អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ភេរវកម្ម​អុកឡុក​អឺរ៉ុប​ជា​មេរៀន​សម្រាប់​ពង្រឹង​សន្តិសុខ​សហគមន៍​អាស៊ាន​
15, Nov 2015 , 6:59 pm        
រូបភាព
​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ  ៩​ខែកញ្ញា​ឆ្នាំ ២០០១ ពិភពលោក​ចាប់ផ្តើម​ស្ថិតក្រោម​ការគំរាមកំហែង​កាន់តែខ្លាំង​ពី​ក្រុម​ភេរវជន​។ ករណី​វាយប្រហារ​កណ្តាល​រដ្ឋធានី​ប៉ារីស ប្រទេស​បារាំង​ម្សិលមិញ​នេះ​បានក្លាយ​ជាស​ញ្ញា​ប្រកាសអាសន្ន​ថ្មី​។ តែ​បញ្ហា​សន្តិសុខ​នេះ​ជា​មេរៀន​និង​បទពិសោធន៍​សំខាន់បំផុត​សម្រាប់​សហភាព​អឺរ៉ុប​ទាំងមូល និង​អាស៊ាន​ដែលមាន​សន្តិសុខ​ផុយស្រួយ​ស្រាប់​នោះ​។​



​ទោះ​ប្រទេស​ទាំង​២៨​ស្ថិតក្នុង​សហភាព​នយោបាយ​មួយ​មែន តែការសហការ​ផ្នែក​សន្តិសុខ ការចែករម្លែក​របាយ​ការណ៍​ចារកម្ម ស្ថិតក្នុង​ស្ថានភាព​មួយ​ទន់ខ្សោយ​នៅឡើយ​។ រដ្ឋ​អឺរ៉ុប​នីមួយៗ​ដឹង​ច្បាស់​ខ្លួនឯង​ហើយ​ថា ខ្លួន​ស្ថិតក្រោម​ការគំរាមកំហែង​របស់​ក្រុម​ភេរវជន​ខ្លាំង​ដែរ​។ 
 
​ដូចដែល​ឃើញស្រាប់ បា​រាំង​រង​ការ​វាយ​ជា​បន្តបន្ទាប់​ជាប់ៗ​គ្នា​រាប់​ចាប់ពី​ការសម្លាប់​រង្គាល​ទស្សនា​វ​ដ្តី​ត្លុក Charlie Hebdo , ការវាយប្រហារ​លើ​ហាង​មួយ និង​ការសម្លាប់​ប៉ូលិស ជនជាតិ ជ្វី​វ និង​អ្នកកាសែត​ជាដើម​។ ដែល​ករណីនេះ​អាចជា​សញ្ញា​មួយ​សម្រាប់​រដ្ឋ​អឺរ៉ុប​ផ្សេងទៀត​ឲ្យ​មានការ​ប្រុងប្រយ័ត្ន  បង្កើន​ការ​រឹតបន្តឹង​សន្តិសុខ និង​ការ​សហការគ្នា​ដើម្បី​ប្រឆាំង​បញ្ហា​ភេរវកម្ម​។ 
 
​ជុំវិញ​ការកើនឡើង​ចលនា​ជ្រុលនិយម​និង​ភេរវកម្ម អ្នកជំនាញ​បានផ្តល់​ប្រឹក្សា​ឲ្យ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ចាប់ផ្តើម​គ្រប់គ្រង​ព្រំដែន​ដើម្បី​កំណត់​មុខសញ្ញា​ប្រជាជន​ចេញចូល​ទៅ​តំបន់​មជ្ឈិមបូព៌ា ជាពិសេស​ឆ្លងកាត់​ព្រំដែន​តួ​ក​គី​។ ប្រជាជន​អឺរ៉ុប​មិនតិចជាង​១​ពាន់​នាក់​ឡើយ​ដែល​ចាក​ចេញពី​ប្រទេស​ខ្លួន​ដើម្បី​ធ្វើ​ចូលរួម​ធ្វើសង្គ្រាម​សាសនា​ដោយ​លួច​ឆ្លងតាម​ប្រទេស​តួ​ក​គី ហើយ​ពួកនេះ​នឹង​បង្កបញ្ហា​នៅពេលដែល​ពួកគេ​ត្រលប់មក​ស្រុក​វិញ​។ តាមពិតទៅ​ច្រកព្រំដែន​តួ​ក​គី មិន​ត្រឹមតែ​ជា​ចំណុច​ស្នូល​នៃ​ការឆ្លង​កាត់ចេញ​ចូលទៅ​មជ្ឈិមបូព៌ា​និង​ឆ្លង​ចូលមក​អឺរ៉ុប​ប៉ុណ្ណោះ​ទេ តែ​ក្រុម​ភេរវជន​ក៏​ប្រើប្រាស់​ច្រកព្រំដែន​តួ​ក​គី​ដែល​ជាប់​ស៊ី​រី​ដើម្បី​លក់​ប្រេង​ឲ្យ​លោកខាងលិច​មួយចំនួន​ដែរ​។ 
 
​ដូច្នេះ ក្រោយ​ការវាយប្រហារ​ដោយ​ភេរវជន​ដ៏​ធំ​នេះ​កើតឡើង សមាជិក​សហភាព​អឺរ៉ុប​គួរ​ប្រញាប់ប្រញាល់​ជជែក​និង​ពិភាក្សាគ្នា​រក​ដំណោះស្រាយ​មួយ​សមស្រប​ទប់ស្កាត់​ប​ញ្ហា​ដដែល​នេះ​ផង​។ ការត្រួតពិនិត្យ​កែប្រែ​លិខិតបទដ្ឋាន​ផ្សេងៗ​របស់​សហភាព​អឺរ៉ុប ដើម្បី​ជំរុញ​ការ​កាត់ផ្តាច់​ចរន្ត​លុយ​របស់ក្រុម​ភេរវជន ការឆ្លង​ដែន​របស់​ប្រជាជន​អឺរ៉ុប​ទៅធ្វើ​សង្គ្រាម​ជី​ហាត​នៅ​មជ្ឈិមបូព៌ា និង​ចលនា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ផ្សេង​ទៀតផង​ជា​រឿង​អាទិភាព​ដែល​រដ្ឋ​អឺរ៉ុប​ត្រូវផ្តោត​ការយកចិត្តទុកដាក់​ពេលនេះ​។​
 
​យ៉ាងណាក៏ដោយ បញ្ហា​ដែល​កើតមានឡើង​នៅ​បារាំង​អាចជា​មេរៀន​និង​បទពិសោធន៍​សំខាន់​សម្រាប់​សហភាព​អឺរ៉ុប​ទាំងមូល​និង​អង្គការ​តំបន់​ដូចជា​សហគមន៍​អាស៊ាន​។ 
​ប្រទេស​អាស៊ាន​ទាំង​១០​ដែល​កំពុង​ត្រៀមខ្លួន​ស្វាគមន៍​សមាហរណកម្ម​សេដ្ឋកិច្ច បើក​របាំង​ពន្ធគយ ទទួល​លំហូរ​កម្លាំង​ពលកម្ម​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​ក្នុង​តំបន់​នោះ​ចាំបាច់​ត្រូវ​សិក្សា​ដោយ​យកចិត្តទុកដាក់​ពី​បញ្ហា​សន្តិសុខ​របស់​អឺរ៉ុប​និង​សំណុំរឿង​ភេរវកម្ម​នេះ​។ ជាការ​ពិត​ដែលថា​រដ្ឋ​ទាំង​១០​មាន​វិធានការ និង​ការសហការ​ដើម្បី​ប្រឆាំង​ភេរវកម្ម​និង​ទប់ស្កាត់​បទឧក្រិដ្ឋ​ឆ្លងដែន​ជាដើម ប៉ុន្តែ​និយាយ​ជារួម​វា​មិនសូវមាន​ប្រសិទ្ធភាព​នោះឡើយ​។ 
 
​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​នៅ​ប្រឈម​បញ្ហា​ជម្លោះ​ប្រដាប់អាវុធ និង​ចលនា​ក្រុម​ឥស្លាម​ជ្រុលនិយម​ស្រាប់​ដូច​ភាគខាងត្បូង​ប្រទេស​ថៃ បញ្ហា​ជម្លោះ​ភាគខាងត្បូង​ហ្វីលីពីន កោះ​អា​ឆេ​ឥណ្ឌូនេស៊ី បញ្ហា​ចលនា​ជម្លោះជនជាតិ​នៅតាមរដ្ឋ​នៅ​មី​យ៉ាន់​ម៉ា​ជាដើម​។ ហើយ​ម្យ៉ាង​ប្រជាជន​ឥស្លាម​នៃ​បណ្តា​ប្រទេស​អាស៊ាន​មិនតិច​ទេ​ដែល​ចេញទៅ​ច្បាំង​ក្នុង​សង្គ្រាម​ជី​ហាត​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ 
 
​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ ក្រោយ​ការវាយប្រហារ​ថ្ងៃ ១១ កញ្ញា ឆ្នាំ ២០០១​ គេ​ឃើញ​ការវាយប្រហារ​របស់​ក្រុម​ភេរវជន​ទ្រង់ទ្រាយ​ធំ​ចំនួន​២​លើក​ក្នុង​ឆ្នាំ​២០០២ និង​ឆ្នាំ ២០០៥ នៅ​កោះ​បាលី​ឥណ្ឌូនេស៊ី ដែល​កាលនោះ​ការវាយប្រហារ​ដោយ​គ្រាប់បែក​នេះ​បានសម្លាប់​អ្នកទេសចរ​រាប់រយ​នាក់​ផងដែរ​។ ហើយ​អ្វីដែល​ពញ្ញាក់​អារម្មណ៍ និង​បញ្ជាក់ថា​ការគ្រប់គ្រង​សន្តិសុខ​និង​ប្រឆាំង​ភេរវកម្ម​នៅ​អាស៊ាន​ទន់ខ្សោយ​គឺ​ការវាយប្រហារ​នៅ​ទីសក្ការៈ​ហិណ្ឌូ Erawan សម្លាប់​មនុស្ស​ច្រើនជាង​២០​នាក់​កណ្តា​ក្រុង​បាងកក​។ 
 
​ជនបង្ក​បាន​ឆ្លើយ​អះអាងថា​ខ្លួន​ឆ្លងដែន​ពី​វៀតណាម ចូល​ឡាវ បន្ត​មក​កម្ពុជា និង​ឆ្លងទៅ​ទឹកដី​ថៃ​យ៉ាង​ងាយស្រួល​ដោយ​សូកលុយ​មន្ត្រី​ព្រំដែន​ព្រោះ​ខ្លួន​ប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ​។ រឿង​បែបនេះ​អាច​ថា​មិនមែនជា​រឿង​ថ្មី​សម្រាប់​ប្រទេស​ខាងលើនេះឡើយ ហើយ​បើ​គ្មាន​ចំណាត់ការ​រឹងមាំ​ដោះស្រាយ​និង​ទប់ស្កាត់​ករណីបែបនេះ​ទេ បញ្ហា​សន្តិសុខ​នៅ​អាស៊ាន​អាច​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​៕

Tag:
 ភារវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com