អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមរដ្ឋឥស្លាមប្រកាសសងសឹក​លោក ពូទីន ឆាប់ៗ
15, Nov 2015 , 12:33 pm        
រូបភាព
 មួយថ្ងៃមុនការវាយប្រហារនៅ​បារាំង សារព័ត៌មានរុស្ស៊ី Moscow Times បានចុះផ្សាយ ក្រុមរដ្ឋឥស្លាម​បានចាប់ផ្តើមរៀបចំគម្រោងសងសឹក​រុស្ស៊ីដែល​បញ្ជូន​ទ័ព​តាម​កម្ចាត់ក្រុមខ្លួន​នៅស៊ីរីកាលពីចុងខែកញ្ញាកន្លងមកនេះ។ ក្រុមនេះបានបង្ហោះវីដេអូមួយនេះ​ពីរសប្តាហ៍ក្រោយ​អះអាងថា​ខ្លួន​បាញ់​ទម្លាក់យន្តហោះរុស្ស៊ីនៅស៊ីណៃ ហើយក្នុងវីដេអូ​ក្រុមនេះគំរាមថា​នឹង​សង​សឹក​រុស្ស៊ីឆាប់ៗនេះ។


មុនចាប់ផ្តើមវាយប្រហារ​នៅបារាំង ក្រុមរដ្ឋឥស្លាមបា​ន​បង្ហោះវីដេអូមួយនៅក្នុងអ៊ីនធឺណែត ដើម្បីគំរាមប្រជាជននិងរដ្ឋាភិបាលរុស្ស៊ីដែលកំពុងលូកដៃក្នុងសង្គ្រាមប្រឆាំងក្រុមនេះនៅទឹកដីស៊ីរី។ ក្រុមនេះ​ប្រកាស​ថា ខ្លួនរៀបចំគម្រោងការនិងឈានទៅ​សងសឹក​រុស្ស៊ីនៅពេលឆាប់ៗខាងមុខនេះផង។ គេមិនដឹងថាក្រុមនេះនឹងចាប់ផ្តើមសងសឹករុស្ស៊ី​ដោយរបៀបណា ហើយចាប់​ផ្តើមសង​សឹកពេលណាឲ្យប្រាកដឡើយ។ ប៉ុន្តែ​ការអុកឡុកប្រទេសបារាំងបន្ត​បន្ទាប់គ្នានេះ​ជា​សញ្ញាប្រកាសអាសន្នសម្រាប់​រដ្ឋាភិបាលក្រេមឡាំងដែរ។

ការបង្ហោះ​ខ្សែរអាត់វីដអូ​របស់​ក្រុមភេរវជននេះកើតមានឡើងត្រឹម២សប្តាហ៍ក្រោយពួកគេប្រកាសទទួលខុសត្រូវក្នុងការបាញ់ទម្លាក់យន្តហោះដឹកនាំដំណើររបស់ក្រុមហ៊ុនអាកាស​ចរណ៍​រុស្ស៊ីនៅតំបន់ស៊ីណៃ​ប្រទេសអេហ្ស៊ីប និងរយៈពេលជាងមួយខែក្រោយលោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឲ្យទ័ព​អាកាសរុស្ស៊ីចេញ​ច្បាំងកម្ចាត់ក្រុមនេះនិងក្រុមប្រឆាំងរដ្ឋាភិបាលអាសាដ។ ជុំវិញករណីធ្លាក់យន្តហោះនេះ គេ​នៅមិនទាន់សន្នុិដ្ឋានឲ្យប្រាកដថាក្រុមរដ្ឋឥស្លាមនេះពិតជាអ្នកនៅពីក្រោយឡើយ។ តែរដ្ឋាភិបាលរុស្ស៊ីក៏មិនបានទាត់ចោល​មូលហេតុនេះដែរ។

កន្លងមកក្រុមរដ្ឋឥស្លាម​បាន​ប្រកាស​ដង្ហើយហៅឲ្យ​បណ្តា​ប្រជាជនមូស្លីមឯទៀត​ជាពិសេស​ប្រជាជនមូស្លីមរុស្ស៊ីចាប់ផ្តើមបើកយុទ្ធនាការ​សងសឹករុស្ស៊ី ក្រោយពេលដែលរុស្ស៊ីចាប់ផ្តើម​ប្រតិបត្តិការ​នៅស៊ីរីលើកដំបូង។ រុស្ស៊ីក៏អាចប្រឈមបញ្ហាធំផងដែរ ព្រោះប្រទេសនេះ​ធ្លាប់​រងគ្រោះថ្នាក់ច្រើនដងដែរ​ដោយចលនាភេរវកម្មនិងចលនា​ឥស្លាមទាមទារផ្តាច់ខ្លួននៅតំបន់មួយចំនួន។ ហើយម្យ៉ាងប្រជាជន​រុស្ស៊ីច្រើនពាន់នាក់ដែរដែលបានភៀសខ្លួនចេញទៅចូលរួមធ្វើសង្គ្រាមសាសនានៅ​មជ្ឈិមបូព៌ា ជាពិសេសស៊ីរី និងអ៊ីរ៉ាក់៕



Tag:
 រដ្ឋឥស្លាម
  ពូទីន
  ​រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com