ជាតិ
កម្ពុជា​ត្រូវ​កែទម្រង់​តុលាការ​ដើម្បី​បញ្ចៀស​ការសម្លាប់​រង្គាល​ជាថ្មី
22, Nov 2015 , 9:30 am        
រូបភាព
ដោយ:

ភ្នំពេញ៖ បើទោះជា​ប្រទេស​កម្ពុជា​ទទួលបាន​សន្តិ​ភាព​បរិបូរណ៍​ពី​ឆ្នាំ១៩៩៨ ប៉ុន្តែ​ប្រទេស​ដ៏​ក្រីក្រ​នេះ​នៅតែ​ប្រឈម​នឹង​ការធ្លាក់​ចូលទៅ​ក្នុងការ​ប្រព្រឹត្ត​អំពើហិង្សា ដែល​អាច​ឈានដល់​ការកាប់សម្លាប់ ដោយហេតុតែ​ប្រទេស​នេះ​ពុំទាន់​ធានាបាន​នីតិរដ្ឋ​ពេញលេញ។ ប្រទេស​កម្ពុជា​ត្រូវតែ​ធានា​ឲ្យ​បាន​ថា មិនមាន​ការរំលោភ​សិទ្ធិ​មនុស្ស ហើយ​ត្រូវ​កែទម្រង់​ប្រព័ន្ធតុលាការ​ដែល​មិនទាន់​ឯករាជ្យ ទើប​ប្រទេស​នេះ​ជៀស​ផុតពី​លទ្ធភាព​នៃ​ការកើតឡើង​សកម្មភាព​កាប់សម្លាប់​ដូចដែល​ធ្លាប់បាន​កើតឡើង​នៅក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​វាលពិឃាត​ខ្មែរក្រហម។



ប្រទេស​កម្ពុជា​នៅតែ​ប្រឈមមុខ​នឹង​សញ្ញា ដែល​អាច​ក្លាយជា​កត្តា​ហានិភ័យ​នាំទៅរក​ការកើតមាន​អំពើហិង្សា​សារជាថ្មី ខណៈដែល​ប្រជាជន​រស់នៅក្នុង​ប្រទេស ដែល​នៅ​ពឹង​ផ្អែកលើ​ជំនួយ​បរទេស​នេះ កំពុង​ប្រឈម​នឹង​ការរំលោភបំពាន​សិទ្ធិមនុស្ស ការវាយប្រហារ​នានា​ទៅលើ​ក្រុម​ជំទាស់ និង​អំពើ​អយុត្តិធម៌​សង្គមផ្សេងៗទៀត។

នេះ​បើ​យោងទៅតាម​ឯកសារ​បង្ហាញ​ពី​កត្តា​ហានិភ័យ​ដែល​នាំទៅរក​ការប្រព្រឹត្ត​អំពើហិង្សា​ឈានដល់​ការកាប់សម្លាប់​យ៉ាង​រង្គាល ហើយ​ក្រុម​អ្នកជំនាញ​ក្នុង​កម្មវិធី​ជំរុញ«ការអនុវត្ត​កាតព្វកិច្ច​ក្នុងការ​ទប់ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​លើ​មនុស្សជាតិ» ជា​ភាសា​អង់គ្លេស​ហៅថា The Responsibility to Protect»។

ការអនុវត្ត​កាតព្វកិច្ច​ក្នុងការ​ទប់ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​លើ​មនុស្សជាតិ គឺជា​បទដ្ឋាន​ថ្មី​មួយ ទទួលស្គាល់​ដោយ​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ កាលពី​ឆ្នាំ២០០៥ ដើម្បី​រារាំង និង​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្គ្រាម ការ​បោសសម្អាត​ជនជាតិភាគតិច និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ បទដ្ឋាន​នេះ​មិនមែនជា​ច្បាប់​នោះទេ ប៉ុន្តែ​វា​គឺជា​ការប្តេជ្ញាចិត្ត​ផ្នែក​នយោបាយ​ដើម្បី​បង្ហាញផ្លូវ​ដល់​រដ្ឋ និង​ការគ្រប់គ្រង​ថ្នាក់​តំបន់ និង​អនុតំបន់​នានា នៅក្នុង​ការបង្ការ​ប្រជាជន​ឲ្យ​គេច​ផុតពី​ឧក្រិដ្ឋកម្ម និង​អំពើហិង្សា​ទាំងអស់នេះ។

ឯកសារ​ស្តីពី​ការវិភាគ​ចំពោះ​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ ដែលជា​ឧបករណ៍​សម្រាប់​ការរារាំង​ឧក្រិដ្ឋកម្ម​ឃោរឃៅ​បានបង្ហាញ​ពី​កត្តា​ហានិភ័យ​ចំនួន១៤ រួមមាន កង្វះខាត​ប្រព័ន្ធតុលាការ​ឯករាជ្យ ការប្រព្រឹត្ត​អំពើពុករលួយ មាន​កម្រិត​ខ្ពស់ អភិបាលកិច្ច​ទន់ខ្សោយ ការរំលោភ​សិទ្ធិមនុស្ស និង​ភាព​គ្មាន​ទោសពៃរ៍ គឺជា​ដើមចម​នៃ​លទ្ធភាព ដែល​អាច​នាំទៅរក​ការប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ។ ឯកសារ​នេះ​ចងក្រង​ឡើង​ដោយ​អង្គការសហប្រជាជាតិ ដែល​បានចេញ​ផ្សាយ​កាលពី​ឆ្នាំ២០១៤កន្លងទៅ។

អ្នកជំនាញ​ក្នុង​កម្មវិធី​ជំរុញ«ការអនុវត្ត​កាតព្វកិច្ច​ក្នុងការ​ទប់ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​លើ​មនុស្សជាតិ»បាន​ទទួលស្គាល់ថា កម្ពុជា​ពិត​ជាមាន​សន្តិភាព ក៏ប៉ុន្តែ​ប្រជាជន​នៅ​ប្រឈម​នឹង​អំពើ​អយុត្តិធម៌​សង្គម​ជាច្រើន ដូចជា​ការរំលោភ​សិទ្ធិ​កាន់កាប់​ដីធ្លី និង​ការរំលោភបំពាន​សិ​ទិ្ធ​មនុស្ស​ជាដើម។

នៅ​ខាងក្រៅ​សិក្ខាសាលា​ស្តីពី«ការអនុវត្ត​កាតព្វកិច្ច​ក្នុងការ​ទប់ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​លើ​មនុស្សជាតិ»នេះ លោក ពូ សុធីរៈ នាយក​ប្រតិ​ប​តិ្ត​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិ​ប​តិ្ត​ការ និង​សន្តិភាព បាន​ថ្លែងប្រាប់ VOA ថា មិនទាន់មាន​ការកំណត់​ច្បាស់លាស់​ទៅលើ​ចំណុច​អវិជ្ជមាន ដែល​បញ្ជាក់ថា កម្ពុជា​អាច​ស្ថិតនៅក្នុង​កត្តា​ហានិភ័យ ដូចដែល​បានបង្ហាញ​តាមរយៈ​ឯកសារ​នោះទេ ប៉ុន្តែ​ថា ជម្លោះដីធ្លី​ដែល​កំពុង​កើតមាន​ក្នុងពេល​បច្ចុប្បន្ននេះ អាច​បង្ក​ជា​កត្តា​ហានិភ័យ ដែល​នាំទៅរក​អំពើហិង្សា។

«ថ្វី​ត្បិត​ខ្មែរក្រហម របប​ខ្មែរក្រហម​បាន​ត្រូវ​ផ្តួលរំលំ ហើយ​ឥឡូវ​ហ្នឹង​កំពុង​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ក៏ដោយ ក៏ប៉ុន្តែ​វា​អាចមាន​សញ្ញា​ផ្សេងទៀត​ដែរ បើ​យើង​មិន​យកចិត្តទុកដាក់​ទេ វា​នឹង​ក្លាយទៅជា risk factor [កត្តា​ហានិភ័យ] ឧទាហរណ៍​ដូចជា​រឿង បើ​ខ្វះ​ការគិតគូរ​ទូលំទូលាយ​ទៅលើ​បញ្ហាដីធ្លី ដែល​សព្វថ្ងៃនេះ នៅក្នុង​សង្គម​ខ្មែរ យើង​វា​អាចមាន​ប្រជាពលរដ្ឋ​មិន​សប្បាយ​ចិត្តច្រើន ដែល​វា​ធ្វើ​ឲ្យ​មាន​អស្ថិរភាព អសន្តិសុខ​សង្គម ហើយ​អាចឈាន​ទៅរក​ដល់​មាន​ធ្វើអំពើ​បាតុកម្ម ឬ​ស្អី​ទៅ វា​អាចមាន បង្ក​អំពើហិង្សា​អី​ទៅ។ អាហ្នឹង​វា​ជា​ផ្នែក​មួយ ដែល​អាច​ជំរុញ​ឲ្យ​ទង្វើ​មិនល្អ​កើតឡើង​នៅក្នុង​សង្គម​ទៀត»។

លោក​ថ្លែងថា កង្វះ​អភិបាលកិច្ច​ល្អ និង​ការទាញយក​ប្រយោជន៍​ធនធានធម្មជាតិ ដែល​មិនមាន​តម្លាភាព ហើយ​និង​គម្លាត​ទ្រព្យសម្បតិ្ត​រវាង​អ្នកមាន​និង​អ្នកក្រ អាច​បង្ក​ឲ្យ​ក្លាយជា​កត្តា​ហានិភ័យ​ដល់​ប្រទេស​កម្ពុជា។

«ជា​ការណ៍​ពិត រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង ហើយនឹង​បង្កលក្ខណៈ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ ឲ្យ​មាន​សន្តិសុខ​សង្គម ហើយ​និង​កំណើនសេដ្ឋកិច្ច នៅតែមាន​កម្រិត​ខ្ពស់ ក៏ប៉ុន្តែ​ភាពក្រីក្រ ហើយ​និង​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​ហ្នឹង​នៅមាន​នៅ​ប្រទេស​កម្ពុជា​នៅឡើយ ដែល​យើង​គួរ​បន្ត​ខិតខំ​ប្រឹងប្រែង ខិតខំ​ធ្វើ​ម៉េច​ឲ្យ​រឹងរឹត​កាន់តែ​ប្រសើរឡើង​ថែមទៀត ដើម្បី​ជៀស​កុំ​ឲ្យ​មាន​វិបត្តិ​សង្គម។ បើ​សង្គម​មាន​អ្នកក្រ​ច្រើន សង្គម​នឹងមាន​បញ្ហា ហើយ​នេះ​ក៏​ជា risk factor ដែល​គេ​ហៅថា ភាពក្រីក្រ​នោះ»។

ប្រជាជន​កម្ពុជា ប្រមាណ១,៧លាន​នាក់​បាន​បាត់បង់​ជីវិត ដោយសារ​ការសម្លាប់រ​ង្គា​ល ប្រល័យពូជសាសន៍ និង​ការធ្វើការ​បាក់កម្លាំង ហូប​មិន​គ្រប់គ្រាន់​នៅក្នុង​សម័យ​កុម្មុយនីស្ត​ជ្រុលនិយម​ខ្មែរក្រហម ដែល​បាន​ឡើង​ក្តោប​ក្តាប់​ប្រទេស​កម្ពុជា​តាមរយៈ​ការ​ចងកំហឹង​វណ្ណៈ។ របប​ខ្មែរក្រហម​បានអូសបន្លាយ​រយៈពេល​បី​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ១៩៧៥ដល់​ឆ្នាំ១៩៧៩ មុនពេល​ត្រូវ​ផ្តួលរំលំ​ដោយ​ការចូល​ឈ្លានពាន​ពី​កងទ័ព​វៀតណាម ដើម្បី​បណ្តេញ​កងទ័ព​ខ្មែរក្រហម។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម ដែលមាន​ការចូលរួម​ពី​ភាគី​អ្នកច្បាប់​អន្តរជាតិ កំពុង​កាត់ទោស​សំណុំរឿង០០២ពាក់ព័ន្ធ​នឹង​មេដឹកនាំ​កំពូល​របស់​ខ្មែរក្រហម​ពីរ​នាក់​គឺ នួន ជា និង ខៀវ សំផន ដែល​ត្រូវបាន​ចោទប្រកាន់ថា បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ការសម្លាប់​ប្រជាជន​ក្នុងប្រទេស​កម្ពុជា។ គោលបំណង​នៃ​សាលាក្តី​នេះ​គឺ​ស្វែងរក​យុត្តិធម៌​ដល់​ជនរងគ្រោះ ដែល​ធ្លាប់​ឆ្លងកាត់​សម័យ​ខ្មែរក្រហម និង​ទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នូវ​របប​ប្រល័យពូជសាសន៍។
របប​វាលពិឃាត​ខ្មែរក្រហម​នេះ​ពិតជា​បាន​រលត់រលាយ​ទៅ​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មកហើយ ហើយ​ប្រទេស​កម្ពុជា​ក៏​កំពុង​បន្ត​អភិវឌ្ឍន៍​ក្រោម​ដំបូល​សន្តិភាព​ពិតមែន ក៏ប៉ុន្តែ​ប្រជាជន​កម្ពុជា​ត្រូវគេ​មើលឃើញថា នៅ​ប្រឈម​នឹង​ការប្រព្រឹត្ត​អំពើហិង្សា និង​ការបំភិតបំភ័យ តាមរយៈ​សារ​គំរាម​ផ្នែក​នយោបាយ​ទាក់ទិន​ការផ្ទុះ​សង្គ្រាម​ឡើងវិញ​នៃ​សង្គ្រាម​ក្នុងស្រុក។

លោក គីម​សួរ ភិ​រិ​ទ្ធ អ្នកតំណាងរាស្ត្រ​គណបក្សជំទាស់​មកពី​មណ្ឌល​កំពង់ចាម ក៏​ជា​អ្នកចូលរួម​ក្នុង​សិក្ខាសាលា ដែល​ធ្វើឡើង​នៅ​ទីក្រុង​បាកក​នេះដែរ។ លោក​និយាយថា ប្រទេស​កម្ពុជា​នៅតែ​ប្រឈម​នឹង​ហានិភ័យ​ដែល​អាច​នាំ​ឲ្យ​ប្រទេស​នេះ​ធ្លាក់ចូល​ទៅក្នុង​ស្ថានភាព​ហិង្សា ដោយសារតែ​មេដឹកនាំ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នៅ​និយម​ប្រើ​សារ​គំរាម​ផ្នែក​នយោបាយ​បែប​ហិង្សា ហើយ​អំពើហិង្សា​នេះ​បាន​កើតមានឡើង​ផងដែរ​ទៅលើ​សមាជិក​នៃ​រដ្ឋសភា​មកពី​គណបក្សជំទាស់។

«នេះ​ជា​ការណ៍​ពិត អ្វីដែល​យើង​បានឃើញ​ក្នុង​បទ​បង្ហាញ​ពី​អ្នកជំនាញ​ផ្នែក​ទប់ស្កាត់​អំពើ​ឃោរឃៅ និង​បទឧក្រិដ្ឋ​អំពើ​ឃោរឃៅ​ហ្នឹង យើង​ឃើញថា ប្រទេស​កម្ពុជា​យើង​មាន​លក្ខខណ្ឌ មាន​កត្តា​ជំរុញ (indicator) មួយចំនួន​គឺថា ដូចគ្នា​នឹង​អ្វី​គេ​បាន​រៀបរាប់​នៅក្នុង​សិក្ខាសាលា​នេះ។ អញ្ចឹង​ទាំងអស់​នេះហើយ ដែល​ធ្វើ​ឲ្យ​យើងទាំងអស់គ្នា​ត្រូវ​គិតថា បើ​សហគមន៍​អន្តរជាតិ​នៅតែ​មិន​ផ្តោត​ការយកចិត្តទុកដាក់​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​វិល​ត្រឡប់មក​តាមផ្លូវ ដែល​គេ​ហៅថា ការគោរព​សិទ្ធិមនុស្ស និង​គោលការណ៍​គ្រិះ​លទ្ធិប្រជាធិបតេយ្យ​ទេ យើង​អាច​រអិល​ធ្លាក់​ចេញពី​ផ្លូវ​ហ្នឹង ឆ្ពោះទៅរក​អំពើ​ឃោរឃៅ​នៅពេល​ខាងមុខឆាប់ៗហ្នឹង។  ជាពិសេស​យើង​ឃើញ​ហើយថ្មីៗនេះ គឺថា សម្តេចនាយក​រដ្ឋមន្ត្រី​តែងតែ​ប្រើប្រាស់​វោហា​ស័ព្ទ​ជា​សាធារណៈ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់គាត់​ថា បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត​នឹងមាន​សង្គ្រាម នោះ​ហើយ​ជា​ភាសា​ដែល​អាច​ឲ្យ​យើង​ព្រួយបារម្ភ​ថា មានការ​រុញច្រាន មានការ​លើកទឹកចិត្ត អាចធ្វើ​ឲ្យ​មាន​អំពើ​ឃោរឃៅ​កើតមាន​ជាថ្មី​ម្តងទៀត នៅក្នុង​សង្គម​កម្ពុជា​យើង»។

នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ជារឿយៗ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា បានប្រកាសថា កម្ពុជា​នឹង​ធ្លាក់​ចូលក្នុង​សង្គ្រាម​ជាថ្មីទៀត បើ​គណបក្ស​លោក​ឈប់​គ្រប់គ្រង​ប្រទេស។ កាលពី​ខែកញ្ញា​កន្លងទៅនេះ លោក​បាន​ថ្លែង​ពី​ការកើតមាន​សង្គ្រាម នៅពេលដែល​លោក​ធ្វើ​បទ​បង្ហាញ​ស្តីពី​ការពិនិត្យ​ផ្ទៀងផ្ទាត់​ផែនទី ដែល​បាន​ប្រើ​សម្រាប់​កំណត់​ខណ្ឌសីមា​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម។ លោក​ថ្លែងចំៗថា បើសិនជា​គណបក្សប្រឆាំង​ឡើងកាន់​អំណាច សង្គ្រាម​នឹង​ផ្ទុះឡើង ដោយ​លោក​រំឭក​ដល់​ជម្លោះព្រំដែន​កម្ពុជា​ថៃ​កាលពី​ឆ្នាំ២០០។

«យើង​ធ្លាប់​បានឃើញ​ប្រជា​ជនភៀសសឹក នៅ​តំបន់​ព្រះវិហារ ធ្លាប់​បានឃើញ​ប្រជា​ជនភៀសសឹក​នៅ​ឧ​ត្ត​រ​មានជ័យ​ទេ នេះហើយ​ជា​លទ្ធផល​នៃ​សង្គ្រាម ហើយ​នេះហើយ​ជា​លទ្ធផល​ដែល​វា​នឹង​មកដល់​នៅពេល គណបក្សប្រឆាំង​កាន់អំណាច។ វា​នឹង​មកដល់​នៅពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា​មិន​កាន់អំណាច​តទៅទៀត។ វា​ច្បាស់​ជា​មកដល់។  បក្ស​ដទៃ​កាន់អំណាច ច្បាស់​ណាស់​ថា សង្គ្រាម​វា​កើត»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ព្រមាន​ម្តង​ទៀតថា ប្រទេស​កម្ពុជា​អាច​នឹង​ជួប​សង្គ្រាម ដោយ​លោក​លើក​ហេតុផល​ពីរ​យ៉ាង គឺ​ទីមួយ​ក្រុម​បក្ស​ជំទាស់​យក​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ជាស​ត្រូវ ហើយ​ទី​ពីរ​គឺ​ក្រុម​បក្ស​ជំទាស់​យក​ប្រទេស​ក្បែរ​ខាង​ជាស​ត្រូវ។ ក៏ប៉ុន្តែ ការវាយប្រហារ​នេះ​ត្រូវ​គណបក្សជំទាស់​ចាត់ទុក​ថា ជាការ​គំរាមកំហែង និង​បង្ហាញ​ពី​ការភ័យខ្លាច​ចាញ់​ការបោះឆ្នោត។

ឯកសារ​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ការវិភាគ​ចំពោះ​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ សម្រាប់​ជា​ឧបករណ៍​បង្ការ​ការកើត​មាន​អំពើហិង្សា និង​បទ​ឧក្រិដ្ឋកម្ម​ឃោរឃៅ បាន​បញ្ជាក់ថា ការវាយប្រហារ​មិន​ឈប់ឈរ​ទៅលើ​សមាជិក ឬ​មេដឹកនាំ​ក្រុម​ជំទាស់ គឺ​ស្ថិតនៅក្នុង​កត្តា​ហានិភ័យ​មួយ ដែល​នាំ​ឲ្យ​កើតមាន​អំពើហិង្សា និង​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ។ ឯកសារ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការជំរុញ​ការអនុវត្ត​កាតព្វកិច្ច​ក្នុងការ​ទប់ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​លើ​មនុស្សជាតិ៕

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ



© រក្សាសិទ្ធិដោយ thmeythmey.com