំង​ជាសមាជិក​មួយ​ក្នុង​ចំណោម​សមាជិកស្ថាបនិក​សម្ព័ន្ធអន្តរជាតិ​ប្រឆាំងក្រុម​រដ្ឋឥស្លាម​នៅស៊ីរីនិងអ៊ីរ៉ាក់។ 

គេមិនទាន់អាច​ប៉ាន់ស្មានដឹងនៅឡើយទេ ថា​ចលនា​វាយប្រហារ​យ៉ាងព្រៃផ្សៃ​បន្តបន្ទាប់គ្នារាប់ចាប់ពីដើម​ឆ្នាំនេះអាចនឹងបង្ខំឲ្យបារាំង​ផ្លាស់ប្តូរគោលជំហរនិងនយោបាយ​ការបរទេស​ប្រឆាំងក្រុមភេរវជន​នៅមជ្ឈិមបូព៌ាឬយ៉ាងណានោះឡ់ើយ។ ប៉ុន្តែ​គេ​មើលឃើញថា​បារាំង​នឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ ព្រោះ​ការផ្លាស់ប្តូរដោយ​បញ្ឈប់ការកម្ចាត់ក្រុមរដ្ឋឥស្លាម​ អាច​បង្ហាញពីភាពទន់ខ្សោយរបស់ខ្លួន។ ប៉ុន្តែរឿងដែលគេបារម្ភ​គឺ​ចលនា​ប្រជាជនបារាំងមួយចំនួន​ដែលមាននិន្នាការស្តាំនិយម ព្រោះពួកគេអាចនឹង​ទាញ​យក​បញ្ហានេះមកបញ្ឆេះ​ការស្អប់ខ្ពើម​និងស្មារតីជាតិនិយមរើសអើងជនជាតិឥស្លាមនិងក្រុម​ជនភៀសខ្លួនផង។

សូមបញ្ជាក់ថា​ កន្លងមក បារាំងក៏បាន​សម្រេចចិត្ត​អន្តរាគមន៍យោធាប្រឆាំង​ទាហាន​ផ្តាច់ខ្លួនឥស្លាម​នៅក្នុងទឹកដីម៉ាលីកាលពីឆ្នាំ ២០១៣ ផងដែរ។ ហើយបច្ចុប្បន្ននេះ​កងទ័ពអាកាសបារាំង​ជាច្រើនពាន់​នាក់បន្តយុទ្ធនាការវាយប្រហារ​ទីតាំងក្រុមរដ្ឋឥស្លាម​អ៊ីរ៉ាក់និងស៊ីរីផងដែរ៕





Tag:
 បារាំង
 ភេរវកម្ម
 រដ្ឋឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com