អន្តរជាតិ
ស្តេច​ស្វា​ស៊ី​ឡែ​ន​យក​មហេសី​១៥​អង្គ បុត្រ​៣០​អង្គ និង​អ្នកបម្រើ​១០០​នាក់​តាម​ខ្លួន​
15, Nov 2015 , 5:59 pm        
រូបភាព
ដោយ: ធីតា
 ​ព្រះអង្គ Mswati III ស្តេច​នៃ​ប្រទេស​ស្វា​ស៊ី​ឡែ​ន (Swaziland) បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ឥណ្ឌា​-​អាហ្វ្រិក នៅ​ទីក្រុង​ញូ​វ​ដេលី កាលពី​ខែតុលា ដោយ​នាំ​មហេសី​ទាំង​១៥​អង្គ បុត្រ​៣០​អង្គ និង​អ្នកបម្រើ​ចំនួន​១០០​នាក់​ទៅតាម​ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់ AKF Insider​។​

 
​ស្វា​ស៊ី​ឡែ​ន​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​អាហ្វ្រិក​ចំនួន​៥៤​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលក្នុង​កិច្ចប្រជុំ Indo-African Summit កាលពី​ខែតុលា កន្លងមក​។ នា​អំឡុង​ពេលនោះ ស្តេច Mswati បាន​កក់​បន្ទប់​ជាង​២០០​នៅ​សណ្ឋាគារ​ផ្កាយ​៥​មួយ​ក្នុង​ទីក្រុង​ដេលី សម្រាប់​ក្រុម​ដែល​តាម​ហែរ​ហម​ព្រះអង្គ​ក្នុងនោះ មាន​មេ​ហ​ស៊ី​១៥​អង្គ បុត្រ​៣០​អង្គ និង​អ្នកបម្រើ​១០០​នាក់​។​
 
​ស្តេច Mswati បច្ចុប្បន្ន មាន​ព្រះជន្ម​៤៧​ព្រះវស្សា បាន​រៀប​អភិសេក​ជាមួយ​មហេសី​ទី​១៥ ដែលជា​បវរកញ្ញា កាលពី​ឆ្នាំ​២០១៣ ។ ក្នុងចំណោម​មហេសី​ទាំង​១៥ មាន​មហេសី​២​អង្គ​ប៉ុណ្ណោះ ដែលមាន​ព្រះរាជ​ឋានៈ​ជា​ម្ចាស់​ក្ស​ត្រី​យ៍​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក Mgwagwa Gamedze បាន​ច្រានចោល​ព័ត៌មាន​នេះ ដោយ​លោក​បាន​អះអាងថា ស្តេច Mswati យក​ព្រះ​មហេសី Inkhosikati តែមួយ​អង្គ​ប៉ុណ្ណោះ​ទៅតាម​ខ្លួន ពលរដ្ឋ​នៅ​ស្វា​ស៊ី​ឡែ​ន ដឹង​រឿងនេះ​ច្បាស់​ណាស់​។​
 
​ស្តេច Mswati III បាន​ឡើង​សោយរាជ្យ​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​១៩៨៦ ក្នុង​ព្រះជន្ម​១៨​វស្សា​។ ព្រះបិតា​ព្រះអង្គ ព្រះនាម Sobhuza II ក៏មាន​មហេសី​រហូតដល់​១២៥​អង្គ​ឯណោះ​នា​អំឡុង​នៃ​ការ​សោយរាជ្យ​រយៈពេល​៨២​ឆ្នាំ​។​
 
​ស្តេច Mswati III ក៏​ត្រូវបាន​កត់ត្រា​ដោយ​ទស្សនា​វ​ដ្តី Forbes កាលពី​ឆ្នាំ​២០០៩ ថា ជា​មេដឹកនាំ​ប្រទេស​ម្នាក់​ដែលមាន​ទ្រព្យសម្បត្តិ​មហាសាល​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ព្រះអង្គ​មាន​យានយន្ត​ទំនើប​៦២​គ្រឿង ជាពិសេស​រថយន្ត​ម៉ាក Malbec ដែលមាន​តម្លៃ​ប្រមាណ​៥​លាន​ដុល្លារ​អាមេរិក​៕
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com